អន្តរជាតិ
ប្រមុខ​UN៖ ការទប់ស្កាត់​ការរីក​សាយ​អាវុធ​នុយក្លេអ៊ែរ ត្រូវតែ​ការពារ​ឲ្យ​បាន​
02, Jan 2020 , 5:15 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ រូបភាព៖ AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ រូបភាព៖ AFP
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បាន​អះអាងថា ការទប់ស្កាត់​ការរីក​សាយ​អាវុធ​នុយក្លេអ៊ែរ គឺជា​សសរស្តម្ភ​មួយ ដែល​ត្រូវតែ​ការពារ​ឲ្យ​បាន​។ ការលើកឡើង​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​បែបនេះ គឺ​សំដៅ​ទៅលើ​កូរ៉េខាងជើង ដែល​ព្រមាន​សាកល្បង អាវុធ​យុទ្ធសាស្ត្រ​ថ្មី​នាពេល​ខាង​មុន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric នៅ​ថ្ងៃទី​១ ខែមករា​។​


 
​នា​ជំនួប​គណៈ​មជ្ឈិមបក្ស​ពលករ មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន បាន​អះអាងថា គ្មាន​ហេតុផល​អ្វី ដែល​តម្រូវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ចង​ខ្លួនឯង​មិន​ឲ្យ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​អាវុធ​នុយក្លេអ៊ែរ​បានទេ ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ កូរ៉េខាងជើង​នឹង​សាកល្បង «​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​» ឲ្យ​ពិភពលោក​មើល​។ 
 
​ការលើកឡើង​របស់​ប្រមុខ​កូរ៉េខាងជើង​បែបនេះ បានធ្វើ​ឲ្យ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ប្រមុខ​អង្គការសហប្រជាជាតិ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Dujarric នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​អគ្គលេខាធិការ បារម្ភ​ជាខ្លាំង​ពី​បញ្ហា​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ 
 
​តាម​សេចក្តីថ្លែងការណ៍​ដដែល​នេះ លោក​ប្រមុខ​UN ក៏​សង្ឃឹម​ដែរ​ថា ទីក្រុង​ព្យុងយ៉ាង នឹងមិន​បើក​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឡើងវិញ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ លោក ហ្គូ​តេ​រ៉េ​ស បាន​ទទូច​ឲ្យ​ប្រទេស​ទាំងអស់ ត្រូវតែ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ព្រោះ​វា​ជា​សសរស្តម្ភ​មួយ​នៃ សន្តិសុខ​នុយក្លេអ៊ែរ​សកល​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ការភ្ជាប់​ទំនាក់ទំនង​ការទូត នៅតែ​ជា​យុទ្ធសាស្ត្រ​ដ៍​សំខាន់ សម្រាប់​សន្តិ​ភាពជា​និរន្ត​ន៍​។ 
 
​ក្នុងពេល​ថ្មីៗ​នេះ ក្នុងជំនួប​គណៈ​មជ្ឈិមបក្ស​ពលករ ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​របស់​កូរ៉េខាងជើង គីម បាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ឲ្យ​ពង្រឹង​គោលការណ៍​ពឹងផ្អែក​លើ​ខ្លួនឯង​ឲ្យ​បាន​រឹងមាំ​ថែមទៀត ហើយ​ត្រូវ​ពុះពារ​ប្រយុទ្ធ​នឹង​សម្ពាធ និង​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​អូសបន្លាយ​រយៈពេល​វែង ព្រោះ​អាមេរិក នឹងមិន​ទុក​ឲ្យ​កូរ៉េខាងជើង​នៅ​ស្ងៀម​ជាមួយ​សន្តិភាព​ឡើយ​៕

Tag:
 UN
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com