អន្តរជាតិ
Carlos Ghosn៖ ខ្ញុំ​តែ​ម្នាក់​គត់ ដែល​រៀបចំ​ផែនការ​គេចខ្លួន​ពី​ជប៉ុន​
03, Jan 2020 , 7:39 pm        
រូបភាព
អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn (ខាងឆ្វេង) និងភរិយារបស់លោក។ រូបភាព៖ AFP
អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn (ខាងឆ្វេង) និងភរិយារបស់លោក។ រូបភាព៖ AFP
​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Renault- Nissan លោក Carlos Ghosn នៅ​ថ្ងៃទី​២ ខែមករា បាន​អះអាងថា មានតែ​រូបលោក​ម្នាក់​គត់ ដែល​រៀបចំ​ផែនការ​គេចខ្លួន​ចេញពី​ជប៉ុន ហើយ​គ្មាន​នរណាម្នាក់​ទាក់ទង​នឹង​បញ្ហា​នេះឡើយ​។ ការបញ្ជាក់​របស់​អតីត​នាយក​ប្រតិបត្តិ Nissan បែបនេះ គឺ​បន្ទាប់ពី​មានការ​ចោទ​គ្រួសារ​លោក​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​គេចខ្លួន​របស់លោក និង​បន្ទាប់ពី​តួ​ក​គី បាន​ចាប់​សួរចម្លើយ​មនុស្ស​ចំនួន ៧​នាក់ ក្នុង​រួមមាន​អ្នកបើក​យន្តហោះ​ចំនួន ៤​នាក់​ផងដែរ​។​


 
​មកទល់ពេលនេះ បញ្ហា​គេចខ្លួន​របស់​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Renault-Nissan លោក​Carlos Ghosn នៅ​មិនទាន់​រកឃើញ​ចម្លើយ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ខណៈដែល​អាជ្ញាធរ​លី​បង់​បាន​អះអាងថា លោក Carlos Ghosn បាន​ប្រើប្រាស់​លិខិតឆ្លងដែន​បារាំង ដើម្បី​គេចខ្លួន​ចេញពី​ប្រទេស​ជប៉ុន​។ 
 
​អតីត​នាយក​ប្រតិបត្តិ​រូបនេះ មាន​លិខិតឆ្លងដែន​ចំនួន ៤ ច្បាប់​រួមមាន លិខិតឆ្លងដែន​បារាំង​ចំនួន​ពីរ ប្រេ​ស៊ី​ល​មួយ និង​លី​បង់​មួយ​។ ប៉ុន្តែ​លិខិតឆ្លងដែន​ចំនួន ៣​ច្បាប់​គឺ​ទុក​នៅ​មេធាវី​របស់លោក​។ ចំណែក​លិខិតឆ្លងដែន បារាំង​មួយច្បាប់​ទៀត ក្នុង​ទុក​ក្នុង​វ៉ាលិស​មួយ ដោយ​ឲ្យ​រូបលោក Ghosn កាន់​ផ្ទាល់​តែម្តង ប៉ុន្តែ​លោក​មិនបាន​កាន់​សោ​វ៉ាលិស និង​ដឹង​លេខ​កូដ​សម្ងាត់​វ៉ាលិស​នេះ​ទេ មានតែ​មេធាវី​របស់លោក​តែ​ម្នាក់​គត់ ដែល​ដឹង​រឿងនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន NHK​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការ​គេចខ្លួន​នេះ មានការ​សង្ស័យថា ភរិយា​របស់លោក Ghosn និង​គ្រួសារ​របស់លោក អាចពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​លោក លោក​Ghosn ទាត់​ចោលការ​។ បើតាម​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Renault- Nissan បាន​បញ្ជាក់ថា ភរិយា និង​គ្រួសារ​របស់លោក មិនបាន​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ទេ ហើយ​ការសង្ស័យ​នេះ គឺ​ខុសស្រឡះ​។ ក្នុងន័យនេះ លោក Ghosn បាន​លើកឡើងថា​៖ «​ខ្ញុំ​តែម្នាក់ឯង​គត់ រៀបចំ​ផែនការ​គេចខ្លួន​»​។ 
 
​ជុំវិញ​បញ្ហា​នេះ តួ​ក​គី បាន​ផ្តោត​ការស៊ើបអង្កេត​ទៅលើ​ជើងហោះហើរ​យន្តហោះ​ឯកជន​ចំនួន​ពីរ​ខ្សែ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី DHA ជើង​ទីមួយ គឺ​យន្តហោះ​ឯកជន Bombardier TC-TSR ដែល​ហោះ​ពី​អូ​សា​កា ប្រទេស​ជប៉ុន ទៅដល់​អ៊ី​ស្តង់​ប៊ុល​នៅ​ម៉ោង​៥ និង​១៥ នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​តួ​ក​គី​) ហើយ​ចត​ក្នុង​ឃ្លាំង​ទុក​យន្តហោះ​។ ជើង​ទី​ពីរ គឺ​យន្តហោះ​ឯកជន​ប្រភេទ Bombardier Challenger 300 TC-RZA ដែល​ហោះ​ពី​អ៊ី​ស្តង់​ប៊ូល ទៅ​បេ​រូត ប្រទេស​លី​បង់ ក្រោយ​ឈប់​ចត ៤៥​នាទី​។ 
 
​ក្រៅពី​ការស៊ើបអង្កេត​លើ​ជើងហោះហើរ​ទាំងពីរ តួ​ក​គី​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​នេះ ចំនួន​៧ នាក់​ផងដែរ​។ ក្នុងនោះ​មាន​អ្នកបើក​យន្តហោះ​ចំនួន ៤​នាក់​។ 
​នៅ​ជប៉ុន​ឯណោះ​វិញ ព្រះរាជអាជ្ញា​បាន​បើក​ការស៊ើបអង្កេត​មួយ និង​បាន​ចុះទៅ​ឆែកឆេរ​នៅ​កន្លែង​ស្នាក់នៅ​របស់លោក Ghosn​។ ដោយ​ផ្អែក​ទៅតាម​កាមេរ៉ា​នៅ​កន្លែង​ស្នាក់នៅ​របស់លោក និង​កន្លែង​ផ្សេងទៀត ដែល​លោក Ghosn បាន​ទៅ ព្រះរាជអាជ្ញារ​ជប៉ុន សង្ស័យថា មាន​មនុស្ស​ពីរ​នាក់ បាន​ជួយ​លោក Ghosn ក្នុងការ​រត់គេច​នេះ គឺ​ម្នាក់​ជា​អតីត​ទាហានជើងទឹក​ក្នុង​ក្រុមហ៊ុន​សន្តិសុខ​អាមេរិក ឯ​ម្នាក់ទៀត គឺ​ធ្លាប់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​លី​បង់​មួយ​។ អ្នក​ទាំងពីរ​នេះ បាន​លួច​បន្លំ​ខ្លួន​ចូលក្នុង​ផ្ទះ​លោក Ghosn តាមរយៈ​ក្រុម​ភ្លេង ដែល​ត្រូវ​មកលេង ក្នុង​ថ្ងៃបុណ្យ​ណូអែល​។ នេះ​បើតាម​ការចុះផ្សាយ​របស់ NHK​។ 
 
​សូមបញ្ជាក់ថា លោក Carlos Ghosn ត្រូវបាន​ចោទប្រកាន់ថា លោក​បាន​បរាជ័យ​ក្នុង​ការផ្តល់​របាយការណ៍​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ប្រាក់បៀវត្ស​របស់លោក ហើយ​បាន​បង្វែរ​ប្រាក់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត Renault- Nissan ដើម្បី​រ៉ាប់រង​ការខាតបង់​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​។ ទន្ទឹមនេះ លោក ក៏​ត្រូវបាន​ចោទប្រកាន់ថា បាន​ផ្ទេរប្រាក់​របស់​ក្រុមហ៊ុន Renault- Nissan ទៅ​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​មួយ​ក្នុងប្រទេស  អូ​ម៉​ង់ ហើយ​បាន​កេងប្រវ័ញ្ច​លុយ ៥​លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផងដែរ ៕

Tag:
 ជប៉ុន​
  លី​បង់​
  Carlos Ghosn
© រក្សាសិទ្ធិដោយ thmeythmey.com