អន្តរជាតិ
មេធាវី​អតីត CEO ក្រុមហ៊ុន Nissan ភ្ញាក់ផ្អើល​ក្រោយ​កូនក្តី​រត់​ចេញពី​ជប៉ុន​ទៅ​លី​បង់​
01, Jan 2020 , 8:39 pm        
រូបភាព
អតីតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Nissan លោក Carlos Ghosn (Reuters)
អតីតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Nissan លោក Carlos Ghosn (Reuters)
ដោយ:
​មេធាវី​ម្នាក់​របស់​អតីត​នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន​រថយន្ត Nissan លោក Carlos Ghosn បញ្ជាក់ថា លោក​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ទទួលដំណឹង​ថា កូនក្តី​លោក បាន​ភៀសខ្លួន​ទៅដល់​ប្រទេស​លី​បង់ បន្ទាប់​ទទួល​ការអនុញ្ញាត​ឲ្យ​ក្រៅ​ឃុំ​ក្នុងប្រទេស​ជប៉ុន ។ ទាក់ទិន​នឹង​រឿងនេះ លោក Ghosn បាន​អះអាងថា លោក​មិនបាន​រត់គេច​ពី​ការប្រឈមមុខ​នឹង​យុត្តិធម៌​ឡើយ ក៏ប៉ុន្តែ​លោក​រត់គេច​ពី «​ការកាត់ទោស​ផ្នែក​នយោបាយ​»​។​

 
​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អង្គារ ៣១ ធ្នូ ឆ្នាំ ២០១៩ លោក Junichiro Hironaka ដែលជា​ប្រធាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក Ghosn បញ្ជាក់ថា លោក​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ដំណឹង​អំពី​ការរត់​ភៀសខ្លួន​របស់​កូនក្តី​លោក​។ លោក សង្កត់ធ្ងន់ថា លោក​មិនដឹងថា លោក​អាចទាក់ទង​លោក Ghosn បាន​ឬ​អត់​ទេ​។ យ៉ាងណាមិញ លោក បន្ថែមថា ក្រុម​លោក នៅតែ​កាន់កាប់​លិខិតឆ្លងដែន​របស់លោក Ghosn ដដែល​។​
 
​លោក Ghosn ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ខែមេសា ឆ្នាំ​២០១៩ ដោយ​បង់លុយ​ចំនួន ៩ លាន​ដុល្លារ ជាមួយនឹង​លក្ខខណ្ឌ​តឹងរ៉ឹង​មួយ​។ នោះ​គឺ​ហាមឃាត់​លោក​ពី​ការធ្វើដំណើរ​ទៅ​បរទេស​។ មែនទែន គេ​នៅតែ​មិនទាន់​ច្បាស់​ថា អតីត CEO រូបនេះ អាច​ចាក​ចេញពី​ប្រទេស​ជប៉ុន​ដោយ​របៀប​ណា​ឡើយ​។ ក៏ប៉ុន្តែ គេ​សង្ស័យថា លោក​អាចមាន​លិខិតឆ្លងដែន​ចម្លង ដ្បិត​អ្នកជំនួញ​ខ្លះ ច្រើនតែ​ធ្វើបែបនេះ​។ សារព័ត៌មាន​ក្នុងស្រុក​លី​បង់ បាន​ចុះផ្សាយ​ថា លោក Ghosn បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ជប៉ុន​ដោយ​ប្រើប្រាស់​យន្តហោះ​ឯកជន​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ថ្ងៃ​អង្គារ អតីត CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Nissan របស់​ជប៉ុន ដែល​រង់ចាំ​ឡើង​សវនាការ​ក្នុង​បទ​ចោទ​ធ្វើ​ឲ្យ​បាត់បង់​ហិរញ្ញវត្ថុ (Financial misconduct) បាន​បញ្ជាក់ថា លោក​ពិតជា​បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន​មែន​។ ទាក់ទិន​នឹង​ការចាកចេញ​នេះ លោក បាន​អះអាងថា លោក នឹង​លែង​ង​ក្លាយជា​ចំណាប់ខ្មាំង​របស់​ប្រព័ន្ធយុត្តិធម៌​ជប៉ុន​ដែល​ក្លែងក្លាយ ទី​ដែល​ទោសកំហុស​ត្រូវបាន​រៀបចំ​ឡើង ហើយ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ត្រូវបាន​គេ​ទាត់ចោល​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា លោក​ពុំ​រត់គេច​ពី​ការប្រឈមមុខ​នឹង​យុត្តិធម៌​ឡើយ ក៏ប៉ុន្តែ​លោក​គេច​ពី «​ការកាត់ទោស​ផ្នែក​នយោបាយ​»​។ 
 
​សូមបញ្ជាក់ថា បុរស​វ័យ ៦៥ ឆ្នាំនេះ គឺជា​បុគ្គល​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​ឧស្សាហកម្ម​រថយន្ត​សាកល​។ យ៉ាងណាមិញ លោក​បាន​បាត់បង់​អំណាច​នេះ នៅពេលដែល​លោក​ត្រូវបាន​ចាប់​ឃាត់ខ្លួន ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង តូ​ក្យូ ។  ក្រោយ​ចាប់ខ្លួន លោក បាន​ចំណាយពេល ១០៨ ថ្ងៃ ក្នុង​មន្ទីរឃុំឃាំង​។ ៣ ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការចាប់ខ្លួន​របស់លោក ក្រុមហ៊ុន​រថយន្ត Nissan បានសម្រេច​ដកហូត​តំណែង​លោក​។​
 
​លោក Carlos Ghosn ត្រូវបាន​ចោទប្រកាន់ថា លោក​បាន​បរាជ័យ​ក្នុង​ការផ្តល់​របាយការណ៍​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ប្រាក់​បៀរ​វត្ស​របស់លោក ហើយ​បាន​បង្វែរ​ប្រាក់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ ​ដើម្បី​រ៉ាប់រង​ការខាតបង់​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​។ ទន្ទឹមនេះ លោក ក៏​ត្រូវបាន​ចោទប្រកាន់ថា បាន​ផ្ទេរប្រាក់​របស់​ក្រុមហ៊ុន Nissan ទៅ​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​មួយ​ក្នុងប្រទេស  អូ​ម៉​ង់ ហើយ​បាន​កេងប្រវ័ញ្ច​លុយ ៥​លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផងដែរ​។ ទោះជា​បែបនេះ​ក្តី លោក Ghosn បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់​៕ 

Tag:
 ជប៉ុន​
  Nissan
  Carlos Ghosn
© រក្សាសិទ្ធិដោយ thmeythmey.com