អន្តរជាតិ
លោកត្រាំ៖ អាមេរិក-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ( ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩។ រូបភាព៖ Xinhua
× កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ អាមេរិក និងចិន នឹងចុះហត្ថលេខានៅថ្ងៃទី ១៥ ខែមករាខាងមុខនេះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះ ទទួលជោគជ័យ កិច្ចបន្ទាប់អាមេរិក នឹងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី២ បន្តទៀត។ នេះបើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
តាមការចុះផ្សាយពីកាសែតហុងកុង South China Morning Post ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងចរចាពាណិជ្ជកម្មចិន Liu He នឹងធ្វើដំណើរទស្សនកិច្ចទៅអាមេរិកនៅថ្ងៃទី៤ ខែមករានេះ រហូតដល់សប្តាហ៍ក្រោយ។ ការចុះផ្សាយនេះ គឺផ្អែកទៅតាមប្រភពសម្ងាត់មួយ ដែលសុំមិនបញ្ចេញឈ្មោះ។
រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ដោយសរសេរនៅលើបណ្តាញសង្គម Twitter លោកត្រាំ បានលើកឡើងយ៉ាងដូច្នេះថា៖ « ខ្ញុំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ និងគ្រប់ជ្រុងជ្រោយ ជាមួយចិននៅថ្ងៃទី ១៥ ខែមករា»។ បើតាមលោកត្រាំ ពិធីចុះហត្ថលេខានេះ នឹងធ្វើឡើងនៅសេតវិមាន ដោយមានវត្តមានតំណាងជាន់ខ្ពស់របស់ចិនដែរ។ អ្នកតំណាងជាន់ខ្ពស់នេះ អាចជាលោក Liu He ឧបនាយករដ្ឋមន្ត្រី ដូចទៅនឹងការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។
បើទោះបីជាលោកត្រាំ បានលើកឡើងយ៉ាងនេះក្តី តែមន្ត្រីអាមេរិកថា កិច្ចព្រមព្រៀងនេះមិនទាន់អាចយកទៅប្រើប្រាស់ជាផ្លូវការនៅឡើយទេ ព្រោះត្រូវពិនិត្យមើលបញ្ហាបច្ចេកទេសសិន។
ជាការពិត កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ គឺមានចែងពីការការពារកម្មសិទ្ធិបញ្ញា ផលិតផលកសិកម្ម និងអាហារ សេវាហិរញ្ញវត្ថុ ការប្តូរប្រាក់ និងបទបញ្ញាត្តិស្តីពីការដោះស្រាយជម្លោះជាដើម។ ផ្អែកតាមកិច្ចព្រមព្រៀងថ្មីនេះ ចិននឹងទិញទំនិញអាមេរិកក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ ២០០ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទំនិញទាំងនោះរួមមាន ផលិតផលកសិកម្ម គ្រឿងយន្ត ផលិតផលថាមពលជាដើម។
ប្រសិនបើកិច្ចព្រមព្រៀងដំណាក់កាលទីមួយទទួលជោគជ័យ កិច្ចបន្ទាប់ គឺជាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីពីរ។ បើតាមលោកប្រធានាធិបតីអាមេរិក លោកនឹងហោះទៅចិន ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទីពីរនេះជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ៕
© រក្សាសិទ្ធិដោយ thmeythmey.com