កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho សារភាពថា​សមបាន​កា​ត​លឿង ដែល​លួច​មើល​ក្បួន​លេង Southampton
02, Jan 2020 , 2:41 pm        
រូបភាព
​លោក Jose Mourinho ត្រូវបាន​អាជ្ញាកណ្តាល​ផ្តល់​កាត​លឿង​ក្នុងជំនួប​ក្របខណ្ឌ Premier League ដែល Tottenham Hotspur ចាញ់ Southampton ២-១ នៅ​ថ្ងៃទី​១ ខែមករា​។ ការផ្តល់​កាត​លឿង​នេះ កើតឡើង​ក្រោយ Mourinho ដើរទៅ​លួច​មើលគ្រូ​ជំនួយ Saints ដែល​កំពុង​កត់ត្រា​ក្បួន​លេង​។​


​អ្នកចាត់ការ​ទូទៅ​ក្រុម​មាន់​ខ្នាយ​មាស យល់ព្រម​ទទួលយក​កាត​លឿង​សម្រាប់​ទង្វើ​លេង​សើច​របស់ខ្លួន​ក្នុង​បរាជ័យ​នេះ ប៉ុន្តែ​យ៉ាងណា​លោក ក៏​មិន​ពេញចិត្ត​លោក Andrew Sparks គ្រូបង្វឹក​អ្នក​ចាំ​ទី​របស់ Southampton ដូចគ្នា​ដែរ​។ Mourinho ថែមទាំង​បាន​ហៅ Sparks ថា​ជាម​នុស្ស​ល្ងីល្ងើ​ទៀតផង​។​
 
​លោក Mourinho ហាក់ដូចជា​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់លោក Sparks ឡើយ ហើយ​ថែមទាំង​ប៉ះ​សម្តី​គ្នា ភ្លាមៗ​បន្ទាប់ពី​ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បញ្ចូល​ទី​ តែ​មិន​ត្រូវបាន​អាជ្ញាកណ្តាល​ឲ្យ​ នៅ​នាទី​៧៣​។ ក្រោយមក​អ្នកចាត់ការ​ស​​ញ្ជា​តិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ដើរ​តម្រង់​ទៅ​កៅអី​កីឡា​បម្រុង​ របស់ Southampton ហើយ​មើល​ក្រដាស​មួយ​សន្លឹក ​ដែល​កំពុង​កត់ត្រា​ពី​ក្បូន​លេង​របស់​ក្រុម​គូប្រជែង​។ ដោយសារ​មូលហេតុ​ខាងលើ Mourinho ក៏ត្រូវ​ទទួល​កាត​លឿង​ ពី​អាជ្ញាកណ្តាល លោក Mike Dean​។​

 
 
​អតីត​អ្នកចាត់ការ Man Utd, Chelsea និង Real Madrid រូបនេះ បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា​៖«​ខ្ញុំ​ជាម​នុស្ស​ឈ្លើយ ប៉ុន្តែ​ខ្ញុំ​ឈ្លើយ​តែ​ជាមួយ​មនុស្ស​ល្ងីល្ងើ​ប៉ុណ្ណោះ​។ ខ្ញុំ​សម​នឹង​ទទួលបាន​កាត​លឿង​។ ខ្ញុំ​បាន​ប្រើ​សម្តី​មិនល្អ​ជាមួយ​បុរស​ម្នាក់​»​។​
 
​បរាជ័យ​នេះ បានធ្វើ​ឲ្យ Spurs កាន់​តែមាន​គម្លាត​ឆ្ងាយ ​ពី​ក្រុម Top4​។ Spurs រកបាន​៣០​ពិន្ទុ ពី​ការប្រកួត​២១​លើក ឈរ​នៅ​លេខ​រៀង​ទី​៦ ក្នុង​តារាង Premier League ដោយ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ចំនួន​៦​ពិន្ទុ​។​
 
Manchester United ដែល​ចាញ់ Arsenal ២-០ នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី​៥ ដដែល និង​តាម​ពីក្រោយ Chelsea ចំនួន​៤​ពិន្ទុ​។ ជ័យជម្នះ​នេះ បាន​ជួយ​កាំភ្លើង​ធំ​ ឡើង​ពី​លេខ​១២ ទៅ​ទី​១០​វិញ ដោយ​ទទួលបាន​២៧​ពិន្ទុ​។​
 
Leicester City និង Manchester City នៅតែ​ប្រដេញ​គ្ នា​នៅ​លេខ​រៀង​ទី​២ និង​ទី​៣ ក្រោយ​រក​ជ័យជម្នះ​បាន​រៀងខ្លួន​។ Leicester យកឈ្នះ Newcastle ៣-០ ឯ Man City ឈ្នះ Everton ២-១៕


Tag:
 Premier League
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com