អន្តរជាតិ
ឥណ្ឌូណេស៊ី ទាត់ចោល​យុត្តាធិការ​ចិន​ក្នុង​តំបន់​សមុទ្រ​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន​
02, Jan 2020 , 7:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១ ខែមករា បាន​ចេញមុខ​ច្រានចោល ដែន​យុត្តាធិការ​របស់​ចិន​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​ថា គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ បន្ទាប់ពី​នាវា​យាមល្បាត​ទីក្រុង​ប៉េកាំង មាន​វត្តមាន​ក្នុង​តំបន់​សមុទ្រ​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន (EEC)​។


 
​វត្តមាន​នាវា​យាមល្បាត​ចិន ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​កោះ Natuna របស់​ឥ​ណ្ឌ​ណេ​ស៊ី បាន​បង្ក​ឲ្យ​ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការ​តា​។ ទាក់ទង​នឹង​បញ្ហា​នេះ ឥណ្ឌូណេស៊ី បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី​ដើម្បី​មក​បំភ្លឺ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​វត្តមាន​នាវា​យាមល្បាត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang នៅ​ថ្ងៃទី​១ ខែមករា បាន​និយាយ​ការពារ​ថា ចិន​មាន​ដែន​យុត្តាធិការ​លើ​ប្រជុំ​កោះ Spratly និង​តំបន់​ដែនទឹក​ជុំវិញ​តំបន់​នោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ទូក​នេសាទ​ចិន និង​ឥណ្ឌូណេស៊ី មាន​វត្តមាន​ជាធម្មតា ក្នុងការ​នេសាទ​ត្រី​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​អំណះអំណាង​របស់​ភាគី​ចិន រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi បានទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​មូលដ្ឋាន​ច្បាប់ និង​ព្រំដែន​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ដោយ​ផ្អែក​ទៅតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ (UNCLOS)​។ 
 
​បើតាម​ការពន្យល់​ដោយ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ​មួយ​នេះ អ្នកស្រី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា ការអះអាង​របស់​ទីក្រុង​ប៉េកាំង​ជុំវិញ​បញ្ហា​ដែន​យុត្តាធិការ​លើ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​វត្តមាន​ទូក​នេសាទ​ចិន ក្នុង​តំបន់​សមុទ្រ​របស់ខ្លួន គឺ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​កន្លងមក ឥណ្ឌូណេស៊ី មិន​ធ្លាប់​ចាត់ទុក​ខ្លួនឯង​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ម្យ៉ាង​ទីក្រុង​ហ្សា​ការ​តា មិន​ធ្លាប់​ទាមទារ​ប្រជុំ​កោះ Spratly ដែល​ស្ថិតនៅ​ភាគ​ខាងជើង ប្រជុំ​កោះ Natuna របស់ខ្លួន​។ ជាពិសេស​ឥណ្ឌូណេស៊ី មិនបាន​ទាមទារ​ដែន​យុត្តាធិការ​របស់ខ្លួន ជាន់​លើ​ការទាមទារ​របស់​ចិន​របស់ខ្លួន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ប៉ុន្តែ​ប្រទេស​ចិន និង​ឥណ្ឌូណេស៊ី ប៉ះទង្គិច​គ្នា តែ​ជុំវិញ​បញ្ហា​ទូក​នេសាទ​ចិន ដែល​តែងតែ​ចូលមកក្នុង​តំបន់​ប្រជុំ​កោះ Natuna តែប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ទីក្រុង​ប៉េកាំង​អះអាងថា ជា​ដែនទឹក​របស់ខ្លួន មាន​ធនធានធម្មជាតិ​យ៉ាងច្រើន​មហាសាល​ចាប់ពី​ត្រី ឧស្ម័ន​ធម្មជាតិ និង​ប្រេង​ជាដើម​។ មិន​ត្រឹម​តែមាន​ធនធានធម្មជាតិ​ទេ ប៉ុន្តែ​តំបន់​មួយ​នេះ គឺជា​ផ្លូវ​សម្រាប់ធ្វើ​នាវាចរ និង​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ចិន​៕

Tag:
 ឥណ្ឌូណេស៊ី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com