ជាតិ
សេដ្ឋកិច្ច
តើ​មាន​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​អ្វីខ្លះ កើតឡើង​ក្នុង​ឆ្នាំ​២០១៩?
01, Jan 2020 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា នៅតែ​រក្សា​កំណើន​រឹងមាំ គឺ​ក្នុង​អត្រា ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ បើទោះបីជា​ថយចុះ​ខ្លះ​បើ​ធៀប​នឹង​៧,៥​ភាគរយ​នៅ​ឆ្នាំ​២០១៨​។   ការនាំចេញ ពិសេស​ផលិតផល​កាត់ដេរ សកម្មភាព​សំណង់ និង​សេវាកម្ម នៅតែ​ជា​កត្តា​លី​ករ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ក្រៅពី​កាត់ដេរ កម្ពុជា​កំពុង​ទទួល​ការវិនិយោគ​ច្រើនឡើង​ក្នុង​វិស័យ​ក្រៅពី​កាត់ដេរ ពោលគឺ​ផ្នែក​គ្រឿងបន្លាស់ គ្រឿង​បង្គុំ​អេឡិចត្រូនិក​ជាដើម​។ តែ​សញ្ញា​មិនល្អ​មួយចំនួន​ក៏​ជា​បញ្ហា​ប្រឈម​ដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ដូចជា ការធ្លាក់ចុះ​តម្រូវការ​សកល ដែល​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​, ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ចិន​ដែលជា​អ្នក​ដាក់ទុន​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​, លទ្ធភាព​ដក​ការអនុគ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប ព្រមទាំង​ហានិភ័យ​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​។


 
​សារព័ត៌មាន​ថ្មីៗ បាន​សរុប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ដូចខាងក្រោម​នេះ​៖
 
​សហភាព​អឺរ៉ុប​(EU) នៅ​ខែមករា  ចាប់ផ្ដើម​ដាក់​ពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា សម្រាប់​រយៈពេល​៣​ឆ្នាំ​។ ការយកពន្ធ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ ដែល​ពួកគេ​ចោតថា​អង្ករ​កម្ពុជា​និង​មី​យ៉ាន់​ម៉ា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​អង្ករ​ប្រជាជន​ខ្លួន​។ តួលេខ​ឆ្នាំ​២០១៨ សហគមន៍​អឺរ៉ុប​កាន់កាប់​ចំណែក​ទីផ្សារ​ជាង​៤០​ភាគរយ​ឯណោះ​នៃ​ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុ​ជា​។ 
 
​ចូលដល់​ខែកុម្ភៈ កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​មិន​យកពន្ធ​លើ​ការនាំ​ទំនិញ​នាំចេញ​នាំចូល រវាង​ប្រទេស​ទាំងពីរ​។ ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​ដល់​អត្រា ០​ភាគរយ សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធគយ រួមជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣,០០០​តោន​សម្រាប់​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ ។ រីឯ​ភាគី​កម្ពុជា​បានផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា ០​ភាគរយ​ដូចគ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦​បន្ទាត់​ពន្ធគយ​។​
 
​ក្រឡេក​មក​មើល​ព្រឹត្តិការណ៍​មួយទៀត គឺ​នៅ​ខែមីនា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ដែលមាន​ការជជែក​ពិភាក្សាគ្នា​យ៉ាង​ទូលំទូលាយ​ពី​តំណាង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អ្នកសិក្សា​ស្រាវជ្រាវ និង​វិស័យ​ឯកជន ទៅលើ​«​គោលនយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​»​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាងថា កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម​លូតលាស់​សេដ្ឋកិច្ច​ឌីជីថល ហើយ​ត្រូវការ​រយៈពេល​៥​ឆ្នាំ ដើម្បី​បង្កើត​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ និង ៥​ទៅ​១០​ឆ្នាំ ឬ​ច្រើនជាង​នេះ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​។​
 
​ក្នុង​ខែមីនា​នេះដែរ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ តម្លៃ​២​ពាន់​លាន​ដុល្លារ ត្រូវ​បើក​ការដ្ឋាន​សាងសង់ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២២​។ នេះ​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា ហើយ​គម្រោង​នេះ​ត្រូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ក្នុង​ទម្រង់​សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ​ជូន​រដ្ឋាភិបាល (BOT) ។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ដើមឆ្នាំ​២០១៩ គឺ​រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​របស់​វិស័យ​ឯកជន ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ និង​ទប់ទល់​ស្ថានភាព​នៃ​ការមិន​ផ្ដល់​អនុគ្រោះ​ពន្ធ​របស់​បរទេស​។ រដ្ឋាភិបាល​បាន​ដក​តួនាទី​កាំកុងត្រូល​ពី​ច្រក​នាំចេញ​ទំនិញ​នានា​, លុបចោល​ភ្នាក់ងារ​នាំ​នាវា​ចូល​ផែ​កាំសាប​, លុបចោល​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ (CO) សម្រាប់​ប្រទេស​ដែល​មិនមាន​តម្រូវការ CO, បញ្ចុះ​ថ្លៃ​កម្រៃ​សេវា​របស់​កំពង់ផែ​។ ប្រមុខ​រដ្ឋាភិបាល​ប៉ាន់​ស្មានថា​កំណែទម្រង់​ទាំងនេះ​នឹងធ្វើ​ឲ្យ​វិស័យ​ឯកជន​ចំណេញ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ 
 
​ទាក់ទង​នឹង​បរិយាកាស​ធុរកិច្ច​នេះដែរ  កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ក្នុង​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​នៅ​ខែតុលា​ឆ្នាំ​២០១៩ សម្រាប់​ការវាយតម្លៃ​នៅ​ឆ្នាំ​២០២០ ។ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៤៤ ក្នុងចំណោម​ប្រទេស​១៩០ ។ របាយការណ៍​មុន សម្រាប់​ការវាយតម្លៃ​ឆ្នាំ​២០១៩ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ១៣៨ ។​
 
​នៅ​ខែមេសា កម្ពុជា និង​ភាគី​ចិន បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា លើ​ការនាំចេញ​អង្ករ​៤០​ម៉ឺន​តោន​(​កូតា​ចាស់ ៣០​ម៉ឺន​តោន​) ទៅ​ទីផ្សារ​ចិន ដែល​ត្រូវអនុវត្ត​ចាប់ពី​ខែសីហា​ឆ្នាំ​២០១៩​ដល់​ដំណាច់ឆ្នាំ​២០២០​។ ជាមួយគ្នានេះ​នៅ​ចុងឆ្នាំ​២០១៩ ភាគី​ចិន​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​១៨​ទៀត​ដែល​សរុប​គឺ​ក្រុមហ៊ុន​៤៤ មាន​សិទ្ធិ​នាំ​អង្ករ​ទៅ​ចិន ដែល​ត្រូវបាន​គេ​រំពឹងថា​ចំនួន​អ្នក​នាំចេញ​កាន់តែច្រើន នឹងធ្វើ​ឲ្យ​សម្រេច​កូតា​៤០​ម៉ឺន​តោន​នេះ ដោយ​កន្លងមក​កម្ពុជា​ទទួលបាន​កូតា​ច្រើន​ពី​ចិន​មែន តែ​បំពេញ​មិនបាន​។​
 
​នៅ​បន្ត​រឿង​កសិកម្ម​នេះដែរ កម្ពុជា នៅ​ខែឧសភា បានចាប់ផ្ដើម​នាំចេញ​ចេកអំបូង​លឿង​ដោយផ្ទាល់​នៅ​ប្រទេស​ចិន ដែល​រំពឹងថា​នឹងមាន​ទំហំ​ដល់​ជាង​១០​ម៉ឺន​តោន​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ រដ្ឋាភិបាល​កំពុង​ព​ន្លឿ​ន​ឲ្យ​ភាគី​ចិន​ពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​លើ​ផលិតផល​ផ្សេងទៀត​ដូចជា ស្វាយ ម្រេច ទឹកមាត់​ត្រចៀកកាំ ផ្លែ​មៀន ដើម្បី​អាច​នាំ​ចូលទៅ​ទីផ្សារ​ប្រទេសមួយ​នេះ​។​
 
​រដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ នៅ​ខែសីហា បាន​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ពី​២៨​ថ្ងៃ មក​ត្រឹម​២២​ថ្ងៃ ដោយ​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០២០​។ ការបន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ត្អូញត្អែរ​របស់​វិស័យ​ឯកជន ដែល​ចង់​ឲ្យ​ផលិតកម្ម​នៅ​កម្ពុជា​ត្រូវបាន​បង្កើន​ជាង​មុន និង​ដើម្បី​បន្ថែម​ភាព​ប្រកួតប្រជែង​។​
 
​រោងចក្រ​ស៊ីម៉ងត៍ តម្លៃ​១១០​លាន​ដុល្លារ និង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ជិត​១​លាន​តោន​ក្នុង​មួយឆ្នាំ​របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង ត្រូវបាន​សម្ពោធ​នៅ​ខេត្តកំពត នៅ​ខែវិច្ឆិកា​។ នេះ​ជា​រោងចក្រ​ស៊ីម៉ងត៍​ទី​៥​នៅ​កម្ពុជា ដែល​អាច​ផលិត​ស៊ីម៉ងត៍​សរុប​ប្រមាណ ៨​លាន​តោន​ក្នុង​មួយឆ្នាំ​។ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧-២០១៨ ការ​ផ្គត់​ផ្គត់​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រេចបាន​តាម​តម្រូវការ តែ​ក្នុង​ឆ្នាំ​២០១៨-២០១៩ មានការ​នាំចូល​តិចតួច​ដើម្បី​បង្គ្រប់​តម្រូវការ ដោយសារ​កំណើន​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ហើយ​ច្បាប់​នេះ​នឹងត្រូវ​អនុវត្ត​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​៦​ខែ និង​២០ បន្ទាប់ពី​ប្រកាស​ឲ្យ​ប្រើ​។ ច្បាប់​នេះ មាន​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា និង​ឆ្លង​ប្រទេស​។ មាត្រា​១​ចែង​ទៀតថា ច្បាប់​នេះ​មាន​គោលបំណង​បង្កើត​ភាពប្រាកដប្រជា​ផ្នែគ​តិ​យុត្ត​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​រដ្ឋប្បវេណី តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ជាមួយគ្នានេះ​ព្រះមហាក្សត្រ​ក៏បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​ច្បាប់​នេះ​មាន​គោលបំណង​ធានា​ឲ្យ​មាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។​
 
​នៅ​ដើមខែ​ធ្នូ កម្ពុជា​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ចិន ដើម្បី​ឈានដល់​លទ្ធភាព​បង្កើត​កិច្ច​ព្រម​ព្រម​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ បាន​លើកឡើងថា FTA នេះ នឹងធ្វើ​ឲ្យ​កម្ពុជា​ទាញ​ប្រយោជន៍​បាន​ច្រើន ពិសេស​ពង្រីក​ការនាំចេញ​ផលិតផល​កសិកម្ម ទៅ​ទីផ្សារ​ប្រទេស​ដែលមាន​ប្រជាជន​១,៤​លាន​នាក់​មួយ​នេះ​។ កម្ពុជា​ក៏​កំពុង​សិក្សា​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​ទៅលើ​កិច្ចព្រមព្រៀង​ប្រភេទ​នេះ​។​
 
​នៅ​ខែធ្នូ​នេះដែរ រដ្ឋាភិបាល​តម្លា​ក់ថ​វិកា​៥០​លាន​ដុល្លារ ដើម្បី​ប្រែក្លាយ​ធនាគារ​នេះ​ទៅជា​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែលជា​ធនាគារពាណិជ្ជ​។ ទុន​៥០​លាន​ដុល្លារ ត្រូវយក​ទៅប្រើ​សម្រាប់​ផ្ដល់​ឥណទាន​ដល់​វិស័យ​កសិកម្ម ជាពិសេស​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ការប្រមូល​ទិញស្រូវ​ពី​កសិករ​។ ការបញ្ចេញ​ទុន​នេះ​គឺ​ស្រប​នឹង​ការ​អំពាវ​របស់​អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​ដែល​អះអាងថា​វិស័យនេះ​ត្រូវ​ទុន​ដល់​ទៅ​២០០​លាន​ដុល្លារ​សម្រាប់​ប្រមូល​ទិញស្រូវ​ពី​កសិករ​ក្នុងការ​ប្រមូល​ក្នុង​ខែធ្នូ​និង​មករា​។  លោក កៅ ថាច អគ្គនាយក​ធនាគារ​រ​ដ្ឋ​មួយ​នេះ ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៩ ធនាគារ​នេះ​បាន​បញ្ចេញ​ឥណទាន​នៃ​ថវិកា​ពិសេស​របស់​រដ្ឋា​ភិ​បាល​៥០​លាន​ដុល្លារ​ចំនួន​២​ដង​រួចមកហើយ​។ បើ​បូក​ទាំង​កញ្ចប់​៥០​លាន​ដុល្លារ​ថ្មី​នេះ​ទៀត គឺ​សរុប​១៥០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​។​
 
​នៅ​ចុងខែ​ធ្នូ ផ្សារ​ដារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែលជា​ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​សម្ពោធ​ឲ្យ​ដំណើរការ ដែល​រំពឹងថា​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ថែមទៀត ខណៈ​បច្ចុប្បន្ន​ភាគី​ទាំងពីរ​បាន​ឈានដល់​ការដោះដូរ​ទំនិញ​សរុប​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​ទៅហើយ​។ ថ្ងៃ​សម្ពោធ​ផ្សារ​មួយ​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​បង្កើត​ផ្សារ​ព្រំដែន​២​ទៀត​នៅ​ខេត្តស្វាយរៀង និង​កំពត ព្រមទាំង​ឲ្យ​ពិនិត្យ​លទ្ធភាព​បង្កើត​ផ្សារ​នៅជាប់​ព្រំដែន​ថៃ​ផងដែរ​៕

Tag:
 សរុប​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com