អន្តរជាតិ
មេទ័ព​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់ ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​អ៊ីរ៉ាក់​
03, Jan 2020 , 9:23 am        
រូបភាព
ឧត្តមសេនីយ៍ Qasem Soleimani បាត់បង់ជីវិតក្នុងការវាយប្រហារនៅអ៊ីរ៉ាក់។​ រូបភាព AFP
ឧត្តមសេនីយ៍ Qasem Soleimani បាត់បង់ជីវិតក្នុងការវាយប្រហារនៅអ៊ីរ៉ាក់។​ រូបភាព AFP
​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Qasem Soleimani ត្រូវបាន​បញ្ជាក់ថា បាន​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​ដែន​អាកាស​មួយ​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុម​ជីវពល​ស្និទ្ធ​អ៊ីរ៉ង់ Hashed al-Shaabi ដែល​បន្តថា មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់ខ្លួន ក៏បាន​ស្លាប់​ដែរ​។ ក្រុម Hashed បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​អាមេរិក ខណៈ​អាមេរិក មិនទាន់​ចេញមុខ​បកស្រាយ​អ្វី​ទេ​។​

 
​លោក Abu Mahdi al-Muhandis មេបញ្ជាការរង​របស់ Hashed និង​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani ប្រមុខ​កងកម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​របស់​អាមេរិក​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ​។ នេះ​ជាការ​ប្រកាស​របស់​ក្រុម Hashed al-Shaabi នៅ​ថ្ងៃទី​៣ ខែមករា ប៉ុន្មាន​ម៉ោង​ក្រោយ​ការវាយប្រហារ​ដែល​រ៉ុក្កែត Katushya បី​គ្រាប់ ត្រូវបាន​បាញ់​តម្រង់​ក្បួន​រថយន្ត​ដែល​ធ្វើ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​។​
 
​មនុស្ស​៦​នាក់​ផ្សេងទៀត ក៏បាន​បាត់បង់​ជីវិត​ក្នុងការ​វាយប្រហារ​នេះ ហើយ​រថយន្ត​ពីរ​គ្រឿង បាន​ឆេះ​ខ្ទេច​។ មិនទាន់មាន​ក្រុម​ណា​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម Hashed បានប្រកាស​ឲ្យ​អាមេរិក​ទទួលខុសត្រូវ​ទៅហើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​លោក Soleimani គឺជា​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អ៊ីរ៉ង់ ហើយ​ជាម​ន្ត្រី​ទទួលបន្ទុក​កិច្ច​នៅ​អ៊ីរ៉ាក់​ផងដែរ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា​ពី​ដំណើរ​របស់លោក​ទៅកាន់​ទឹកដី​អ៊ីរ៉ាក់​នៅឡើយ​ទេ​។ ចំណែក​លោក Muhandis វិញ ទោះជា​មេបញ្ជាការរង​ក្ដី តែ​ត្រូវបាន​ចាត់ទុកជា​ជា​មន្ត្រី​កំពូល​ក្នុង​ជួរ​កម្លាំង Hashed ដែលជា​បណ្ដាញ​អង្គភាព​ប្រយុទ្ធ​និកាយ​ស៊ី​អ៊ី​ត​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ហើយ​ដែល​ភាគច្រើន​ជា​ផ្នែក​នៃ​កម្លាំង​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់​។  
 
​វត្តមាន​លោក Soleimani នៅ​អ៊ីរ៉ាក់​អាចទាក់ទង​នឹង​ស្ថានការណ៍​ក្នុង​រដ្ឋធានី​បា​ក់ដាដ​ជាទី​ដែល​អ្នកគាំទ្រ​ក្រុម​សកម្មជន​ស្និទ្ធ​អ៊ីរ៉ង់​អុកឡុក​ស្ថានទូត​អាមេរិក​។ អ្នកគាំទ្រ​ក្រុម Hashed ដែល​ពោរពេញ​កំហឹង​ជាច្រើន បាន​ឡោមព័ទ្ធ​ស្ថានទូត​អាមេរិក បន្ទាប់ពី​ការវាយប្រហារ​លើ​ក្រុម Kataeb Hezbollah ដែល​សិទ្ធ​អ៊ីរ៉ង់​។ របង​ការពារ​ស្ថានទូត និង​ច្រកចូល​ត្រូវបាន​បំផ្លាញ​ធ្ងន់ធ្ងរ​ក្នុងការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ អាមេរិក​ក៏បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ការពារ និង​ទៅ​កូ​វ៉ែត​ដើម្បី​តាមដាន​ស្ថានការណ៍​ផងដែរ​។​
 
​ការស្លាប់​របស់លោក Soleimani ទំនងជា​ធ្វើ​ឲ្យ​អ៊ីរ៉ង់​មិន​សប្បាយចិត្ត​ឡើយ ហើយ​ទំនង​ចាត់វិធានការ​តប​វិញ​ផងដែរ បើ​ពួកគេ​ច្បាស់​ក្នុង​ចិត្ត​ថា អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ ឬក៏​អាមេរិក​ចេញមុខ​ទទួលខុសត្រូវ​ដោយផ្ទាល់​នោះ​។ ស្ថានការណ៍​នៅ​អ៊ីរ៉ាក់ ទំនងជា​ធ្លាក់ចុះ​កាន់តែខ្លាំង​ថែមទៀត​នៅពេល​ខាងមុខ ដ្បិត​អ៊ីរ៉ង់​មិនអាច​ប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​អាមេរិក​ឡើយ ដែល​នេះ​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ក្លាយជា​ទីលានប្រយុទ្ធ​រវាង​ទ័ព​អាមេរិក និង​កងកម្លាំង​ដែល​ស្និទ្ធ​អ៊ីរ៉ង់​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  អ៊ីរ៉ាក់​
  Qasem Soleimani
© រក្សាសិទ្ធិដោយ thmeythmey.com