អន្តរជាតិ
អាមេរិក​បញ្ជូន​ទ័ព​បន្ថែម​ទៅ​មជ្ឈិមបូព៌ា ក្រោយ​ស្ថានទូត​នៅ​អ៊ីរ៉ាក់​រង​ការបំផ្លាញ​
01, Jan 2020 , 2:09 pm        
រូបភាព
បាតុករអ៊ីរ៉ាក់បំផ្លាញផ្នែកខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាក់ដាដ។ រូបភាព AFP
បាតុករអ៊ីរ៉ាក់បំផ្លាញផ្នែកខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាក់ដាដ។ រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៣១ ខែធ្នូ ប្រកាសថា ខ្លួន​កំពុង​បញ្ជូន​បន្ថែម​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​ស្ថានទូត​របស់ខ្លួន​នៅ​អ៊ីរ៉ាក់​រង​ការបំផ្លាញ​ក្រោម​ស្នាដៃ​បាតុករ​អ៊ីរ៉ាក់​ដែល​មិន​សប្បាយ​ចិត្តនឹង​ការវាយប្រហារ​ផ្លូវការ​អាកាស​របស់​អាមេរិក​កាលពី​សប្ដាហ៍​មុន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចោទ​អ៊ីរ៉ង់​ថា នៅ​ពីក្រោយ​ការអុកឡុក​ស្ថាន​បេសកកម្ម​អាមេរិក ប៉ុន្តែ​ទីក្រុង​តេ​ហេ​រ៉ង់​បដិសេធ និង​ព្រមាន​វ៉ាស៊ីនតោន​កុំ​ដើរ​ចោទ​គេឯង​តែ​ផ្ដាស​។​

 
​នៅ​ថ្ងៃទី​៣១ ខែធ្នូ បាតុករ​អ៊ីរ៉ាក់​រាប់រយ​នាក់​បាន​សម្រុកចូល​តំបន់ Green Zone ក្នុង​រដ្ឋធានី​បា​ក់ដាដ ហើយ​រុល​ទៅកាន់​ស្ថានទូត​អាមេរិក ដោយបាន​បំផ្លាញ​សម្ភារ​ជាច្រើន​នៅ​បរិវេណ​ខាងក្រៅ​។ បាតុករ​ទាំងនោះ​ដែលមាន​អ្នកគាំទ្រ​ក្រុម​ជីវពល​របស់​អ៊ីរ៉ង់​ផង​នោះ ខឹងសម្បារ​នឹង​អាមេរិក​ដែល​បើក​ការវាយប្រហារ​ផ្លូវអាកាស​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ដែល​សម្លាប់​មនុស្ស​២៥​នាក់​កាលពី​សប្ដាហ៍​មុន ដោយ​ចាត់ទុកជា​ការបំពាន​អធិបតេយ្យ​អ៊ីរ៉ាក់​។  
 
​ដើម្បី​ការពារ​ស្ថានទូត អាមេរិក បាន​បញ្ជូន​កម្លាំង​ពិសេស​មួយក្រុមរ​បស់ទ័ព​ម៉ា​រី​ន​ទៅកាន់​ស្ថានទូត​របស់ខ្លួន​ភា្ល​មៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៣១ ខែធ្នូ​។ លោក អេ​ស្ពើ បន្តថា ទ័ព​អាមេរិក​៧៥០​ផ្សេងទៀត ក៏​កំពុងធ្វើដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា​ផងដែរ ហើយ​អាច​បញ្ជូនបន្ត​ទៅកាន់​អ៊ីរ៉ាក់​។ ដោយឡែក មន្ត្រី​អាមេរិក​ម្នាក់​និយាយថា ទ័ព​យ៉ាងហោចណាស់​បួន​ពាន់​នាក់​ទៀត នឹងត្រូវ​ពង្រាយ​នៅ​តំបន់​នេះ​។ 
 
​ការបញ្ជូន​ទ័ព​លើក​នេះ គឺជា​បង្កើន​កម្លាំង​ទ័ព​មួយលើកទៀត​របស់​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា ក្រោយ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។ អ្វីដែល​គេ​បារម្ភ​នោះ អ៊ីរ៉ាក់ អាចជា​ទីលានប្រយុទ្ធ​ថ្មី​រវាង​អាមេរិក និង​អ៊ីរ៉ង់​។ សព្វថ្ងៃ កងទ័ព​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ធ្វើ​ប្រតិបត្តិការ​ពេញ​ទឹកដី​អ៊ីរ៉ាក់ ខណៈ​នៅ​ផ្នែក​នយោបាយ​វិញ ចលនា​មាន​និន្នាការ​រក​ទីក្រុង​តេ​ហេ​រ៉ង់ ក៏​រីក​សាយភាយ​កាន់តែខ្លាំង​ផងដែរ​។​
 
​ក្រោយ​ហេតុការណ៍​នៅ​អ៊ីរ៉ាក់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រុញ​ការទទួលខុសត្រូវ​លើ​អ៊ីរ៉ង់ ហើយ​ព្រមាន​ថា បើ​មាន​ជនជាតិ​អាមេរិក​បាត់បង់​ជីវិត អ៊ីរ៉ង់ នឹងមិន​រួចខ្លួន​ឡើយ​។ នៅ​បណ្ដាញ​សង្គម Twitter លោក ត្រាំ រំពឹងថា អ៊ីរ៉ាក់ នឹង​បញ្ចេញ​ទ័ព​របស់ខ្លួន​ដើម្បី​ការពារ​ស្ថានទូត​អាមេរិក​។ មេដឹកនាំ​អ៊ីរ៉ាក់​ទាំង​នាយករដ្ឋមន្ត្រី ទាំង​ប្រ​ធា​ធិបតី​ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក សុទ្ធតែ​បាន​ធានា​ពី​សុវត្ថិភាព​បុគ្គលិក និង​អគារ​ស្ថានទូត​។ 
 
​ចំណែក​ទីក្រុង​តេ​ហេ​រ៉ង់ បាន​បដិសេធ​ការពាក់ព័ន្ធ​ការ​ហេតុការណ៍​អុកឡុក​ស្ថានទូត​អាមេរិក​នៅ​បា​ក់ដាដ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អ៊ីរ៉ង់ គ្មាន​ជាប់ទាក់ទង​នឹង​ហេតុការណ៍​នោះទេ ហើយ​អាមេរិក មិនត្រូវ​មានគំនិត​មិនល្អ​ណាមួយ​ដែរ ព្រោះ​អ៊ីរ៉ង់​នឹង​ឆ្លើយ​វិញ​មិន​ខាន​។ មន្ត្រី​ដដែល​ក៏​ណែនាំ​អាមេរិក​ឲ្យ​គិតគូរ​ពី​គោលនយោបាយ​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា​ឡើងវិញ​ផងដែរ​។ 

Tag:
 អាមេរិក​
  មជ្ឈិមបូព៌ា​
  អ៊ីរ៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com