អត្ថបទ៖ ស៊ីធី
ម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន Stamp Fairtex នឹងចាប់ផ្ដើមឆ្នាំ២០២០ ដោយជួបកីឡាការិនីឥណ្ឌាជំនាញវូស៊ូ Puja Tomar រហស្សនាម «The Cyclone» នៅថ្ងៃសុក្រទី១០ ខែមករា ក្នុងការប្រកួតគុនចម្រុះ នាការប្រកួតក្នុងកម្មវិធី A NEW TOMORROW ដែលរៀបចំឡើងនៅក្រុងបាងកកប្រទេសថៃ។ ជំនួបនេះ នឹងក្លាយជាស្ពានឈានទៅដណ្ដើមខ្សែក្រវាត់ទី៣ កម្រិតពិភពលោករបស់ Fairtex នៅថ្ងៃខាងមុខផងដែរ។
Stamp ដែលជាម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing និង Muay Thai World Champion ទទួលជោគជ័យយ៉ាងធំធេងនៅឆ្នាំ ២០១៩។ កីឡាការិនីវ័យ២២ឆ្នាំ បង្កើតលទ្ធផលល្អនៅឆ្នាំ២០១៩ ក្នុងការប្រកួតគុនចម្រុះដោយឈ្នះ កីឡាការិនីឥណ្ឌា Asha Roka និងកីឡាការិនីកូនកាត់វៀតណាម-អាមេរិក Bi Nguyen។ ការប្រកួតទល់ Tomar នៅសង្វៀន Impact Arena នាប្រទេសថៃនឹងផ្ដល់ឱកាសដ៏កម្រសម្រាប់អ្នកគាំទ្រនៅក្នុងស្រុក។
Stamp ថ្លែងថា៖«ខ្ញុំរីកចម្រើនច្រើនខាងក្បាច់គុនចម្រុះ។ ខ្ញុំល្អជាងអ្នកផ្សេង នៅចំណុចមួយចំនួន។ ខ្ញុំមានអារម្មណ៍ល្អ នៅពេលប្រកួតក្នុងជំហរ។ តែខ្ញុំមិនទាន់មានបទពិសោធន៍ច្រើននោះទេ។ ការប្រកួត នឹងផ្ដល់ឲ្យខ្ញុំនូវការធ្វើតេស្ត និងអភិវឌ្ឍខ្លួន»។
VIDEO
បែបណាក្ដី Tomar ជាកីឡាការិនីគំរាមកំហែងគូប្រកួតដ៏ល្អ នាពេលកន្លងមក។ ជើងខ្លាំងជំនាញ វូស៊ូ មកពីឥណ្ឌាវ័យ២៦ឆ្នាំមកពី Muzaffarnagar បានផ្លាស់ប្ដូរមកប្រកួតគុនចម្រុះនៅឆ្នាំ ២០១៣។
ក្រោយពេលចូលរួម ONE Championship កីឡាការិនី «The Cyclone» បង្កើតជ័យជម្នះយ៉ាងធំធេង បានយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាលខែមករាកន្លងទៅ។ Tomar ទទួលបានបទពិសោធន៍ច្រើនជាង Stamp ក្នុងការប្រកួតគុនចម្រុះ។ នេះជាការប្រកួតប្រជែងដ៏ខ្លាំងមួយ រវាងកីឡាការិនីទាំងពីរ។«ខ្ញុំមិនដែលមើលងាយគូប្រកួតរបស់ខ្ញុំទេ។ Puja ជាកីឡាការិនី ជើងឯកវូស៊ូ។ Puja មានក្បាច់ចូលច្បាប់ល្អ។ គេពិតជាមិនអាចទស្សន៍ទាយដឹងទេ ឬស្មានដឹងទេ ហើយបម្លាស់ទីល្អ និងបង្កើតសកម្មភាពរហូត»។ ម្ចាស់ខ្សែក្រវាត់ ONE World Champion ពីរស្ថាប័នរៀបរាប់បែបនេះ។
Stamp គូសបញ្ជាក់ទៀតថា៖«ដៃគូរបស់ខ្ញុំបានដឹងច្បាស់ថា ខ្ញុំរឹងចំពោះប្រកួតឈរ។ គេ [Tomar] អាចនឹងចូលចាប់ខ្ញុំផ្ដួល។ ដូច្នេះខ្ញុំធ្វើការងារខ្លាំង ទាំងការការពារចូលចាប់ និងការចាប់ផ្ដួល។ គម្រោងរបស់ខ្ញុំសាមញ្ញៗ គឺប្រកួតក្នុងជំហរ, ប្រើក្បាច់មួយថៃ និងការពារកុំឲ្យគេចាប់បាន។ បើសិនជាគេចូលចាប់ផ្ដួល ខ្ញុំអាចទប់ទល់បាន។ ខ្ញុំក៏មានទំនុកចិត្ត ពីការប្រកួតនៅជំហរដេក ហើយខ្ញុំដឹងថាខ្ញុំពូកែគ្រប់គ្រាន់»។
Stamp ក៏ប្រកួតបានល្អដែរ ក្នុងជំហរដេកនាពេលកន្លងទៅ ពេលឈ្នះ Roka ដែលជាមិត្តរួមជាតិរបស់ Tomar នៅសង្វៀន ONE: DREAMS OF GOLD កាលខែ សីហា។ វីរនារីរបស់ថៃបានបញ្ចប់គូប្រកួត ដោយប្រើក្បាច់គាបដៃ លើកកីឡាការិនីរហស្សនាម «Knockout Queen» ឲ្យចុះចាញ់នៅទឹកទី៣។
បន្ទាប់មកកីឡាការិនីថៃ យកឈ្នះកីឡាការិនីវៀតណាម Nguyen នៅសង្វៀន ONE: MASTERS OF FATE កាលខែ វិច្ឆិកា។ កីឡាការិនីមកពីក្លិប Fairtex បានប្រើជង្គង់ទាត់យ៉ាងខ្លាំងៗ និងក្បាច់ម៉ាត់ចំៗ ដើម្បីឈ្នះពិន្ទុជាឯកច្ឆន្ទ លើNguyen។ បើសិន Stamp អាចផ្ដួល Tomar នោះម្ចាស់ខ្សែក្រវាត់មកពីថៃ កាន់តែខិតជិតទៅដណ្ដើមខ្សែក្រវាត់ ONE Women’s Atomweight World Champion។
«នេះជាការប្រកួតសំខាន់សម្រាប់ខ្ញុំ។ ដូច្នេះនេះជាឱកាសរបស់ខ្ញុំ ដើម្បីអភិវឌ្ឍខ្លួន ក្នុងក្បាច់គុនចម្រុះ។ Angela Lee ជាម្ចាស់ខ្សែក្រវាត់។ ឱកាសរបស់ខ្ញុំ ប្រកួតទល់នឹង Lee ជាគោលការណ៍ឈ្នះៗសម្រាប់ខ្ញុំ»។ តារារបស់ថៃរំលឹកបែបនេះ។
បែបណាក៏ដោយ Stamp មានផលចំណេញនៅដើមខែមករាខាងមុខ ដោយសារមានមិត្តភ័ក្ដ គ្រួសារ និងអ្នកគាំទ្រជាច្រើនបានទៅគាំទ្រ ព្រោះវាជាការប្រកួតនៅក្នុងប្រទេសកំណើត។ នារីក្លាហានរបស់ថៃ សច្ចាថា នាំយកជ័យជម្នះជូន មិត្តភ័ក្ដិ គ្រួសារ និង អ្នកគាំទ្រនាពេលខាងមុខ។ Stamp សង្កត់ធ្ងន់ថា ៖«ខ្ញុំស្រលាញ់ការប្រកួតនៅថៃ។ ប៉ាម៉ាក់របស់ខ្ញុំ និង គ្រួសាររបស់ខ្ញុំនឹងមកទស្សនា ហើយខ្ញុំមានការគាំទ្រច្រើនណាស់។ ខ្ញុំត្រូវតែឈ្នះ ប៉ុន្តែខ្ញុំនឹងរៀបចំខ្លួនដោយរបៀបណា? ខ្ញុំមិនទាន់ដឹងទេពេលនេះ តែ វាអាស្រ័យលើការប្រកួតជាក់ស្ដែង»។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕