ជាតិ
សង្គមជាតិ
បិទ​ល្បែង​អន​ឡាញ​នៅ​ព្រះសីហនុ ធ្វើ​ឲ្យ​បុគ្គលិក​ខ្មែរ​ជាង​៨​ពាន់​នាក់ បាត់​ការងារ​, សភាពាណិជ្ជកម្ម កំពុង​រក​ការងារ​ថ្មី​ឲ្យ​
02, Jan 2020 , 9:19 pm        
រូបភាព
កិច្ចប្រជុំរបស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនប្រចាំខេត្តព្រះសីហនុ (រូបពី AKP)
កិច្ចប្រជុំរបស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនប្រចាំខេត្តព្រះសីហនុ (រូបពី AKP)
​ការបិទ​ល្បែងភ្នាល់​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ខេត្ត​ព្រះសីហនុ បាន​បណ្តាល​ឲ្យ​បុគ្គលិក​ខ្មែរ​ដល់​ទៅ​ជាង​៨​ពាន់​នាក់ បាន​បាត់បង់​ការងារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។​


 
​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ប្រចាំខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​រក​ដំណោះស្រាយ​ជួយ​អ្នក​ទាំងនោះ ឲ្យ​មាន​ការងារ​ឡើងវិញ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រោងចក្រ និង​ក្រុមហ៊ុន​ចិន​ជាង​៤០​នាក់​។ 
 
AKP បាន​ស្រង់​សម្តី​របស់លោក Jiang Kexing អគ្គលេខាធិការ​នៃ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ប្រចាំខេត្ត​ព្រះសីហនុ ថា ក្រុមហ៊ុន​មកពី​ចិន ដែល​បាន​សាងសង់​រោងចក្រ​និង​រកស៊ី​នៅ​កម្ពុជា ត្រូវបំពេញ​កាតព្វកិច្ច​សង្គម ដោយ​ត្រូវ​សកម្ម​និង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​តំបន់ តាម​សមត្ថភាព ពេល​ខ្លួន​ទទួលបាន​ផលប្រយោជន៍​។ លោក​សង្ឃឹមថា សហគ្រាស​ទាំងអស់ នឹងមាន​គំនិត​ត្រឹមត្រូវ ចំពោះ​ការជ្រើសរើស​កម្មករ ដែល​បាត់បង់​ការងារ​ពី​កន្លែង​កាស៊ីណូ​។ 
 
​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​មិនមែន​គ្រាន់តែ​អាចបំពេញ​តម្រូវការ​ធ​ន​ធាន​មនុស្ស​របស់​ក្រុមហ៊ុន​ខ្លួនឯង​ប៉ុណ្ណោះ​ទេ  ថែមទាំង​ចូលរួមចំណែក​ក្នុង​ស្ថិរភាព​សង្គម​និង​សុភមង្គល​របស់​ប្រជាជន​នៅ​ក្រុងព្រះសីហនុ និង​បង្កើត​គំរូ​ល្អ​របស់​វិនិយោគិន​ចិន​ផងដែរ​»​។ 
 
​បើតាម AKP ដដែល លោក Jiang Kexing បាន​ជំរុញ​ឲ្យ​រោងចក្រ​ចិន​ទាំងអស់ ទទួលយក​បុគ្គលិក​ថ្មី​ដែល​ចង់​ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់ ដើម្បី​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ លោក បន្តថា សហគ្រាស​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បាន​ស្វាគមន៍​និយោជិត​កម្ពុជា​ទាំងអស់ ទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​របស់​ពួកគេ​។ 
 
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អះអាងថា ល្បែង​អន​ឡាញ ក្នុង​កាស៊ីណូ​ទាំង​៧៣​កន្លែង នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​បិទ​ទាំងស្រុង ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​១ ខែមករា​ថា ទោះ​ល្បែង​អន​ឡាញ​ត្រូវបាន​បិទ​អស់ហើយ​ក៏ដោយ ក៏​សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ពិនិត្យ​បន្ថែម​នៅតាម​កាស៊ីណូ​ដែរ​។​
 
​មុន​ដំណាច់​ឆ្នាំ​២០១៩ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ តំណាង​ក្រសួង​សេដ្ឋកិច្ច អភិបាលរង​រាជធានី​ខេត្ត ស្នងការ​-​ស្នងការរង​រាជធានី​ខេត្ត ប្រធាន​-​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ស្តីពី​វិធានការ​នៃ​ការបិទ​ល្បែង​អន​ឡាញ​នេះ​។ ក្នុង​កិច្ចប្រជុំ​នោះ លោក បាន​រម្លឹក​ពីសា​រាចរ​ណែនាំ​របស់​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​បិទ​ល្បែង​អន​ឡាន​ឲ្យ​អស់ ចាប់ពី​ឆ្នាំ​២០២០​ទៅ​៕ 
 

Tag:
 បិទ​ល្បែង​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com