អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ា​គី​ស្ថាន គិតគូរ​ប្រើ​ធម៌​ក្តៅ​ប្រឆាំង​មន្ត្រី​ដែល​អនុញ្ញាត​សំណង់​ខុសច្បាប់​
04, Jan 2020 , 7:39 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ស៊ើបអង្កេត​មួយ​របស់​ប៉ា​គី​ស្ថាន បាន​បង្ហើប​ថា ពួកគេ​រៀបចំ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​មន្ត្រី​របស់​អាជ្ញាធរ​គ្រប់គ្រង​សំណង់ Sindh របស់​រដ្ឋ (SBCA) ដែល​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​មានការ​សាងសង់​ខុសច្បាប់​។ គណៈកម្មាធិការ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលដៅ​រក​ចន្លោះប្រហោង ដែល​ឈានដល់​ការបាក់​រលំ​អគារ​៦​ជាន់ ក្នុង​ទីក្រុង Karachi ប្រទេស ប៉ា​គី​ស្ថាន កាលពីដើម​សប្តាហ៍​នេះ​។ 

​សារព័ត៌មាន​ក្នុងស្រុក ប៉ា​គី​ស្ថាន ឈ្មោះថា ARY NEWS បាន​ចុះផ្សាយ នៅ​ថ្ងៃ ៣ មករា ឆ្នាំ​២០២០ ថា គណៈកម្មាធិការ​មាន​សមាជិក​៥​នាក់ បាន​ជួប​ពិភាក្សាគ្នា​មួយ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការបាក់​រលំ​ភ្លាមៗ​នៃ​អគារ​កម្ពស់​៦​ជាន់ ក្នុង​ទីក្រុង Karachi ។ 
 
​ក្រោយ​បញ្ចប់​ជំនួប ប្រធាន​គណៈកម្មាធិការ​ដដែល​នេះ បាន​អះអាងថា មន្ត្រី​របស់​អាជ្ញាធរ​គ្រប់គ្រង​សំណង់​រដ្ឋ (SBCA) បាន​សារភាពថា សំណង់​ដែល​បាក់​រលំ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ខុសច្បាប់​។ តាម​ប្រភពព័ត៌មាន​ក្នុងស្រុក​ដដែល ពួកគេ និយាយ​ដូច្នេះ​ថា​៖«​ម្ចាស់​អគារ​នេះ ទទួលបាន​អន្តរាគមន៍ (stay order) ពី​តុលាការ​ដើម្បី​សាងសង់​អគារ​នេះ​»​។ 
 
​ទន្ទឹមនេះ គណៈកម្មាធិការ​ស៊ើបអង្កេត​ដដែល​នេះ បាន​សាកសួរ​ព័ត៌មាន​លម្អិត​ពី​មន្ត្រី SBCA ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង ដោយ​ពួកគេ​ពុំបាន​ផ្តល់ដំណឹង​ជុំវិញ​សំណង់​ខុសច្បាប់​ជូន​ដល់​អាជ្ញាធរ​ឲ្យ​ទាន់ពេលវេលា​។ ត្រង់ចំណុច​នេះ គណៈកម្មាធិការ​នេះ បាន​បង្ហើប​ថា ខ្លួន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​មន្ត្រី​ពុករលួយ​ទាំងនេះ​។ ម្យ៉ាងទៀត ចំណាត់ការ​ផ្លូវច្បាប់​លើ​ម្ចាស់​អគារ​និង​អ្នក​សាងសង់​ទីតាំង​សំំ​ណង់ ក៏ត្រូវ​លើកយក​ទៅ​ពិភាក្សា​អំឡុង​ជំនួប​របស់​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ប៉ា​គី​ស្ថាន​ខាងលើ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ប៉ា​គី​ស្ថាន DAWN.com លោក Waqar Mehdi ប្រធាន​ក្រុមអធិការកិច្ច​របស់​នា​យក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន បាន​បញ្ជាក់ថា​៖«​ការស៊ើបអង្កេត​ក្នុង​ឧបទ្ទវ​ហេតុនេះ ពិតជា​នឹង​ជួយ​បង្កើត​ប្រព័ន្ធ​គណនេយ្យភាព​នៅក្នុង​ស្ថាប័ន ហើយ​បង្កើត​ឧទាហរណ៍​មួយ​សម្រាប់​ពេលអនាគត​ផងដែរ​»​។ 
 
​មែនទែនទៅ សំណង់​អគារ ៦ ជាន់​ដែល​បាក់​រលំ​នេះ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ៣០ ខែធ្នូ ឆ្នាំ​២០១៩ ត្រូវបាន​សាងសង់ឡើង តាំងពី​ឆ្នាំ ២០០៤ មកម្ល៉េះ​។ អគារ​នេះ មាន​ហាង​ទំនិញ​ចំនួន ២ និង​ផ្ទះល្វែង​ចំនួន ១៩ ទី​ដែល​មនុស្ស​ជាច្រើន​គ្រួសារ កំពុង​រស់នៅ ចាប់តាំងពី​ពេលនោះ​មក ។ ជា​សំណាងល្អ តាម​របាយការណ៍ គ្មាន​អ្នកស្លាប់​ឡើង​ក្នុង ឧបទ្ទវហេតុ បាក់​រលំ​អគារ​នេះ ខណៈ​ពួកគេ​ត្រូវបាន​គេ​ជម្លៀសចេញ ទាន់ពេលវេលា​មុននឹង​ហេតុការណ៍​នេះ​កើតឡើង​។ 
 
​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​កើតហេតុ​ការណ៍​បាក់​អគារ​នេះ ប្រធាន​នៃ​អាជ្ញាធរ​គ្រប់គ្រង​សំណង់​រដ្ឋ​របស់​ប៉ា​គី​ស្ថាន ក៏បាន​បង្កើត​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​មាន​សមាជិក​៧​នាក់​មួយ​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការបាក់​រលំ​អគារ​នេះ​។ ទន្ទឹមនេះ ពួកគេ ក៏​រកមើល​ឈ្មោះ​មន្ត្រី​ដែល​បានអនុម័ត​ម្រោ​ង​សំណង់​នេះ ហើយ​សម្ភារ​ដែល​យកទៅ​ប្រើប្រាស់​ក្នុង​សំណង់​អគារ​នេះ​ផងដែរ​៕
 
 

Tag:
 ប៉ា​គី​ស្ថាន​
  សំណង់​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com