ជាតិ
ព្រះមហាក្សត្រ
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា បុត្រចុងក្រោយរបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដែលគង់មានព្រះជន្ម
× ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារី បូង៉ា ជាព្រះរាជបុត្រីចុងក្រោយរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ដែលគង់មានព្រះជន្មមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន ព្រះអង្គមានព្រះជន្ម ៨៤ព្រះវស្សា។
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស បានសោយរាជ្យពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩២៧ ដល់ថ្ងៃដែលព្រះអង្គសោយទិវង្គតក្នុងព្រះជន្ម៦៥ព្រះវស្សា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅភ្នំបូកគោ ខេត្តកំពត។ តាមឯកសារ ព្រះអង្គមានសម្តេចព្រះអគ្គមហេសី មហាក្សត្រីយ៍ នរោត្តម កាញ្ចនវិម៉ាន់ នរលក្ខណ៍ទេវី ហើយមាន អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផាភួង និង អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ស៊ីសុដា ជាព្រះជាយា រួមទាំងអ្នកម្នាង១៦ព្រះអង្គទៀត។
សរុបជារួម ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស មានព្រះរាជឱរសចំនួន ២៧ព្រះអង្គ ក្នុងនោះព្រះរាជបុត្រ១៣ព្រះអង្គ និងព្រះរាជបុត្រី១៤ព្រះអង្គ។ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អតីតអនុប្រធានទី១ព្រឹទ្ធសភា និងជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ជាព្រះរាជបុត្រាចុងក្រោយដែលបានសុគតក្នុងព្រះជន្ម៨០វស្សា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រះមាតាព្រះអង្គគឺ ឃុនព្រះម្នាង បុប្ផានរល័ក្ខ យិន តាត។
បច្ចុប្បន្ន ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ នារីបូង៉ា ជាព្រះរាជបុត្រចុងក្រោយបង្អស់របស់ ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដោយមាតាព្រះអង្គគឺអ្នកម្នាង នារី ស៊ីសាម៉ន។ ព្រះអង្គម្ចាស់ក្សត្រីយ៍ បានប្រសូត្រកាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ១៩៣៥ នារាជធានីភ្នំពេញ។
យោងតាមទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ នារីបូង៉ា បាននាំក្រុមគ្រួសារចូលថ្វាយបង្គំគាល់ និងថ្វាយដង្វាយដល់ព្រះករុណា ព្រះមហាក្សត្រព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ។ ទទក មិនបានបញ្ជាក់ថា ព្រះអង្គ និងក្រុមគ្រួសារកំពុងរស់នៅប្រទេសណានោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com