លោក ត្រាំ ព្រមាន ក្រោយ​សភា​តួ​ក​គី​បើកផ្លូវ​ដល់​ការពង្រាយ​ទ័ព​នៅ​លី​ប៊ី
អន្តរជាតិ
លោក ត្រាំ ព្រមាន ក្រោយ​សភា​តួ​ក​គី​បើកផ្លូវ​ដល់​ការពង្រាយ​ទ័ព​នៅ​លី​ប៊ី
03, Jan 2020 , 9:39 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានតួកគីក្នុងការសន្ទនាជាមួយសមភាគី តៃយីប អ៊ែរដូហ្កាន់ ក្រោយសភាតួកគីបើកផ្លវដល់ការពង្រាយទ័ពនៅលីប៊ី។ រូបភាព Xinhua
ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានតួកគីក្នុងការសន្ទនាជាមួយសមភាគី តៃយីប អ៊ែរដូហ្កាន់ ក្រោយសភាតួកគីបើកផ្លវដល់ការពង្រាយទ័ពនៅលីប៊ី។ រូបភាព Xinhua
​សភា​តួ​ក​គី នៅ​ថ្ងៃទី​២ ខែមករា បាន​បើកភ្លើង​បៃតង​ដល់​ការពង្រាយ​ទ័ព​នៅ​លី​ប៊ី​តាម​ការស្នើ​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​លី​ប៊ី​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ បាន​លើកសំណើ​ទៅកាន់​ប្រធានាធិបតី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ដើម្បី​សុំ​ជំនួយ​ទប់ទល់​ប្រតិបត្តិការ​របស់​កម្លាំង​ទ័ព​សេនាប្រមុខ ខា​លី​ហ្វា ហា​ហ្វ​តា មកពី​ភាគ​ខាងកើត​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​ព្រមាន​អន្តរាគមន៍​យោធា​ណាមួយ​នៅ​រដ្ឋ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​។​

 
​សមាជិកសភា​តួ​ក​គី បានអនុម័ត​សេចក្ដីស្នើច្បាប់​របស់​ប្រធានាធិបតី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​តួ​ក​គី​អាច​ពង្រាយ​នៅ​លី​ប៊ី​បាន​។ សេចក្ដីស្នើច្បាប់​នេះ ត្រូវបាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២ ខែមករា ដោយ​សំឡេង​២៣៥ ទល់នឹង​១៨៤ ខណៈ​បក្ស AKP របស់លោក អ៊ែ​ដូ​ហ្កា​ន់ ផ្ទាល់ ជា​អ្នកគ្រប់គ្រង​សំឡេង​ភាគច្រើន​ទៅហើយ​។​
 
​រដ្ឋាភិបាល​ទីក្រុង​ទ្រី​ប៉ូ​លី​នៅ​ភាគ​ខាងលិច​ដែល​អន្តរជាតិ​ទទួលស្គាល់​ជា​តំណាង​ស្របច្បាប់​របស់​លី​ប៊ី ជា​អ្នកស្នើសុំ​ជំ​នួ​យោធា​ពី​តួ​ក​គី ខណៈ​រង​សម្ពាធ​ខ្លាំង​ពី​កម្លាំង​ទ័ព​មកពី​ភាគ​ខាងកើត​របស់​មេទ័ព ខា​លី​ហ្វា ហា​ហ្វ​តា ដែល​ចង់​ដណ្ដើម​រដ្ឋធានី​។   
 
​លី​ប៊ី បាន​ធ្លាក់ចូល​វិបត្តិ​ធ្ងន់ធ្ងរ​ក្រោយ​អន្តរាគមន៍​យោធា​របស់​សម្ព័ន្ធ​ណា​តូ​កាលពី​ឆ្នាំ​២០១១ ដែល​សម្លាប់​មេដឹកនាំ​ក្រាញ​អំណាច ម៉ូ​អា​ម៉ា កា​ដា​ហ្វី ។ ស្ដេច​ក្រាញ់​ជាច្រើន បាន​ប្រយុទ្ធ​គ្នា​ដណ្ដើម​ទឹកដី​ត្រួតត្រា រហូតមកទល់​បច្ចុប្បន្ន​មាន​កម្លាំង​ធំ​ពីរ​នៅ​ភាគ​ខាងកើត​មួយ និង​ភាគ​ខាងលិច​មួយ​។ នៅ​ខាងលិច រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Fayez al-Sarraj បាន​ទប់ទល់​ការ​រុលទៅមុខ​របស់​កម្លាំង​ទ័ព​លោក ហា​ហ្វ​តា ដែល​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​ហ្ស៊ី​ប និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជាដើម​។​
 
​អាមេរិក ដែល​ឃ្លាំមើល​សកម្មភាព​តួ​ក​គី​មិន​ដាច់​ភ្នែក រឹតតែ​បារម្ភ​ក្រោយ​ការសម្រេចចិត្ត​របស់​ស​ភា​តួ​ក​គី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រាប់​សម​ភាគី​តួ​ក​គី អ៊ែរ​ដូ​ហ្កា​ន់ ថា អន្តរាគមន៍​អន្តរជាតិ​ណាមួយ នឹងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​ស្មុគស្មាញ​។ មិនមែន​តែ​អាមេរិក អេ​ហ្ស៊ី​ប​ឯណោះ​វិញ ក៏​ថ្កោលទោស​តួ​ក​គី និង​ចាត់ទុកជា​ការបំពានច្បាប់​អន្តរជាតិ ក៏ដូចជា​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​លើ​បញ្ហា​នៅ​លី​ប៊ី ខណៈ​ក្រិ​ក ស៊ី​ប និង​អ៊ីស្រាអែល ព្រមាន​ពី​អស្ថិរភាព​តំបន់​។​
 
​យ៉ាងណាមិញ ទីក្រុង​អង់កា​រ៉ា មិនទាន់​កំណត់ពេល​ជាក់លាក់​ដើម្បី​ពង្រាយ​ទ័ព​ឡើយ​។ អនុ​ប្រធានាធិបតី​តួ​ក​គី Fuat Oktay ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolou នៅ​ថ្ងៃទី​១ ខែមករា ថា តួ​ក​គី ត្រៀម​រួចរាល់​អស់ហើយ​ក្នុងការ​ពង្រាយ​កងទ័ព​នៅ​លី​ប៊ី ហើយ​ការផ្ដល់​សច្ចាប័ន​របស់​សភា នឹងមាន​សុពលភាព​រយៈពេល​មួយឆ្នាំ​។ លោក​បន្តថា ការសម្រេចចិត្ត​របស់​សភា ជា​សារ​នយោបាយ​មួយ​ដើម្បី​បន្លាច​លោក ហា​ហ្វ​តា ផងដែរ​៕

Tag:
 អាមេរិក​
  តួ​ក​គី​
  លី​ប៊ី​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com