ក្រុមអ្នកបុរាណវិទ្យា បានធ្វើកំណាយនៅទីតាំងស្ពានបុរាណមួយកន្លែង ដែលភ្ជាប់ពីតំបន់រលួសទៅតំបន់អង្គរ។ កំណាយនេះ គឺដើម្បីដឹងពីរចនាសម្ព័ន្ធបន្ថែមទៀត នៃបណ្ដាញគមនាគមន៍ផ្លូវបុរាណសម័យអង្គរ។
ចង់ដឹងថា តើកំណាយនេះបានរកឃើញស្លាកស្នាមអ្វីខ្លះពីរចនាសម្ព័ន្ធផ្លូវបុរាណនេះ សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ក្រុមអ្នកបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយនៅទីតាំងស្ពានបុរាណមួយកន្លែងឈ្មោះថា ស្ពានក្អែក ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង។ ស្ពាននេះ គឺជាស្លាកស្នាមដ៏សំខាន់មួយនៃរចនាសម្ព័ន្ធផ្លូវបុរាណសម័យអង្គរ ដែលភ្ជាប់ពីតំបន់រលួសដែលជាអតីតរាជធានី ហរិហរាល័យ ទៅកាន់តំបន់អង្គរដែលមានរាជធានី យសោធរ។
លោក សួម សុភា បុរាណវិទូដែលដឹកនាំធ្វើកំណាយនិយាយថា ក្រុមការងាររបស់លោក បានចាប់ផ្តើមធ្វើកំណាយនៅទីនេះ ពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៧ ធ្នូ។ កំណាយនេះ ធ្វើឡើងក្នុងបំណងសិក្សាបន្ថែម ពីរចនាសម្ព័ន្ធផ្លូវបុរាណ ដែលភ្ជាប់ទំនាក់ទំនងពីតំបន់រលួស ទៅតំបន់អង្គរ។ ក្នុងការងារនេះ អ្នកបុរាណវិទ្យាបានបើករណ្ដៅកំណាយចំនួន៥ ដើម្បីមើលពីការចាក់បង្ហាប់ដី សិក្សាពីការធ្វើផ្លូវសម័យបុរាណ និងស្វែងយល់ពីប្រព័ន្ធប្រឡាយដែលធ្វើសងខាងផ្លូវ។
បន្ទាប់ពីបើករណ្ដៅស្រាវជ្រាវរួច ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញស្រទាប់ដីចាក់បង្ហាប់ ដើម្បីស្ថាបនាផ្លូវបុរាណមាន៣ស្រទាប់ ដែលស្រទាប់ទី១ ចាក់បង្ហាប់ដោយប្រើល្បាយដីខ្សាច់លាយជាមួយឥដ្ឋ។ ស្រទាប់ទី២ ចាក់បង្ហាប់ដោយប្រភេទល្បាយថ្មបាយក្រៀម និងស្រទាប់ទី៣ ចាក់បង្ហាប់ដោយប្រើល្បាយដីខ្សាច់។ ក្នុងនោះក្រុមអ្នកបុរាណវិទ្យា ក៏បានបើករណ្ដៅនៅជិតគល់ស្ពានបុរាណឆ្លងកាត់អូរមួយ ក្រោយប្រទះឃើញមានកម្ទេចថ្មរាយប៉ាយច្រើន។ តាមការសន្និដ្ឋាន ថ្មទាំងនោះ អាចយកមកសង់ស្ពានហើយសល់ ក៏ត្រូវបានតម្រៀបទុកនៅជិតនោះ ហើយមានការដួលរាយប៉ាយមកលើផ្លូវ។ ការសន្និដ្ឋានមួយទៀត គឺថ្មទាំងនោះអាចយកមកជួសជុលស្ពាន។
តាមការសិក្សាស្រាវជ្រាវនៅសម័យបារាំង បានហៅស្ពានបុរាណនេះថា ស្ពានថ្ម ដែលសង់កាត់អូរស្ពានដែក។ យ៉ាងណា ទាក់ទងនឹងឈ្មោះនេះ ក្រុមអ្នកស្រាវជ្រាវសម័យក្រោយមក បានទាញសេចក្ដីសន្និដ្ឋានថា ប្រហែលជាបារាំងស្ដាប់សំនៀងខ្មែរមិនច្បាស់ ទើបស្ដាប់សំនៀងដែលអ្នកស្រុកហៅ អូរស្ពានក្អែក ទៅជាអូរស្ពានដែក។ តាមការសាកសួរក្រោយមក អ្នកភូមិទីនេះ ហៅថាអូរស្ពានក្អែក មិនមែនអូរស្ពានដែកទេ។ ស្ថានភាពបច្ចុប្បន្ន ស្ពាននេះមានប្រវែង២១ម៉ែត្រ ទទឹង៦ម៉ែត្រ មានរន្ធត្រដេវ ឬរន្ធបង្ហូរទឹក៨ កម្ពស់២ម៉ែត្រ សង់ពីថ្មបាយក្រៀម ដែលសព្វថ្ងៃ មានការដួលរលំស្ទើរទាំងស្រុងទៅហើយ។ ដោយសារស្ថានភាពបែបនេះ ទើបអូរដែលធ្លាប់ហូរកាត់ បានបង្វែរចរន្តហូរចាក់ទៅចំណុចចុងស្ពានវិញ ដើម្បីបង្កើតមាត់អូរថ្មី។
ទាក់ទងនឹងប្រវត្តិស្ពាននេះ លោក សួម សុភា ពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«ការសាងសង់ស្ពាននេះ មិនទាន់ច្បាស់ថា កសាងនៅសម័យកាលណាទេ តែបើយោងតាមទិន្នន័យប្រវត្តិសាស្ដ្រដែលសិក្សាកន្លងមក ផ្លូវបុរាណមួយខ្សែ អាចធ្វើក្នុងសម័យកាលពីរ មួយគឺសម័យព្រះបាទ យសោវរ្ម័នទី១ គ្រងរាជ្យពីឆ្នាំ៨៨៩ ដល់ឆ្នាំ៩១០ នៃគ.ស ព្រះអង្គបានដូររាជធានីពីតំបន់រលួស មកកសាងរាជធានីថ្មីនៅតំបន់អង្គរហៅថា យសោធរ ដែលមានភ្នំបាខែងជាចំណុចកណ្ដាល។ ដល់ឆ្នាំ ៨៩៣ ព្រះអង្គត្រឡប់មកកសាងប្រាសាទមួយ ដើម្បីឧទ្ទិសថ្វាយដល់បុព្វការីជន គឺប្រាសាទលលៃ អីចឹងផ្លូវបុរាណមួយខ្សែនេះ អាចកសាងដំបូងនៅសម័យកាលព្រះបាទយសោវរ្ម័នទី១។ ទី២ ប្រហែលអាចបន្ថែមក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលយើងថ្នល់បច្ចុប្បន្ន ដែលឃើញផ្លូវតភ្ជាប់ ពីជ្រុងបារាយណ៍ នៃទិសអាគ្នេយ៍ នៃបារាយណ៍ឥន្ទ្រតាដាក រហូតដល់កំពង់ក្ដី និងរហូតសម្បូរព្រៃគុក»។
អាចនិយាយបានថា នេះជាភស្ដុតាងមួយបន្ថែមទៀត ដែលជារចនាសម្ព័ន្ធផ្លូវបុរាណសម័យអង្គរ។ ផ្លូវនេះភ្ជាប់ពីរាជធានីអង្គរទៅប្រាសាទភិម័យ ដែលស្ថិតនៅប្រទេសថៃសព្វថ្ងៃ ពីរាជធានីអង្គរទៅរាជធានីចម្ប៉ា និងលើផ្លូវវង់មួយខ្សែ ដែលចេញពីរាជធានីអង្គរ រួចត្រឡប់ចូលរាជធានីនេះវិញ។ យោងតាមឯកសារពីគម្រោងនេះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាម ដែលជារចនាសម្ព័ន្ធនៃផ្លូវបុរាណនេះ ដែលរួមមាន ខ្សែផ្លូវ ប្រព័ន្ធទឹក (ទំនប់ប្រឡាយ) ប្រាសាទ មន្ទីរពេទ្យ សាលាសំណាក់ ស្ពាន និងស្រះទឹក ដែលតាំងនៅតាមបណ្ដោយផ្លូវនេះ។
បន្ទាប់ពីសិក្សារួចហើយ ក្រុមអ្នកបុរាណវិទ្យាបានលុបរណ្ដៅកំណាយវិញ នៅថ្ងៃទី២៣ ធ្នូ។ មុនពេលបើករណ្ដៅកំណាយ ក្រុមការងារក៏បានរៀបចំពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ផងដែរ។ នេះជាជំនឿដែលគេឃើញអនុវត្តន៍ នៅតាមកន្លែងកំណាយនីមួយៗ។
អ្នកជំនាញមិនទាន់ដឹងទេថា តើក្រោយធ្វើកំណាយ និងដឹងពីរចនាសម្ព័ន្ធមួយផ្នែកនៃផ្លូវបុរាណ ក៏ដូចជាស្ពានបុរាណនេះ អាចនឹងមានការជួសជុលឬយ៉ាងណាទេ។ លោក សុង សុភា ប្រាប់ថាអាចនឹងមានការជួសជុលទៅថ្ងៃខាងមុខឬអត់ គឺអាស្រ័យលើផែនការការងាររបស់នាយកដ្ឋាន៕