អន្តរជាតិ
ព្រឹ​ត្ត​ការណ៍​ពិភព​លោកធំៗ​នៅ​ឆ្នាំ​២០២០
02, Jan 2020 , 8:39 am        
រូបភាព
​ឆ្នាំ​២០១៩ ទើប​កន្លងផុត​។ ឆ្នាំ​២០២០ ឈាន​មកដល់​។ ព្រឹ​ត្ត​ការណ៍​ជាច្រើន​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំ​២០១៩ ក៏​បន្ត​ធ្លាយ​មកដល់​ឆ្នាំ​២០២០ ។ សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាច​តានតឹង​វិញ​? លោក ត្រាំ អាច​អង្គុយ​កៅអី​ប្រធានាធិបតី​ចប់​អាណត្តិ​? ហុងកុង នៅតែ​រុំ​ព័ទ្ធ​ដោយ​បាតុកម្ម​? អង់គ្លេស​ចាក​ចេញពី​អឺរ៉ុប​ហើយ​? សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន បន្ត​ធូរស្រាល​? ទាំងនេះ​សុទ្ធតែជា​ព្រឹ​ត្ត​ការណ៍​សំខាន់ៗ​នៅ​ឆ្នាំ​២០២០ ដែល​អាចធ្វើ​ឲ្យ​ពិភពលោក​រញ្ជួយ​។​

 
​លោក ដូ​ណា​ល់ ត្រាំ អាច​អង្គុយ​កៅអី​ប្រធានាធិបតី​ចប់​អាណត្តិ​ត្រឹមត្រូវ ឬ​ត្រូវ​អស់តំណែង​មុន​ចប់​អាណត្តិ​? សវនាការ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​ថា ត្រូវ​ដកតំណែង​ប្រធានាធិបតី​ពី​លោក ត្រាំ ឬ​អត់​នោះ នឹង​ធ្វើឡើង​នៅក្នុង​ខែមករា ដើមឆ្នាំ​២០២០ តែម្ដង​។ លោក ត្រាំ ត្រូវបាន​រដ្ឋសភា​ចោទប្រកាន់​ជា​ផ្លូវការ​ដើម្បី​ឈានទៅ​កាន់ការ​ដកតំណែង​កាលពី​ខែធ្នូ​កន្លងទៅ​។ ដើម្បី​ដកតំណែង​លោក ត្រាំ គេ​ត្រូវការ​សំឡេង​ពីរភាគបី​នៃ​សំឡេង​សមាជិក​ព្រឹទ្ធសភា​ទាំង​១០០​រូប​។​
 
​ដោយសារ​ព្រឹទ្ធសភា​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ គេ​រំពឹងថា លោក ត្រាំ អាចមាន​វាសនា​ធ្វើ​ប្រធានាធិបតី​ចប់​ចុង​ចប់​ដើម ហើយ​អាច​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ម្ដងទៀត​នៅ​ខែវិច្ឆិកា​ខាងមុខ​។ បក្ស​ប្រជាធិបតេយ្យ កំពុងតែ​ចម្រាញ់​បេក្ខភាព​ដើម្បី​ដណ្ដើម​សេត​វិមាន​មកវិញ​។​
 
​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅតែ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​ឆ្នាំ​២០២០ នេះ​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រកាស​ហើយ​ថា កូរ៉េខាងជើង​មិន​បន្ត​ការផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ ឬក៏​ការបាញ់​មី​ស៊ី​ល​ទៀតឡើយ ព្រោះ​អាមេរិក​មិន​ធ្វើ​សម្បទាន​អ្វី​សោះ​។ លោក គីម ក៏​ប្រកាស​ពី​គម្រោង​បញ្ចេញ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​ផងដែរ​។ បើ​មានការ​ធ្វើតេស្ត​នុយក្លេអ៊ែរ ឬក៏​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​ឡើងវិញ​នោះ ស្ថានការណ៍​ឧបទ្វីប​កូរ៉េ ប្រាកដជា​ឡើងក​ម្ដៅ​ខ្លាំង​មិន​ខាន​។​
 
​ក្នុង​ឆ្នាំ​២០២០ នេះ ក្រសែភ្នែក​មនុស្ស​រាល់គ្នា ក៏​បន្ត​តាមដាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ផងដែរ​។ មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បាន​យក​ការដំឡើង​ពន្ធ​ដាក់គ្នា​ទៅ​មកជា​អាវុធ​វាយប្រហារ​គ្នា​ទៅមក​។ ក្រោយ​ការចរចា​រាប់សិប​ជុំ​នៅ​វ៉ាស៊ីនតោន ប៉េកាំង និង​សៀង​ហៃ​ផង​នោះ ប្រទេស​ទាំងពីរ​ក៏​ឈានដល់​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​។ លោក ត្រាំ អះអាងថា ការចុះហត្ថលេខា នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ខែមករា​ខាងមុខ​។ លោក​ក៏មាន​គម្រោង​ធ្វើដំណើរ​ទៅកាន់​ចិន​ដើម្បី​បន្ត​ការចរចា​ផងដែរ​។​
 
​បាតុកម្ម​នៅ​ហុងកុង​ដែល​ផ្ទុះឡើង​នៅ​ខែមិថុនា ឆ្នាំ​២០១៩ ក៏​ឆ្លង​ចូលឆ្នាំ​២០២០​ទៀត​ដែរ​។ ការតវ៉ា​ដែល​ពេលខ្លះ​មាន​ហិង្សា​ផង​នោះ នៅតែមាន​ចលនា​ដដែល​។ បាតុករ នៅតែ​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើតាម​លក្ខខណ្ឌ​របស់​ពួកគេ​ដូចជា​ការបើកចំហ​សេរីភាព ប្រជាធិបតេយ្យ ការរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ក្រោម​ស្នាដៃ​ប៉ូលិស​ជាដើម​។​
 
​អង់គ្លេស ចេញពី​អឺរ៉ុប​ជា​ដោយ​ស្រួល​ក៏​ជា​ព្រឹ​ត្ត​ការណ៍​ដែល​ត្រូវ​តាមដាន​ដែរ​។ នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន ដែល​ទើប​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា សន្យា​ដឹក​អង់គ្លេស​ចេញពី​អឺរ៉ុប​ឲ្យ​បាន​នៅត្រឹម​ខែមករា​នេះ​។ គម្រោង​នេះ ទំនង​មិន​ពិបាក​ឡើយ​ដោយសារ​បក្ស​កាន់អំណាច​មាន​សំឡេង​លើសពី​គ្រប់គ្រាន់​ទៅហើយ​។ រឿង​ត្រូវ​តាម​បន្តទៀត គឺ​ការចរចា​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អង់គ្លេស​៕   

© រក្សាសិទ្ធិដោយ thmeythmey.com