សុធី និងសំណាង មិនសូវបានសម្រាន្តស្រួលបួលប៉ុន្មានទេ ព្រោះ ពួកគេទាំងពីរនាក់ចំណាយពេលឆ្លងឆ្នាំ២០១៩ចូលឆ្នាំ២០២០ដូចគេដូចឯងដែរកាលពីយប់មិញ។ ដូច្នេះ នៅថ្ងៃទី១ខែមករាឆ្នាំ២០២០នេះ មិត្តភក្តិទាំងពីរមកហាងកាហ្វេនៅម៉ោង១០ព្រឹក។ មកដល់ភ្លាម ទាំងពីរនាក់ជជែកគ្នាពីគម្រោងឆ្នាំថ្មី។
សំណាង៖ អា សុធី ឆ្លងឆ្នាំយប់មិញសប្បាយទេ? អ្ហែងធ្វើអីស៊ីខ្លះ?
សុធី៖ មានអីសប្បាយតើ។ ក្រុមអញផឹកច្រើនដល់កហើយ។ អាខ្លះ ផឹកឡើងដេកតែម្តង!។ ចុះអ្ហែងវិញ?
សំណាង៖ អញឆ្លងឆ្នាំនៅផ្ទះជាមួយកូនចៅហូបបាយតិចតួចហ្នឹងណា ហើយគ្មានផឹកស៊ីអីធំដុំទេ។
សុធី៖ អ៊ីចឹង គ្មានសប្បាយអីទេ?
សំណាង៖ ធម្មតាៗ។ អញឃើញអ្ហែង និងក្រុមអ្ហែងសប្បាយមែនទែន។ ក្រៅពីសប្បាយផឹកស៊ី តើនៅឆ្នាំថ្មី អ្ហែងមានគម្រោងអីថ្មីដែរឬទេ?
សុធី៖ (មុខរាងខ្មាសបន្តិច ពេលលឺសំណួរនេះ)។ អា សំណាង អ្ហែងសួរអញហ្នឹង ចង់ឌឺអញមែនទេ?
សំណាង៖ ណូ ណូ។ អត់ចង់ឌឺអីទេ។ សួរមែនទែនតើ អា ធី។
សុធី៖ តាមពិតទៅ អញមិនទាន់បានគិតអ្វីអោយពិតប្រាកដនៅ
ឡើយទេសម្រាប់ឆ្នាំថ្មីនេះ។ មែនទែនទៅអញខ្មាសខ្លួនឯងដែរ ព្រោះ អញរិះគន់គេច្រើនណាស់ តែខ្លួនអញ នៅឆ្នាំថ្មីនេះ គ្មានគំនិតថ្មីអ្វីបន្តិចសោះសម្រាប់ស្ថាប័នអញ។
សំណាង៖ បើអ្ហែងដឹងហើយ គួរកុំសូវរិះគន់គេខ្លាំងពេក តែគួររិះរកគំនិតច្នៃប្រឌិតល្អៗ ដើម្បីអភិវឌ្ឍខ្លួនឯង និងស្ថាប័នខ្លួនឯងឲ្យប្រសើរជាងឆ្នាំចាស់។ កុំចូលឆ្នាំថ្មី តែគំនិតចាស់ៗណា អា ធី។ នាំគ្នាជូនពរជាការល្អ តែសូមឲ្យកូនខ្មែរទាំងអស់នាំគ្នាបង្កើតថ្មី គំនិតច្នៃប្រឌិតថ្មី កសាងថ្មី ឆន្ទៈថ្មី។ល។ នៅក្នុងឆ្នាំថ្មីខាងមុខនេះ។
សុធី៖ សំណាង ពេលអ្ហែងនិយាយដល់រឿងនេះ អញដូចជាខ្មាសអ្ហែងណាស់ ព្រោះ អញអត់ទាន់បានគិតអ្វីដែលថ្មីទេ។ ឆ្នាំថ្មីមកដល់ អញគិតតែពីរឿងផឹក ផឹក ផឹក និងស៊ី។ យប់មិញ អញស្រវឹង ឡើងលែងដឹងខ្លួន។ អញខ្មាសនឹងសម្តីអ្ហែងណាស់។
សំឡាញ់ទាំងពីរបែកគ្នាពីហាងកាហ្វេនៅម៉ោង១១ព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២០ ហើយទាំងពីរនាក់សន្យាជួបគ្នានៅថ្ងៃស្អែកបន្តទៀត៕