អន្តរជាតិ
សភា​តៃវ៉ាន់ អនុម័ត​សំណើ​ច្បាប់​ប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​
01, Jan 2020 , 3:39 pm        
រូបភាព
រូបភាព៖ EPA-EFE
រូបភាព៖ EPA-EFE
​សភា​តៃវ៉ាន់ នៅ​ថ្ងៃទី ៣១ ខែធ្នូ បានសម្រេច​អនុម័ត​សំណើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន ខណៈពេល​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ជិត​មកដល់​។ ការអនុម័ត​សំណើ​ច្បាប់​មួយ​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តៃប៉ិ កាន់តែ​យ៉ាប់យ៉ឺន​។​


 
​សំណើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ធ្វើឡើង​ក្នុង​គោលបំណង​ប្រឆាំងនឹង​ឥទ្ធិពល​នយោបាយ​ចិន ដែល​បាន​ហូរ​ចូលមក​តាមរយៈ​ការផ្តល់​មូលនិធិ​នយោបាយ​ខុសច្បាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិធី​សម្ងាត់​ផ្សេងៗ​ជាច្រើន​ទៀត​។ តាមរយៈ​ការអនុម័ត​សំណើ​ច្បាប់​មួយ​នេះ មានតែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) របស់​តៃវ៉ាន់​តែប៉ុណ្ណោះ ដែល​ចូលរួម ចំណែក​សមាជិក​បក្ស​គូ​មិញ​តាង​វិញ មិន​ចូលរួម​ការបោះឆ្នោត​នេះ​ទេ​។ ក្នុងការ​អនុម័ត​សំណើ​ច្បាប់​លើក​នេះ គឺមាន​ការគាំទ្រ​ចំនួន ៦៧​សំឡេង និង​សំឡេង​ប្រឆាំង សូន្យ​។ 
 
​ថ្លែងប្រាប់​សមាជិកសភា​បន្ទាប់ពី​សំណើ​ច្បាប់​ត្រូវបាន​អនុម័ត​រួច លោក Chen Ou-po សមាជិក​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន បាន​បញ្ជាក់ថា ការកើនឡើង​ឥទ្ធិពល​របស់​ចិន គឺ​គំរាមកំហែង​ប្រទេស​ទាំងអស់ ហើយ​តៃវ៉ាន់​គឺជា​គោលដៅ គំរាមកំហែង​ដ៏​ធំ​។ ដោយសារតែ​ខ្លួន​ត្រូវ​ប្រឈមមុខ​នឹង​ចិន តៃវ៉ាន់ ត្រូវតែ​អនុម័ត​សំណើ​ច្បាប់​មួយ​នេះ ឲ្យ​កាន់តែ​ឆាប់​ទើប​ល្អ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។ 
 
​ជុំវិញ​បញ្ហា​នេះ បក្ស​គូ​មិញ​តាង បាន​លើកឡើងថា ខ្លួន​ការពារ​តៃវ៉ាន់​ពី​ការគំរាមកំហែង​ផ្សេងៗ​ពី​សំណាក់​ចិន ប៉ុន្តែ​ការអនុម័ត​សំណើ​ច្បាប់​មួយ​នេះ បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គ្រាន់តែ​ចង់​កេងចំណេញ​នយោបាយ និង​សម្លេងគាំទ្រ ក្នុងការ​បោះឆ្នោត​ក្នុង​ពេលខាងមុខ​តែប៉ុណ្ណោះ​។ 
 
​បន្ទាប់ពី​សភា​តៃវ៉ាន់​អនុម័ត​រួចហើយ សំណើ​ច្បាប់​មួយ​នេះ​នឹងត្រូវ​បញ្ជូនទៅ​លើ​តុ​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai In-wen​។ បើសិន​គ្មាន​ការប្រែប្រួល​ទេ បន្ទាប់ពី​ប្រធានាធិបតី​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​មួយ​នេះ វា​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ខែមករា ឆ្នាំ​២០២០​នេះ ៕

Tag:
 ​តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com