ជាតិ
សង្គមជាតិ
បាក់អគារនៅកែប៖ អ្នករបួសបានជំនួយ១ម៉ឺនដុល្លារ ឯគ្រួសារអ្នកស្លាប់ បាន៥ម៉ឺនដុល្លារ
04, Jan 2020 , 1:22 pm        
រូបភាព
ដើម្បីជួយសម្រាលការលំបាក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបែងចែកថវិកាសម្រាប់ឧបត្ថម្ភដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប ដោយប្រគល់ជូន៥ម៉ឺនដុល្លារ ដល់គ្រួសារនៃអ្នកបាត់បង់ជីវិតម្នាក់ៗ និងជូន១ម៉ឺនដុល្លារដល់អ្នកនៅមានជីវិតម្នាក់ៗ។សម្តេចនាយករដ្ឋមន្រ្តី សរសេរក្នុង Comment នៃទំព័រហ្វេសបុករបស់ខ្លួនថា ថវិកាទាំងនោះ គឺបានមកពីការរួមចំណែករបស់សប្បុរសជន និងមួយចំនួនទៀត គឺជាថវិការបស់រដ្ឋ។



ប្រមុខរដ្ឋាភិបាល អះអាងថា សម្រាប់គ្រួសារនៃអ្នកស្លាប់ នៅទទួលបានថវិការដ្ឋ២,៥ពាន់ដុល្លារបន្ថែមទៀត សម្រាប់ការធ្វើបុណ្យ។ ប្រមុខរដ្ឋាភិបាល បញ្ជាក់បែបនេះថា៖«ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិការទៅដល់ផ្ទះនៃគ្រួសារសព»។

អគារដែលដំណើរការសាង់សង់បាន៩០ភាគរយហើយនោះ បានបាក់រលំនៅល្ងាចម៉ោងជាង៤ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ គិតមកដល់ព្រឹកថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះជាកម្មករសំណង់២៥នាក់ហើយ ដោយក្នុងនោះមាន៧នាក់ បានស្លាប់។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះក្នុងគំនរអគារនោះ។ 

លោក ឯក សារុន និង ភរិយា ដែលជាម្ចាស់អគារបាក់រលំនេះ ត្រូវបានចាប់ខ្លួនយកទៅសួរហើយ។ ទន្ទឹមគ្នានេះ លោក ជា សុផារ៉ា បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យនៃការសាងសង់អគារនេះ៕

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com