អន្តរជាតិ
​បច្ចេកវិទ្យា
តើ​ឈ្មោះ​នៃ​ភ្នំ «​ហ្វូ​ជី​» របស់​ជប៉ុន​មានន័យ​ដូចម្តេច​?
04, Jan 2020 , 3:33 pm        
រូបភាព
​ភ្នំ​«​ហ្វូ​ជី​»​ឬ​«​ហ្វូ​ជី​សាន​» (FUJI) ជា​គឺជា​ភ្នំ​ដែលមាន​ភាពល្បីល្បាញ​ក្នុង​ពិភពលោក និង​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​ជប៉ុន ដែលមាន​កម្ពស់​រហូត​ទៅដល់​៣៧៧៦​ម៉ែត្រ និង​មាន​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ​ខាងលិច​ទីប្រជុំជន​នៃ​ទីក្រុង​តូ​ក្យូ​។ វា​មួយ​នឹង​សម្រស់​ដ៏​ស្រស់ស្អាត​ពី​ចម្ងាយ មិន​ថា​ពីលើ​អាកាស ពីលើ​ដី ឬ​ពី​នាវា​ដែល​ធ្វើដំណើរ​តាម​សមុទ្រ​ឡើយ ភ្នំ​មួយ​នេះ​តែង​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ទៅ​ទស្សនា​ជានិច្ច ជាមួយនឹង​ច​ង្អេះ​ភ្នំ​ពណ៌​ខៀវ​ថ្លា កំពូលភ្នំ​ពណ៌​ស និង​ជើងភ្នំ​គ្របដណ្តប់​ដោយ​ភូមិ​ប្រជាជន​តូចៗ​។

 
​ទោះបីជា​សម្រស់​ដ៏​មិនអាច​កាត់ថ្លៃ​បាន​យ៉ាងនេះ​មែន អ្នកវិទ្យាសាស្ត្រ​ខាង​ភូមិសាស្ត្រ​វិទ្យា​នៅតែ​បង្ហាញថា ភ្នំ​ហ្វូ​ជី​គឺជា​ប្រភេទ​ភ្នំភ្លើង​សកម្ម​នៅឡើយ​។ គេហទំព័រ Britannica បាន​បញ្ជាក់ថា លើកចុងក្រោយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​ភ្នំ​ហ្វូ​ជី​បាន​ផ្ទុះ​ចេញ​កម្អែល​ម៉ាក់​មា និង​ផ្សែង​អាប់​ខ្មៅ​ទាំងនោះ​គឺ​នៅក្នុង​ឆ្នាំ​១៧០៧​។ 
 
​ប្រវត្តិសាស្ត្រ​នៃ​ឈ្មោះ​របស់​ភ្នំ​ហ្វូ​ជី​មិនត្រូវ​បាន​គេ​កត់ត្រា​ទុក​ឲ្យ​បានច្បាស់លាស់​នោះឡើយ​។ តែបើ​តាម​ការស្រាវជ្រាវ​ទៅលើ​កំណត់ត្រា​បុរាណ​របស់​រដ្ឋាភិបាល​ជប៉ុន​កាលពី​ឆ្នាំ​៧១៣​នៃ​គ្រឹ​ស្ត​សករាជ បាន​និយាយថា ឈ្មោះ​«​ហ្វូ​ជី​»​មានន័យថា​«​ភ្លើង​»​ចំណែកឯ​«​សាន​»​មានន័យថា​«​ភ្នំ​»​ជា​ភាសា​ជប៉ុន​។ 
 
​ភ្នំ​មួយ​នេះ​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ប្រជាជន​ជប៉ុន និង​ប្រទេស​ជប៉ុន​ផងដែរ ដោយ​រៀងរាល់​រដូវក្តៅ ប្រជាជន​របស់​ពាន់​នាក់​បានធ្វើ​ដំណើរ​ឡើងលើ​ភ្នំ​នោះ​ដើម្បី​ទៅ​ទស្សនា​ព្រះវិហារ​ដែល​ត្រូវបាន​គេ​សាងសង់​នៅ​ខាងលើ​។ អាយុ​ពិតប្រាកដ​នៃ​ភ្នំ​មួយ​នេះ​មិនទាន់​ត្រូវបាន​គេ​កំណត់​ឲ្យ​ច្បាស់លាស់​នៅឡើយ​នោះទេ​។ តែ​ទិន្នន័យ​មួយចំនួន​បាន​និយាយថា ភ្នំ​ហ្វូ​ជី​មាន​ដើមកំណើត​ប្រមាណ​ជា​២,៦​លាន​ឆ្នាំ​មួយ នៅលើ​បាត​សណ្ឋាន​ដី​ដែលមាន​អាយុ​រហូត​ទៅដល់​៦៥​លាន​ឆ្នាំ ជាមួយនឹង​ការផ្ទុះ​ដំបូង​កាលពី​៦​សែន​ឆ្នាំមុន​។ 
 
​ភ្នំ​ហ្វូ​ជី​ដែល​អ្នកទស្សនា​មើលឃើញ​សព្វថ្ងៃ​គឺជា​លទ្ធផល​នៃ​ប​ន្ទុះ​ភ្នំភ្លើង​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ដែល​ក្រោយ​ប​ន្ទុះ​និ​មួយៗ ក​ម្អែ​ង​ភ្នំភ្លើង​ន​ដែល​បាន​ហ៊ា​ចេញមកក្រៅ​បាន​បង្ក​ទៅជា​ស្រទាប់​ភ្នំ​ថ្មីៗ​បន្តទៀត​។ ភ្នំ​ហ្វូ​ជី​មាន​បរិមាត្រ​នៃ​ផ្ទៃ​បាត​ប្រមាណ​ជា​១២៥​គីឡូម៉ែត្រ និង​អង្កត់ផ្ចិត​បាត​ចាប់ពី​៤០​ទៅ​៥០​គីឡូម៉ែត្រ​។ ចំណែកឯ​នៅ​កំពូលភ្នំ​ភ្លើង​នេះ​វិញ មាត់​ភ្នំភ្លើង​មាន​អង្កត់ផ្ចិត​ក្នុង​រង្វង់​៥០០​ម៉ែត្រ ជាមួយនឹង​ជម្រៅ​២៥០​ម៉ែត្រ​ចុះទៅ​ក្រោម​។ នៅ​ជុំវិញ​ភ្នំ​មួយ​នេះ​មាន​វត្ត​មាននៃ​បឹង​ចំនួន​៥​កន្លែង ដែលជា​កន្លែង​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​៕

© រក្សាសិទ្ធិដោយ thmeythmey.com