ជាតិ
រមណីយដ្ឋាន​អង្គរវត្ត រកចំណូលបាន​ជិត​១០០​លាន​ដុល្លារ ធ្លាក់ចុះ​ជិត​១៥​ភាគរយ ឆ្នាំ​២០១៩
01, Jan 2020 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរបរទេស ចេញពីការទស្សនា ជុំវិញប្រាសាទអង្គរវត្ត។ រូបថត៖ ហុង វ៉ាន់ឌី
ភ្ញៀវទេសចរបរទេស ចេញពីការទស្សនា ជុំវិញប្រាសាទអង្គរវត្ត។ រូបថត៖ ហុង វ៉ាន់ឌី
​សៀមរាប​៖ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន ៩៩,០៨៨,៨៩៤​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង​២,២​លាន​នាក់ ដែល​បានមក​ទស្សនា​តំបន់​អង្គរវត្ត នៅ​ឆ្នាំ​២០១៩ កន្លងមកនេះ  ។ ប្រាក់ចំណូល​នេះ ថយចុះ ១៤,៨៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​ថ្ងៃទី ១​មករា ឆ្នាំ​២០២០​។​


 
អត្ថបទទាក់ទង
​ដោយឡែក​បើ​គិតតែ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩​វិញ រមណីយដ្ឋាន​អង្គរវត្ត​ទទួល​ចំណូល​ពី​ការលក់​សំបុត្រ​ចំនួន ៩,៥៣៣,៤២០​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ចំនួន ចំនួន ២០៨,៤៣០​នាក់​។  ចំនួន​ភ្ញៀវទេសចរ​បរទេស​ប្រចាំ​ខែធ្នូ​នោះ  ធ្លាក់ចុះ​ដល់​ទៅ​ជាង​២១​ភាគរយ បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨​។​
 
​យោងតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​កន្លងមក  ភ្ញៀវទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរវត្ត បាន​ធ្លាក់ចុះ តាំងពី​ខែមិថុនា ឆ្នាំ​២០១៩​មក​ម្លេះ​។ ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ រហូតដល់​បច្ចុប្បន្ននេះ គឺ​ដោយសារ តែ​ក្រុមហ៊ុន​ដែល​លក់​កញ្ចប់ Zero Cost tour ជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍ ព្រោះថា​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុងតម្លៃ​ទាប​ឬ​មិន​ចំណេញ​តែម្ដង តែ​ពួកគេ​រកស៊ី​នៅតាម​ហាង​វត្ថុ​អនុស្សាវរីយ៍ អាហា​រដ្ឋា​ន ឬ​សណ្ឋាគារ​ជាដើម​ដែល​លក់​ក្នុងតម្លៃ​ខ្ពស់​។ នេះ​ជាការ​លើកឡើង​របស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង ពិធី​បិទ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១១ កក្កដា​។​
 
​លោក បញ្ជាក់ថា ការធ្លាក់ចុះ​ចំនួន​ទេសចរណ៍​នេះ មាន​អ្នកខ្លះ​បន្ទោស​ថា​តម្លៃ​សំបុត្រ​ឡើងថ្លៃ តែ​តាមពិត​មិន​ដូច្នោះ​ទេ គឺជា​មួយកញ្ចប់ Zero Cost tour នេះ​ទេ ដែល​ធ្វើឱ្យ​ទេសចរ​មានបទពិសោធន៍ ហើយ​លែង​ចង់​មក​ម្ដងទៀត​។ ក្រៅពី​ករណី Zero Cost tour នេះ លោក ថោង ខុន ក៏​ចាប់​លើកឡើង​ពី​ការប្ដូរ​ទិសដៅ​របស់​ទេសចរ​ជន​ជាតិ​កូរ៉េ​ផងដែរ​។ លោក​រដ្ឋមន្ត្រី​ពន្យល់ថា ភ្ញៀវទេសចរ​កូរ៉េ​ដែល​ធ្លាប់​ឈរ​នៅ​កំពូល​នៃ​ចំនួន​ទេសចរ​មក​កម្សាន្ត​កម្ពុជា បាន​ប្ដូរ​ទៅ​ប្រទេស​វៀតណាម​វិញ ដ្បិត​ប្រទេស​នេះ​មាន​គោលនយោបាយ​ទេសចរណ៍​ថ្មី ដោយ​ជនជាតិ​ណាក៏ដោយ​ក៏​អាចធ្វើ​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​បរទេស​បានដែរ មិនចាំបាច់​ជនជាតិ​ខ្លួន​ឡើយ​។ គោលការណ៍​នេះ​ខុសពី​ច្បាប់​កម្ពុជា​ដោយ​ចែងថា មគ្គុទ្ទេសក៍​ឬ​អ្នកបកប្រែ​គឺជា​ជនជាតិ​កម្ពុជា​៕

Tag:
 អង្គរវត្ត​
  រមណីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com