ជាតិ
ឱកាសនិស្សិតកម្ពុជាទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអាស៊ែបៃហ្សង់
× ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋអាស៊ែបៃហ្សង់ ផ្តល់អាហារូបករណ៍៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត និងវេជ្ជសាស្ត្រទូទៅ ដល់កម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋអាស៊ែបៃហ្សង់នឹងផ្តល់ជូនថ្លៃសិក្សា សំបុត្រយន្តហោះ(មួយឆ្នាំម្តង) ប្រាក់ឧបត្ថម្ភអាហារហូបចុក ការស្នាក់នៅ ធានារ៉ាប់រងសុខភាព និងថ្លៃទិដ្ឋាការ។
លក្ខខណ្ឌក្នុងការស្នើសុំអាហារូបករណ៍ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ និងវេជ្ជសាស្ត្រទូទៅ ត្រូវមានអាយុក្រោម២៥ឆ្នាំ។ សម្រាប់បេក្ខជនថ្នាក់អនុបណ្ឌិត ត្រូវមានអាយុក្រោម៣០ឆ្នាំ និង បេក្ខជនថ្នាក់បណ្ឌិត ត្រូវមានអាយុក្រោម៤០ឆ្នាំ។ ព្រឹត្តិបត្រពិន្ទុវិទ្យាល័យ ឬសាកលវិទ្យាល័យ។ ត្រូវមានវិញ្ញាបនបត្រពិនិត្យសុខភាព ដែលបញ្ជាក់ពី HIV AIDS ជម្ងឺរលាកថ្លើមប្រភេទ B និង C។
បេក្ខជន ត្រូវមានវិញ្ញាបនបត្រសិក្សាភាសាអង់គ្លេសកម្រិត IELTS 5, TOEF 40 សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ IELTS 5.5 និង TOEFL 50 សម្រាប់បេក្ខជនថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ ត្រូវបំពេញឯកសារស្នើសុំដែលមានភ្ជាប់។
បេក្ខជនត្រូវបញ្ជូនឯកសារស្នើសុំអាហារូបករណ៍ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានឯកអគ្គរាជទូតកម្ពុជា ទៅស្ថានទូត ឬទៅក្រសួងការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕
Tag:
អប់រំ
អាហារូបករណ៍
អាស៊ែបៃហ្សង់
© រក្សាសិទ្ធិដោយ thmeythmey.com