ជាតិ
សង្គមជាតិ
ស្លាប់៨នាក់ និងរបួស១០នាក់ ដោយសារឡានដឹកស៊ីម៉ងត៍ បុកជាមួយសាំងយ៉ុង រូបភាពពីស្នងការនគរបាលខេត្តកំពង់់ស្ពឺ
× ភ្នំពេញ៖ នាវេលាម៉ោងជិត១២យប់ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានមនុស្ស៨នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស ដោយសារការបុកគ្នារវាងរថយន្តដឹកស៊ីម៉ងត៍ និងរថយន្តសាំងយ៉ុង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អ្នកបាត់បង់ជីវិត មានស្ត្រី៥នាក់ ដោយក្នុងនោះស្ត្រីមានផ្ទៃពោះ មាន២នាក់ ហើយអ្នករងរបួស មានស្ត្រីម្នាក់។ អ្នករងរបួស ត្រូវបានកម្លាំងនគរបាលជួយយកចេញពីក្នុងរថយន្ដ ហើយបញ្ជូនទៅមន្ទីរពេទ្យ ចំណែក អ្នកស្លាប់ ត្រូវបានក្រុមគ្រួសារ នាំសាកសព ទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន ។
ការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងដោយសារតែរថយន្តទេសចរណ៍ប្រភេទសាំងយ៉ុង ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង បានរេចង្កូតចូលគន្លងផ្លូវផ្នែកខាងធ្វេងដៃនៃរថយន្តដឹកស៊ីម៉ងត៍ម៉ាក HINO ដែលធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ហើយក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។ នគរបាលខេត្តកំពង់ស្ពឺ សម្តែងការស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះទាំងនោះ៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
ឆ្លងឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com