អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី ត្រាំ​៖ សម្លាប់ Soleimani គឺ​ដើម្បី «​បញ្ឈប់​សង្គ្រាម​»
04, Jan 2020 , 2:14 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងអំឡុងសន្និសីទព័ត៌មាន នៅរដ្ឋ Florida នៅថ្ងៃ ៣ មករា ២០២០(AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងអំឡុងសន្និសីទព័ត៌មាន នៅរដ្ឋ Florida នៅថ្ងៃ ៣ មករា ២០២០(AFP)
ដោយ:
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​អ៊ីរ៉ង់ Qasem Soleimani ក្នុង​គោលដៅ​បញ្ឈប់​សង្គ្រាម ដោយ​ពុំមែន​ចាប់ផ្តើម​វា​ឡើយ​។ ជាមួយគ្នានេះ មេដឹកនាំ​រូបនេះ អះអាងថា លោក​ក៏​គ្មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​អ៊ិ​រ៉ង់​ផងដែរ​។ ខណៈ​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​តេ​ហេ​រ៉ង់​កាន់តែ​ឡើងក​ម្ដៅ សហរដ្ឋអាមេរិក​បាន​បញ្ជូន​ទ័ព​រាប់ពាន់នាក់​បន្ថែមទៀត​ទៅកាន់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ កាលពី​ថ្ងៃ​សុក្រ ៣ មករា ក្រោយ​អ៊ីរ៉ង់​ប្តេជ្ញា​សងសឹក​ធ្ងន់ធ្ងរ​។​

 
 
​ពីរ​ដ្ឋ Florida ក្នុង​សន្និសីទ​ព័ត៌មាន​មួយ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ Soleimani  ត្រូវបាន​សម្លាប់ចោល នៅពេល​លោក​បាន​ប៉ុនប៉ង់​វាយប្រហារ​លើ​មន្ត្រី​ទូត​អាមេរិក​។ យ៉ាងណាមិញ មេដឹកនាំ​អាមេរិក​រូបនេះ បញ្ជាក់​ជំហរ​ថា ក្រុង​វ៉ាស៊ីនតោន ពុំមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឡើយ​។ 
 
«Soleimani បានរៀបចំ​ផែនការ​វាយប្រហារ​ដ៏​អាក្រក់​លើ​មន្ត្រី​ទូត​អាមេរិក និង​កងទ័ព​អាមេរិក ក៏ប៉ុន្តែ​យើង​បាន​ទប់ស្កាត់​សកម្មភាព​របស់​បុគ្គល​នេះ​»​។ លោក ដូ​ណា​ល់ ត្រាំ លើកឡើង​បែបនេះ ដោយ​បន្ថែមថា រជ្ជកាល​នៃ​ភេរវកម្ម​របស់​ឧ​ត្ត​ម​សេនីយ៍ Soleimani បានបញ្ចប់​ត្រឹមនេះ ក្រោយ​ការវាយប្រហារ​តាម​ដែនអាកាស​នៅ​ព្រលានយន្តហោះ​ក្រុង​បា​ដា​ដ​ក្នុងប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​សុក្រ​។ លោក សង្កត់ធ្ងន់ថា លោក Soleimani គួរ​ត្រូវបាន​សម្លាប់​តាំងពី​ច្រើន​មកហើយ​។​
 
​ទំនងជា​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ក្រុង តេ​ហេ​រ៉ង់ លោក​ប្រធានាធិបតី ត្រាំ បានបញ្ជាក់​ជំហរ​ថា លោក​ពុំ​ចង់​បង្កាត់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នោះឡើយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ សង្កត់ធ្ងន់ថា​៖«​យើង​ពុំ​ធ្វើ​សកម្មភាព​នេះ​ដើម្បី​បង្កាត់​ភ្នក់ភ្លើងសង្គ្រាម​មួយ​ឡើយ​។ យើង​ក៏​មិន​ចង់​ការផ្លាស់ប្តូរ​របប​ផងដែរ​»​។  
 
​ការសម្លាប់​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ទី​២​នៅ​អ៊ីរ៉ង់​បែបនេះ ប្រៀបដូចជា​ការចាក់​សាំង​លើ​ភាព​តានតឹង​ដែលមាន​ស្រាប់​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​។ ក្រោយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​ព្រមាន​សងសឹក​ធ្ងន់ធ្ងរ​ប្រឆាំង​សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក បានសម្រេច​បញ្ជូន​កង​ទ័ព​៣​ពាន់​នាក់​បន្ថែមទៀត​ទៅកាន់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ​ដើម្បី​តាមដាន​ស្ថានការណ៍​។ គេ​ប៉ាន់​ស្មានថា បច្ចុប្បន្ននេះ កងទ័ព​អាមេរិក​ប្រមាណ ៥២០០ នាក់ កំពុង​ឈរជើង​ក្នុងប្រទេស​អ៊ីរ៉ង់​។ ទន្ទឹមនេះ ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​បា​ដា​ដ ក៏បាន​ទទូច​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ចាកចេញ​ពី​ប្រ​ទស​អ៊ីរ៉ាក់​ភ្លាមៗ​ផងដែរ​។​
 
​ដោយឡែក ២៤​ម៉ោង​ក្រោយ​ការសម្លាប់​លោក​ឧ​ត្ត​ម​សេនីយ៍ Soleimani ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ាក់ បាន​ចុះផ្សាយ​ថា វា​មានការ​វាយប្រហារ​តាម​ដែន​ក​អាស​ផ្សេងទៀត​ក្នុងប្រទេស​នេះ​។ យ៉ាងណាមិញ គេ​ពុំទាន់​ទទួលបាន​បកស្រាយ​ណាមួយ​ពី​ក្រុង​វ៉ាស៊ីនតោន​នៅឡើយ​ទេ​។ ប្រភព​យោធា​អ៊ីរ៉ាក់​មួយ បាន​ប្រាប់​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​ថា មនុស្ស ៦ នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ថ្មីៗ​នេះ ដែល​បាញ់​តម្រង់​លើ​ក្បួន​រថយន្តយោធា​មួយ​របស់​កងទ័ព​អ៊ីរ៉ាក់ កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍ ទី ៤ មករា (​ម៉ោង​ក្នុងស្រុក​)៕

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់​ត្រាំ​
  Qasem Soleimani
© រក្សាសិទ្ធិដោយ thmeythmey.com