ជាតិ
សង្គមជាតិ
លោក គួច ចំរើន៖ ល្បែងអនឡាញតាមកាស៊ីណូទាំង៧៣ នៅព្រះសីហនុ ត្រូវបិទទាំងអស់
× ភ្នំពេញ៖ ល្បែងអនឡាញ ក្នុងកាស៊ីណូទាំង៧៣កន្លែង នៅខេត្តព្រះសីហនុ ត្រូវបានបិទទាំងស្រុង ត្រឹមថ្ងៃទី១ មករា ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរ នឹងចុះពិនិត្យនៅតាមទីតាំងកាស៊ីណូ ដើម្បីតាមដានបន្ត។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី១ ខែមករា។
លោក គួច ចំរើន បញ្ជាក់ដូច្នេះថា៖«នៅខេត្តព្រះសីហនុមានកាស៊ី៧៣កន្លែង ហើយនៅរយៈពេលមុននេះ ម្ចាស់កាស៊ីណូសម្រេចបិទល្បែងអនឡាញដោយខ្លួនឯង២៧កន្លែង នៅសល់ជាង៣០កន្លែងទៀត គឺគេបានចូលរួមប្រជុំណែនាំ ហើយម្ចាស់កាស៊ីណូក៏ប្រជុំនៅរាជធានីភ្នំពេញ ជាមួយអគ្គស្នងការនគរបាលជាតិ រួមទាំងចេញលិខិតជូនដំណឹងផងដែរ។ មកដល់ថ្ងៃនេះ ម្ចាស់កាស៊ីណូទាំងអស់ បានបិទល្បែងអនឡាញតាមពេលកំណត់ហើយ»។ លោក បន្តថា នៅថ្ងៃទី១ ខែមករានេះ កម្លាំងសមត្ថកិច្ច ចាប់ផ្តើមចុះត្រួតពិនិត្យលើករណីនេះបន្ថែមនៅតាមកាស៊ីណូ។
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់សារព័ត៌មានថ្មីៗថា នៅអំឡុងពេលចុងក្រោយនៃការបិទល្បែងអនឡាញតាមកាស៊ីណូនេះ មានជនជាតិចិនពី៣០ទៅ៤០ ភាគរយបានចាកចេញពីកម្ពុជា តែជាមួយគ្នានេះ ក៏មានជនជាតិចិនចូលមកកម្ពុជាវិញ ប្រហាក់ប្រហែលគ្នាដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ដែលគ្មានអាជ្ញាប័ណ្ណ និងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទ។ សារាចរណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដូច្នេះថា៖«ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុងនិង ក្រៅប្រទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម»។
ក្រោយពីរដ្ឋាភិបាលកម្ពុជា ចេញវិធានការតឹងរឹងក្នុងការបិទ និងបង្ក្រាបកាស៊ីណូអនឡាញនេះ វាបានធ្វើឱ្យជនជាតិចិនចាកចេញពីកម្ពុជា ជាបន្តបន្ទាប់ ។ ក្នុងនោះមានជនជាតិចិនប្រហែល៦ពាន់នាក់ចាកចេញ ខណៈជនជាតិ៥ពាន់នាក់មកកាន់កម្ពុជា។
បើគិតចាប់តាំងពីឆ្នាំ២០១៤ មកដល់ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជា បានបណ្ដេញជនល្មើសជនជាតិចិនប្រមាណ ២,៧០០នាក់ ចេញពីកម្ពុជា៕
Tag:
គួច ចំរើន
ល្បែងអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com