កំណាព្យ
ជាតិ
២០២០៖​ដល់ពេល​លាង​ឃ្លាំង​មន្ត្រី​គ្រាប់​ល្ពៅ​!
02, Jan 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

​បទ ពាក្យ​៧ ប៉ាកកា​ខ្មៅ​
 
​ចម្រាញ់​ចម្រោះ​ចោះ​ជម្រុះ​ ​ជម្រះ​ច្រៀក​ពុះ​ស៊ីជម្រៅ​
​កោស​កៀស​កាច់​កាយ​កុំ​ឲ្យ​នៅ​     ​    មន្ត្រី​គ្រាប់​ល្ពៅ​នៅ​ខាត​ជាតិ​។​
 
​មន្ត្រី​ឡេមឡឺម​ឡាកគំនិត​ ​        កិច្ច​ជាតិ​មិន​គិតៗ​តែ​ឆ្លៀត​
​ទទួល​សំណូក​បំពោក​ញាតិ​ ​បំផ្លាញ​ទ្រព្យ​ជាតិ​មិន​រអែង​។​
 
​រំលោភ​អំណាច​មិន​ខ្លាច​ច្បាប់​ ​ចរិត​បែប​យ៉ាប់​ឥត​ខ្លាចក្រែង​
​ចូលចិត្ត​ជាន់​គេ​លើក​ខ្លួនឯង​ ​ពូកែ​សម្តែង​យកមុខ​ខ្លាំង​។​
 
​ចេញមុខ​ទទួល​តែ​រឿង​ត្រូវ​ ​រឿង​ខុស​មិនសូវ​ចេញ​តតាំង​
​សស្លើតសស្លក់​ហក់​ស្លេកស្លាំង​ ​រឿង​ខុស​លាក់បាំង​ខ្លាំង​បំភាន់​។​
 
​ក្រអឺតក្រអោង​កោងកាច​កាង​ ​បានដៃ​ឡើងចាង​អាង​ស័ក្តិ​គ្រាន់​
​ឃើញ​គេ​ទាប​ជាង​តាំង​តាម​ជាន់​ ​ប៉ះ​អ្នកធំ​គ្រាន់​រួសរាន់​រាប់​។​
 
​រាស្ត្រ​សុំ​ជំនួយ​មិន​ជួយ​លៃ​ ​លោក​ខ្លះ​បំភ័យ​គៃ​បង្គាប់​
​ក​ង្កើ​ន​គំនាប​រៀប​គំនាប់​ ​កំណល់​សែន​ភ្ជាប់​ទើប​ជួយ​បាន​។​
 
​នេះ​ក្រុមមន្ត្រី​អសកម្ម​ ​ទុក​យូរ​ខែ​ឆ្នាំ​ច្បាស់​រំខាន​
​ខាត​ទាំង​រាស្ត្រ​រដ្ឋ​ភ្លាត់​មិន​ថ្កាន​ ​ថែមទាំង​ជាប់​ដាន​ដាល​ថ្ងៃក្រោយ​។​
 
​ឆ្នាំ​២០២០(​ពីរពាន់​ម្ភៃ​)​លៃ​បំបាត់​ ​គ្រប់ផ្នែក​រួម​ចាត់​ឈប់​បណ្តោយ​
​មន្ត្រី​គ្រាប់​ល្ពៅ​នៅ​ជាតិ​ខ្សោយ​ ​        នេះ​ជា​អំណោយ​រាស្ត្រ​ចង់បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com