អន្តរជាតិ
លោក ត្រាំ ព្រមាន ក្រោយសភាតួកគីបើកផ្លូវដល់ការពង្រាយទ័ពនៅលីប៊ី ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានតួកគីក្នុងការសន្ទនាជាមួយសមភាគី តៃយីប អ៊ែរដូហ្កាន់ ក្រោយសភាតួកគីបើកផ្លវដល់ការពង្រាយទ័ពនៅលីប៊ី។ រូបភាព Xinhua
× សភាតួកគី នៅថ្ងៃទី២ ខែមករា បានបើកភ្លើងបៃតងដល់ការពង្រាយទ័ពនៅលីប៊ីតាមការស្នើរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលលីប៊ីនៅទីក្រុងទ្រីប៉ូលីដែលទទួលស្គាល់ដោយអន្តរជាតិ បានលើកសំណើទៅកាន់ប្រធានាធិបតី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ដើម្បីសុំជំនួយទប់ទល់ប្រតិបត្តិការរបស់កម្លាំងទ័ពសេនាប្រមុខ ខាលីហ្វា ហាហ្វតា មកពីភាគខាងកើត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខព្រមានអន្តរាគមន៍យោធាណាមួយនៅរដ្ឋអាហ្វ្រិកខាងជើងមួយនេះ។
សមាជិកសភាតួកគី បានអនុម័តសេចក្ដីស្នើច្បាប់របស់ប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ ដែលអនុញ្ញាតឲ្យកងទ័ពតួកគីអាចពង្រាយនៅលីប៊ីបាន។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំថ្ងៃទី២ ខែមករា ដោយសំឡេង២៣៥ ទល់នឹង១៨៤ ខណៈបក្ស AKP របស់លោក អ៊ែដូហ្កាន់ ផ្ទាល់ ជាអ្នកគ្រប់គ្រងសំឡេងភាគច្រើនទៅហើយ។
រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីនៅភាគខាងលិចដែលអន្តរជាតិទទួលស្គាល់ជាតំណាងស្របច្បាប់របស់លីប៊ី ជាអ្នកស្នើសុំជំនួយោធាពីតួកគី ខណៈរងសម្ពាធខ្លាំងពីកម្លាំងទ័ពមកពីភាគខាងកើតរបស់មេទ័ព ខាលីហ្វា ហាហ្វតា ដែលចង់ដណ្ដើមរដ្ឋធានី។
លីប៊ី បានធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរក្រោយអន្តរាគមន៍យោធារបស់សម្ព័ន្ធណាតូកាលពីឆ្នាំ២០១១ ដែលសម្លាប់មេដឹកនាំក្រាញអំណាច ម៉ូអាម៉ា កាដាហ្វី ។ ស្ដេចក្រាញ់ជាច្រើន បានប្រយុទ្ធគ្នាដណ្ដើមទឹកដីត្រួតត្រា រហូតមកទល់បច្ចុប្បន្នមានកម្លាំងធំពីរនៅភាគខាងកើតមួយ និងភាគខាងលិចមួយ។ នៅខាងលិច រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Fayez al-Sarraj បានទប់ទល់ការរុលទៅមុខរបស់កម្លាំងទ័ពលោក ហាហ្វតា ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
អាមេរិក ដែលឃ្លាំមើលសកម្មភាពតួកគីមិនដាច់ភ្នែក រឹតតែបារម្ភក្រោយការសម្រេចចិត្តរបស់សភាតួកគី។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាប់សមភាគីតួកគី អ៊ែរដូហ្កាន់ ថា អន្តរាគមន៍អន្តរជាតិណាមួយ នឹងធ្វើឲ្យស្ថានការណ៍កាន់ស្មុគស្មាញ។ មិនមែនតែអាមេរិក អេហ្ស៊ីបឯណោះវិញ ក៏ថ្កោលទោសតួកគី និងចាត់ទុកជាការបំពានច្បាប់អន្តរជាតិ ក៏ដូចជាដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលើបញ្ហានៅលីប៊ី ខណៈក្រិក ស៊ីប និងអ៊ីស្រាអែល ព្រមានពីអស្ថិរភាពតំបន់។
យ៉ាងណាមិញ ទីក្រុងអង់ការ៉ា មិនទាន់កំណត់ពេលជាក់លាក់ដើម្បីពង្រាយទ័ពឡើយ។ អនុប្រធានាធិបតីតួកគី Fuat Oktay ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolou នៅថ្ងៃទី១ ខែមករា ថា តួកគី ត្រៀមរួចរាល់អស់ហើយក្នុងការពង្រាយកងទ័ពនៅលីប៊ី ហើយការផ្ដល់សច្ចាប័នរបស់សភា នឹងមានសុពលភាពរយៈពេលមួយឆ្នាំ។ លោកបន្តថា ការសម្រេចចិត្តរបស់សភា ជាសារនយោបាយមួយដើម្បីបន្លាចលោក ហាហ្វតា ផងដែរ៕
Tag:
អាមេរិក
តួកគី
លីប៊ី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com