ជាតិ
របាយការណ៍​៖ កម្ពុជា​នាំចេញ​ស្រូវ​ក្រៅផ្លូវការ​ជាង​២​លាន​តោន​ទៅ​វៀតណាម
02, Jan 2020 , 7:59 am        
រូបភាព
ប្រភព៖  សហព័ន្ធស្រូវអង្ករកម្ពុជា ។
ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា ។
ភ្នំពេញ​៖  កម្ពុជា​នាំចេញ​ស្រូវ​ក្រៅផ្លូវការ បាន​រហូតដល់​២,១៥៥,១០២ នៅ​ឆ្នាំ​២០១៩​។ បើ​យោងតាម​លទ្ធផល​នៃ​ការនាំចេញ​កសិផល​ឆ្នាំ​ប្រចាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បរិមាណ​នាំចេញ​ស្រូវ​ក្រៅផ្លូវការ​នេះ គឺ​ច្រើនជាង​ពាក់កណ្តាល​នៃ​ការនាំចេញ​អង្ករ​ផ្លូវការ បាន​ចំនួន​៦២០,១០៦​តោន ស្មើនឹង​ស្រូវ​ប្រមាណ​១​លាន​តោន​ប៉ុណ្ណោះ​។​

 
​ទីផ្សារ​តែមួយគត់ ដែល​កម្ពុជា​នាំ​ស្រូវ​ក្រៅផ្លូវការ​នោះ គឺ​ប្រទេស​វៀតណាម ដោយមាន​ខេត្ត​ចំនួន​៥ ជា​អ្នក​ផលិត​នាំចេញ​។ ក្នុងនោះ​មាន ខេត្តព្រៃវែង នាំចេញ​បាន​ជាង​១​លាន​តោន​, តាកែវ ជិត​៥៩​ម៉ឺន​តោន​, ស្វាយរៀង ជាង​៣៣​ម៉ឺន​តោន​, កណ្តាល ជាង​៨,៦​ម៉ឺន​តោន និង​ខេត្តកំពត មាន​ជាង​៦​ម៉ឺន​តោន​។ 
 
​ដោយឡែក ការនាំចេញ​អង្ករ​ជា​ផ្លូវការ ដែលមាន​ជាង​៦០​ម៉ឺន​តោន​វិញ កម្ពុជា​បាន​នាំទៅ​ប្រទេស​ចិន ចំនួន ២៤៨ ១០៥​តោន​, តំបន់​អឺរ៉ុប ២០២ ៩៩០​តោន​, តំបន់​អាស៊ាន ៨៣ ១៦៤​តោន និង​ប្រទេស​ផ្សេងៗ​ទៀត មាន​៨៥ ៨៤៧​តោន​។ នេះ​បើ​របាយការណ៍​លទ្ធផល​នៃ​ការនាំចេញ​កសិផល ដែល របស់​ក្រសួងកសិកម្ម​។ 
 
​សូមជម្រាបថា អង្ករ ឬ​ស្រូវ ដែល​កម្ពុជា​នាំចេញ​ជា​ផ្លូវការ គឺជា​ប្រភេទ​អង្ករ​ក្រអូប​ចម្រុះ ដូចជា អង្ករ​នាង​ម្លិ​ស​, អង្ករ​ផ្ការំដួល​, អង្ករ​សូ​ម៉ាលី និង​អង្ករ​ប្រណិត​ផ្សេងៗ ជាដើម​។ រីឯ​ស្រូវ កម្ពុជា​នាំចេញ​ក្រៅផ្លូវការ​ទៅ​វៀតណាម​នោះ  ភាគច្រើន​គឺជា​ប្រភេទ​ស្រូវ អ៊ី​អ៊ែរ និង​ស្រូវ​៦៦៕ 

Tag:
 ដំណាំ​
  កសិផល​
© រក្សាសិទ្ធិដោយ thmeythmey.com