អន្តរជាតិ
មន្ទីរ​បញ្ច​កោណ​៖ ការសម្លាប់​មេទ័ព​ជាន់ខ្ពស់​អ៊ីរ៉ង់ Qasem ជា​បញ្ជា​លោក​ត្រាំ
03, Jan 2020 , 2:59 pm        
រូបភាព
ដោយ:
​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Qasem Soleimani ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​ដែនអាកាស​មួយ​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា​។ ទាក់ទិន​នឹង​ដំណឹង​នេះ មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​បញ្ជាក់ថា ការសម្លាប់​នេះ ធ្វើឡើង​តាម​បញ្ជា​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ដំណឹង​នេះ ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ បាន​ប្តេជ្ញា​សងសឹក​ប្រឆាំង​សហរដ្ឋអាមេរិក​។

 
ក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​អះអាងថា តាម​បញ្ជា​របស់លោក​ប្រធានាធិបតី​អាមេរិក យោធា​អាមេរិក បាន​បើក​ប្រតិបត្តិការ​ដើម្បី​ការពារ​ទាហាន​អាមេរិក​នៅ​បរទេស ដោយ​ការសម្លាប់ Qasem Soleimani ។ នេះ​បើតាម​ការចុះផ្សាយ​របស​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទង្វើ​នេះ បាន​ប្រព្រឹត្តិ​ទៅដោយ​មាន​គោលដៅ​រំខាន​ដល់​ផែនការ​វាយប្រហារ​រប​ស់​អ៊ីរ៉ង់​នាពេល​អនាគត​។ សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់​បែបនេះ​ដោយ​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹង​បន្តធ្វើ​សកម្មភាព​ចាំបាច់​ទាំងអស់​ការពារ​ប្រជាជន និង​ផលប្រយោជន៍​អាមេរិក គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ 
 
​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​! សម្រាប់​ការបញ្ជា​ឲ្យ​ទៅ​សម្លាប់​មេទ័ព​ជាន់ខ្ពស់​អ៊ីរ៉ង់​នេះ មេដឹកនាំ​អាមេរិក​រូបនេះ ពុំបាន​ជូនដំណឹង​ជាមុន​ដល់​សភា​អាមេរិក​ឡើយ​។ លោក Soleimani គឺជា​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អ៊ីរ៉ង់ ហើយ​ជាម​ន្ត្រី​ទទួលបន្ទុក​កិច្ច​នៅ​អ៊ីរ៉ាក់​ផងដែរ​។ ហើយ​ការស្លាប់​របស់​បុគ្គល​សំខាន់​រូបនេះ ទំនងជា​ធ្វើ​ឲ្យ​អ៊ីរ៉ង់​មិន​សប្បាយចិត្ត​ឡើយ ហើយ​ទំនង​ចាត់វិធានការ​តប​វិញ​ផងដែរ​។ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​រូប​ទង់ជាតិ​អាមេរិក​លើ​បណ្តេញ​សង្គម Twitter ក្រោយ​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ​សុះសាយ​។ 
 
​ដូច​គេ​គិតទុក​មែន នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​ព្រមាន​សងសឹក​ធ្ងន់ធ្ងរ​ប្រឆាំង​សហរដ្ឋអាមេរិក​។ ក្នុង​សេចក្តីថ្លែងការណ៍​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់ លោក Khamenei ក៏​ចាត់ទុក​លោក​ឧត្ដមសេនីយ៍ Qasem ថា​ជា «​បុគ្គល​គំរូ​នៃ​តស៊ូ​អន្តរជាតិ​» ហើយ​លោក​បានប្រកាស ចូលរួម​រំលែក​ទុក្ខ​ជា​សាធារណៈ​រយៈពេល​៣​ថ្ងៃ​សម្រាប់​ការស្លាប់​របស់​មេទ័ព​ជាន់ខ្ពស់​រូបនេះ​។​
 
​ទន្ទឹមនេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់ ក៏បាន​ប្រតិកម្ម​នឹង​ការវាយប្រហារ​ដែនអាកាស​របស់​អាមេរិក​ថា​ជា «​ទង្វើ​ល្ងីល្ងើ​និង​គ្រោះថ្នាក់​បំផុត​»​។ ត្រង់នេះ លោក Mohammad Javad Zarif លើកឡើងថា សហរដ្ឋអាមេរិក នឹង​ទទួលខុសត្រូវ​ចំពោះ​ផលវិបាក​ទាំងអស់​ដែល​កើតចេញពី​ទង្វើ​របស់ខ្លួន​។ 
 
​សូមបញ្ជាក់ថា ការវាយប្រហារ​ពី​សំណាក់​កងទ័ព​អាមេរិក​ដែល​ឈានដល់​សម្លាប់​មេទ័ព​ជាន់ខ្ពស់​អ៊ីរ៉ង់​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​មានការ​វាយប្រហារ​លើ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បា​ក់ដាដ​ពី​សំណាក់​អ្នកគាំទ្រ​ក្រុម​សកម្មជន​ស្និទ្ធ​អ៊ីរ៉ង់​។ មន្ទីរ​បញ្ច​កោណ​អាមេរិក បានចេញ​បកស្រាយ​ថា ឧ​ត្ត​ម​សេនីយ៍ Soleimani គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ ខណៈ​ស្ថានភាព​នៅ​អ៊ីរ៉ាក់​កាន់តែ​តានតឹង អាមេរិក​ក៏បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ការពារ និង​ទៅ​កូ​វ៉ែត​ដើម្បី​តាមដាន​ស្ថានការណ៍​ផងដែរ​៕

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com