ទម្រង់លេងរបស់ Liverpool នាពេលបច្ចុប្បន្នគឺពិតជាខ្លាំង និងពិបាកនឹងរកក្រុមដើម្បីបញ្ឈប់ភាពមិនចាញ់របស់ពួកគេណាស់នៅក្នុងការប្រកួតក្របខណ្ឌPremier League។ ហង្សក្រហមកំពុងរក្សាការមិនចាញ់ក្នុងរយៈពេលយូរបំផុតនៅលីគកំពូលអង់គ្លេស ដូចដែលក្រុម៤ផ្សេងទៀតសម្រេចបានរួចមកហើយ នារដូវកាលកន្លងមក។
Liverpool, Manchester United, Manchester City, Chelsea និង Arsenal សុទ្ធតែជាក្រុមដែលត្រូវបានចារក្នុងប្រវត្តសាស្ត្រ Premier League ក្នុងនាមក្រុមរក្សាភាពមិនចាញ់យូរជាងគេ។
បន្ទាប់ពីទទួលជ័យជម្នះលើ Sheffield United ក្នុងលទ្ធផល ២-០ សម្រាប់ជំនួបសប្តាហ៍ទី២០រួចមក Liverpool បានបន្តកំណត់ត្រាមិនចាញ់សោះនៅរដូវកាល ២០១៩-២០ នេះ។ ជ័យជម្នះនេះដែរ ក៏ជួយក្រុមដែលដឹកនាំដោយលោក Jurgen Klopp ប្រកួតមិនចាញ់សោះរយៈពេលមួយឆ្នាំ ដែលស្មើនឹង ៣៧ប្រកួត និងក្លាយជាក្រុមនៅ Premier League ទី៣ ដែលរក្សាភាពមិនចាញ់បានយូរបំផុត។ យ៉ាងណាក៏ដោយ Liverpool នៅមានឱកាសបំបែកកំណត់ត្រានេះបន្តទៀត ប្រសិនបើពួកគេឈ្នះនៅប្រកួតក្រោយៗទៀត។
កាំភ្លើងធំ Arsenal ជាក្រុមទី១ ដែលប្រកួតមិនចាញ់សោះរយៈពេលយូរជាងគេក្នុងលីគកំពូលអង់គ្លេស រហូតដល់៤៩ប្រកួត។ ភាពខ្លាំងរបស់ Arsenal កើតឡើងក្រោមការដឹកនាំរបស់លោក Arsene Wenger អំឡុងចុងរដូវកាល២០០៣ រហូតដល់ពាក់កណ្តាលរដូវកាល២០០៤។ ចាប់ពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០០៣ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៤ ពោលគឺជារយៈពេល១ឆ្នាំ៥ខែ ដែល Arsenal លេងមិនចាញ់សោះ។
ក្រុមដែលមិនចាញ់រយៈពេលយូរលំដាប់ទី២ គឺ Chelsea។ តោខៀវបានបង្ហាញភាពខ្លាំងរបស់ខ្លួនចាប់តាំងពីលោក Jose Mourinho ឡើងជាអ្នកចាត់ការទូទៅនៅឆ្នាំ២០០៤។ ចំនួន ៤០ប្រកួត Chelsea លេងមិនចាញ់សោះ ដោយប្រើពេល១ឆ្នាំ២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០០៥។
Man City នៅចំណាត់ថ្នាក់ទី៤ ដោយរក្សាភាពមិនចាញ់សោះបានចំនួន៣០ប្រកួត ចន្លោះពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ដែលមានរយៈពេលជិត៩ខែ។ នេះជាសមិទ្ធផលរបស់ក្រុមរហស្សនាមមេឃខៀវក្រោយការដឹកនាំរបស់លោក Pep Guardiola ដែលជួយក្រុមលើកពាន Premier League នៅរដូវកាល ២០១៧-១៨ ដោយរកបាន១០០ពិន្ទុ។
Man Utd ជាក្រុមទី៥ ដែលរក្សាភាពមិនចាញ់យូរជាងគេក្នុងប្រវត្តសាស្ត្រលីគកំពូលអង់គ្លេស។ ២៩ប្រកួត ដែលបិសាចក្រហមក្រោមការដឹកនាំរបស់លោក Alex Ferguson លេងមិនចាញ់ ហើយធ្វើបានដូចគ្នានេះដល់ទៅពីរលើក។
Man Utd ធ្វើបានលើកដំបូងចន្លោះពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៩ និងលើកទី២ ធ្វើបានចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១០ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១៕