ភ្នំពេញ៖ រដូវកាលធ្វើប្រហុក-ផ្អក មកដល់ ប្រជានេសាទកំពុងប្រមូលផលត្រី សម្រាប់ដាក់លក់ដល់ពលរដ្ឋ ដែលចង់ធ្វើប្រហុក-ផ្អកលក់ ឬសម្រាប់បរិភោគ។ ត្រីសម្រាប់ធ្វើប្រហុក-ផ្អក ភាគច្រើនជាប្រភេទត្រីរៀល ត្រីប្រា និងត្រីឫស្សី ជាដើម។ ប្រជាពលរដ្ឋប្រមាណជិត២០នាក់ ដែលរស់នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ និងពលរដ្ឋដែលមកពីបណ្តាខេត្តកំពុងរង់ចាំទិញត្រីសម្រាប់ធ្វើប្រហុក និងផ្អក។ ការរង់ចាំទិញត្រីនេះ ធ្វើឲ្យពលរដ្ឋខ្លះខកចិត្ត ដោយសារពួកគេមិនអាចទិញត្រីសម្រាប់ធ្វើប្រហុក-ផ្អកឡើយ ដោយសារតែឆ្នាំនេះមិនសូវសម្បូរត្រី។
សូមអញ្ជើញទស្សនាវីដេអូសម្ភាសដូចខាងក្រោម៖
នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ជាថ្ងៃដែលពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ ជាដើម បានឡើងមកចាំទិញត្រីសម្រាប់ធ្វើប្រហុក-ផ្អក ទុកបរិភោគរយៈពេលពេញមួយឆ្នាំ។ នៅទីតាំងប្រមូលត្រីដែលអ្នកនេសាទដាក់លក់ត្រី មានពលរដ្ឋប្រមាណ១០នាក់ កំពុងដណ្តើមគ្នាទិញត្រី ដោយអ្នកខ្លះក៏ទិញបាន ហើយអ្នកខ្លះទៀតក៏ទិញអត់បាន។ សម្រាប់អ្នកដែលមិនទាន់ទិញត្រីបាន ពួកគេនៅតែរង់ចាំទិញត្រី ទោះតិច ឬច្រើនក៏ពួកគេរង់ចាំទិញដែរ។
អ្នកស្រី ឡាយ អូន ដែលមានគ្នា១០នាក់ទៀត បានធ្វើដំណើរពីខេត្តតាកែវ កំពុងតែអង្គុយចាំទិញត្រី សម្រាប់ធ្វើប្រហុក-ផ្អក។ អស់រយៈពេល២ថ្ងៃហើយ ដែលអ្នកស្រី ឡាយ អូន មិនទាន់អាចទិញត្រីឲ្យគ្រប់ចំនួន ដែលអ្នកស្រីចង់បាន។ ជារៀងរាល់ឆ្នាំ អ្នកស្រី តែងតែឡើងមកទិញត្រីបានគ្រប់ចំនួនជាង២០០គីឡូក្រាម តែឆ្នាំនេះអ្នកស្រីទិញបានមិនដល់៥០គីឡូក្រាមផង។
មូលហេតុដែលអ្នកស្រីតែងតែធ្វើប្រហុកដោយផ្ទាល់ដៃ ដោយសារតែអ្នកស្រីមិនទុកចិត្តនឹងប្រហុកដែលដាក់លក់នៅតាមទីផ្សារ ដែលប្រើថ្នាំគីមី។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី និយាយដូច្នេះថា៖«ហូបទៅវាអត់មានជាតិគីមី ចង់ធ្វើអី ចង់ចំហុបអី វាឆ្ងាញ់ម៉ង ទឹកត្រី ក៏ខ្ញុំមិនដែលហូបដែរ ខ្ញុំហូបតែទឹកប្រហុកផ្ទាល់។ ខ្ញុំនៅសល់ប្រហុកកាលពីឆ្នាំមុនមួយខាប់ទៀត។ ប្រសិនបើម៉ោង៤ ម៉ោង៥ល្ងាចមានត្រី ខ្ញុំនៅយកទៀត តែបើអត់ ទៅផ្ទះហើយ បានប៉ុនណា យកប៉ុណ្ណឹងទៅ»។
ទិដ្ឋភាព ការប្រមូលត្រី និងលាងត្រី
ចំណែកអ្នកស្រី បិន គីម ដែលមកពីខេត្តតាកែវដែរនោះ មានគម្រោងទិញត្រីពី១០០ ទៅ ២០០គីឡូក្រាម ដោយអ្នកស្រី បានចំណាយពេលអស់២ថ្ងៃមកហើយ ដើម្បីរង់ចាំទិញ។ ប៉ុន្តែអ្នកស្រីមិនសង្ឃឹមថានឹងទិញបានប៉ុណ្ណឹងទេ។ អ្នកស្រី លើកឡើងថា៖«ខ្ញុំអត់ទាន់ទិញបានទេ ព្រោះត្រីឆ្នាំនេះវាអត់សូវត្រូវ ទាល់តែបានត្រីសិន បានត្រឡប់ទៅវិញ។ ទោះបីបានត្រីតិច ឬច្រើនយ៉ាងណាក៏ដោយក៏តស៊ូឲ្យបានខ្លះ បើថ្ងៃស្អែកនៅតែអត់មានទៀត នឹងត្រឡប់ទៅវិញហើយ»។
ទោះបីឆ្នាំនេះមិនសូវមានត្រីសម្រាប់ធ្វើប្រហុក អ្នកស្រី បិន គីម មិនទិញប្រហុកច្រើនពីផ្សារឡើយ។ អ្នកស្រី បញ្ជាក់ថា៖«ពេលត្រូវស្លត្រូវកាត់ចម្អាប យើងទិញស្លហូបមួយពេល បើអត់ត្រូវការចាំបាច់ សុខចិត្តស្លអីផ្សេងទៅ ព្រោះហូបទៅវាអត់មានរសជាតិ»។
ពលរដ្ឋពីខេត្តតាកែវម្នាក់ទៀត គឺអ្នកស្រី ឈូក ថន ដែលកំពុងទិញត្រីបាន១០០គីឡូក្រោមពីអ្នកនេសាទ បានបញ្ជាក់ថា ត្រីដែលអ្នកស្រីទិញបាននោះ នឹងយកទៅចែកគ្នាជាមួយនឹងពលរដ្ឋផ្សេងទៀត។ សម្រាប់ត្រីដែលអ្នកស្រីទិញបានសម្រាប់ធ្វើប្រហុក អ្នកស្រីនឹងទុកចែកក្រុមគ្រួសារដែលមិនបានធ្វើប្រហុក។
សូមបញ្ជាក់ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យពលរដ្ឋធ្វើ ប្រហុក-ផ្អក នៅរដូវត្រីឡើង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៕
ទិដ្ឋភាព ការប្រមូលត្រី
ពលរដ្ឋជាច្រើននាក់កំពុងទិញត្រី ពីអ្នកនេសាទ