អន្តរជាតិ
ថៃ ចាប់ផ្ដើម​ឆ្នាំ ២០២០ ដោយ​ហាម​ការប្រើ​ថង់​ប្លា​ស្ទិ​ក
02, Jan 2020 , 12:03 pm        
រូបភាព
សកម្មជនថៃ ចូលរួមយុទ្ធនាការមួយហៅថា «រាល់ថ្ងៃនិយាយថា ទេចំពោះថង់ប្លាស្ទិក» កាលពីថ្ងៃ ២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅក្រុងបាងកក (ប្រភពរូប៖ បាងកកប៉ុស្តិ៍)
សកម្មជនថៃ ចូលរួមយុទ្ធនាការមួយហៅថា «រាល់ថ្ងៃនិយាយថា ទេចំពោះថង់ប្លាស្ទិក» កាលពីថ្ងៃ ២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅក្រុងបាងកក (ប្រភពរូប៖ បាងកកប៉ុស្តិ៍)
ដោយ:
​ប្រទេស ថៃ បាន​ផ្តើម​ឆ្នាំ​ថ្មី ២០២០ ដោយ​ការដាក់​បម្រាម​លើ​ការប្រើ​ថង់​ប្លា​ស្ទិ​ក នៅ​ហាង​ទំនិញ​ធំៗ ។ នេះ ជា​បន្ត​យុទ្ធនា​ការដែល​បង្កើត​ដោយ​រដ្ឋាភិបាល​ថៃ និង​ម្ចាស់​អាជីវកម្ម ឆ្ពោះទៅកាន់​ការហាមឃាត់​ទាំងស្រុង ត្រឹម​ឆ្នាំ ២០២១ ក្នុង​គោលដៅ​កាត់បន្ថយ​កាកសំណល់​។ ទាក់ទិន​នឹង​ចំណាត់ការ​នេះ ពលរដ្ឋ​ថៃ​ជា​អ្នកទិញ​ទំនិញ ពេញចិត្ត​ជាខ្លាំង​។

 
​ចាប់ពី​ថ្ងៃ ១ មករា ឆ្នាំ ២០២០ ហាង​ទំនិញ​ធំៗ ចំនួន ៧៥​កន្លែង និង​បណ្ដា​ហាង​ទំនិញ​តូច និង​មធ្យម​ជាង ២៤ ៥០០ ទីតាំង​ផ្សេងទៀត នៅ​ទូទាំង​រាជាណាចក្រ​ថៃ បាន​យល់ព្រម​អនុវត្តតាម​គោលការណ៍​អាទិភាព​របស់​រដ្ឋមន្ត្រី​បរិស្ថាន​និង​ធនធានធម្មជាតិ​ថៃ Varawut Silpaarcha ក្នុងការ​កាត់បន្ថយ​បរិមាណ​ថង់​ប្លា​ស្ទិ​ក​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ ពួកគេ ប្តេជ្ញា​បញ្ឈប់​ការផ្តល់​ថង់​ប្លា​ស្ទិ​ក​ទាំងនេះ​។ ចំណែក​ហាង​ខ្លះ លក់​ថង់​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ក្នុងតម្លៃ​សមរម្យ ហើយ​ពលរដ្ឋ​ពេញចិត្ត​នឹង​យក​ថង់​ពួកគេ​ពី​ផ្ទះ​ពេល​ទៅ​ទិញ​ទំនិញ​។ 
 
​ទន្ទឹមនឹង​ការដាក់​បម្រាម​បែបនេះ ប្រជាជន​ថៃ ក៏​និយាយថា «​ទេ​» ចំពោះ​ថង់​ប្លា​ស្ទិ​ក ក៏​ព្រោះតែ​កំណើន​ការយល់ដឹង​របស់​ពល​រដ្ឋ​ថៃ​ពាក់ព័ន្ធ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​របស់​វា​លើ​បរិស្ថាន ជាពិសេស ជីវិត​សត្វ​។ ជា​ឧទាហរណ៍ ក្នុងប្រទេស​ថៃ កាលពី​ឆ្នាំមុន សត្វ​ក្ដាន់​មួយ​ក្បាល និង​កូនជ្រូក​ទឹក​មួយ​ក្បាល បាន​ប្រទះ​ឃើញថា ស្លាប់ ដោយមាន​ប្លា​ស្ទិ​ក​ជាច្រើន​គីឡូក្រាម​ក្នុង​ពោះ​របស់​ពួកវា​។ 
 
«​ប្រទេស ថៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​ប្រទេស​លើ​ពិភពលោក ដែល​បោះចោល​កាកសំណល់​ចូលក្នុង​សមុទ្រ​»​។ លោក​រដ្ឋមន្ត្រី​ថៃ Varawth ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ នៅ​ថ្ងៃ​ពុធ ០១ មករា ក្រោយពី​លោក​បាន​ចែក​ថង់​ដែល​អាច​ប្រើ​ឡើងវិញ​ជូន​សាធារណជន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក បញ្ជាក់ទៀតថា អំឡុងពេល​៥​ខែ​ចុងក្រោយ ចំណាត់ថ្នាក់​របស់​ប្រទេស​ថៃ ធ្លាក់​មក​នៅ​លេខ​រៀង​ទី ១០​។ ត្រង់នេះ លោក​សូម​អរគុណ​ដល់​ពលរដ្ឋ​ថៃ​ទាំងអស់​សម្រាប់​ការចូលរួម​។ 
 
​ក្រសួងបរិស្ថាន​ថៃ បញ្ជាក់ថា ប្រទេស​ថៃ​បាន​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ២​លាន ឬ​ប្រមាណ ៥៧៦៥ តោន កាលពី​ឆ្នាំមុន ។ នេះ​ជា​ដំណាក់កាល​ទី​១​នៃ​យុទ្ធនាការ «​រាល់ថ្ងៃ និយាយថា ទេ ចំពោះ​ថង់​ប្លា​ស្ទិ​ក​» ដើម្បី​លើកទឹកចិត្ត​អ្នកទិញ​ឲ្យ​បដិសេធ​ដោយ​ស្ម័គ្រចិត្ត​ចំពោះ​ការប្រើ​ថង់​ប្លា​ស្ទិ​ក​ពី​ហាង​ទំនិញ​។ 
 
​យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី Varawut អះអាង​ទៀតថា បញ្ហា​ប្រឈម​បំផុត​នៃ​ការអនុវត្ត​បម្រាម​នេះ គឺ ថង់​ប្លា​ស្ទិ​ក​ប្រមាណ ៤០ ភាគរយ​ដែល​ប្រើ​នៅ​ហាង​លក់​បន្លែ និង​សាច់​ស្រស់ៗ និង​ហាង​ទំនិញ​នៅ​ទីជនបទ​។ ត្រង់នេះ លោក និយាយ​ដូច្នេះ​ថា​៖«​វា​មិនមែនជា​រឿង​ងាយស្រួល​ផ្លាស់ប្តូរ​ការគិត​និង​ការប្រព្រឹត្ត​របស់​ប្រជាជន​ទាំងនោះ​ណាស់​»៕



Tag:
 ថៃ​
  ប្លា​ស្ទិ​ក​
  ២០២០
© រក្សាសិទ្ធិដោយ thmeythmey.com