កីឡាជាតិ
ជាតិ
ច្រឹង ពលរដ្ឋ ចូលរួម​ជាមួយ​វិសាខា ដែល​បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​១៨​រូប​
04, Jan 2020 , 7:47 am        
រូបភាព
កីឡាករ ច្រឹង ពលរដ្ឋ ចូលរួមជាមួយក្លិបវិសាខាសម្រាប់រដូវកាលឆ្នាំ២០២០-២០២១, រូបភាពពីក្លិបវិសាខា
កីឡាករ ច្រឹង ពលរដ្ឋ ចូលរួមជាមួយក្លិបវិសាខាសម្រាប់រដូវកាលឆ្នាំ២០២០-២០២១, រូបភាពពីក្លិបវិសាខា
ដោយ:
 
​ខ្សែបម្រើ​ឆ្នើម ច្រឹង ពលរដ្ឋ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​វិសាខា សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០-២០២១​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​វិសាខា ដែល​ទើប​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ចំនួន​១៨​រូប​។ ពលរដ្ឋ ត្រូវ​ជួយ​ក្លិប​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​លី​គ​កំពូល​ឆ្នាំ​២០១៩​មួយ​នេះ ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​។

 
​ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​ក្រសួងការពារជាតិ​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ កីឡាករ ច្រឹង ពលរដ្ឋ រកឃើញ​ទ្រនំ​ថ្មី​ហើយ គឺ​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា​។ ពលរដ្ឋ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង ដោយ​ជា​យុវជន​របស់​ក្រសួងការពារជាតិ​ពី​ឆ្នាំ​២០០៨-២០១០​។ បន្ទាប់មក​រូបគេ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​ឆ្នាំ​២០១០-២០១៣ មុន​ផ្ទេរ​ទៅ​រួមរស់​ជាមួយ​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​(​អង្គ​រថា​យ​ហ្គឺ​រ​)​ពី​ឆ្នាំ​២០១៣-២០១៥​។ 
 
 
កីឡាករ៩រូបក្នុងចំណោម១៨រូប ដែលបន្តកិច្ចសន្យាជាមួយវិសាខា, រូបភាពពីក្លិបវិសាខា

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រសួងការពារជាតិ​ជាថ្មី​ចាប់ពី​ឆ្នាំ​២០១៥-២០១៨​។ នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៩ រូបគេ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​ថៃ Buriram United​។ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​ជង្គង់​ធ្វើ​ឲ្យ​គេ​បាត់បង់​ឱកាស​លេង​ឲ្យ​ក្លិប​លំដាប់​កំពូល​របស់​ថៃ​មួយ​នេះ ហើយក៏​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រសួងការពារជាតិ​។ 
 
​ពលរដ្ឋ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​នៅ​ឆ្នាំ​២០១១ និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៥ មុន​ក្លាយជា​ចំណែក​ក្នុង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​នៅ​ឆ្នាំ​២០១៧​។ តាមពិត​ខ្សែបម្រើ​រូបនេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៥ ដោយ​បង្ហាញខ្លួន​បាន​២៣​លើក​រកបាន​២​គ្រាប់​។​
 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ក្នុង​រដូវ​កាល​ឆ្នាំ​២០២០-២០២១ វិសាខា បាន​បន្ត​កិច្ចសន្យា​ជាមួយ​ករ​ជើងចាស់ និង​យុវជន​ឆ្នើម​ចំនួន​១៨​រូប​។ កីឡាករ​ទាំងនេះ​រួមមាន​ខ្សែប្រយុទ្ធ កែវ សុខ​ផេង​, កែវ សុខ​សិលា​, រស់ សំអឿន​, ង៉​យ ស្រ៊ី​ន​, ទិ​ត្យ ឌី​ណា​, ឆេង ម៉េង​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ម៉ាត់ សា​ក់រវី​, ស៊ិន កក្កដា​, អ៊ិន សូ​ដា​វីដ​, ទៀត គឹម​ហេង​, សាន គឹម​ហេង​, គីម ឆៃ​យ៉ា​, ផុន តៃនិញ​, ឡុង ម៉េង​ហាវ​, កែន ច័ន្ទ​សុភ័ក្ត្រ​, ស៊ិន សុ​ផា​ណាត់ និង អ៊ុក សុវណ្ណ​៕  
 
 

 

Tag:
 ​បាល់ទាត់​
  ច្រឹង ពលរដ្ឋ​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com