សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកគ្រូ​អេ​ស្ប៉ា​ញ​ម្នាក់​ស្លៀកពាក់​ទៅតាម​មេរៀន ដើម្បី​ងាយស្រួល​ពន្យល់​សិស្ស​
04, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ធីតា
 អ្នកស្រី Veronica Duque ជា​គ្រូ​ថ្នាក់​បឋម​ម្នា​ក់នៅ​អេ​ស្ប៉ា​ញ ដោយ​គាត់​បង្រៀន​មេរៀន​វិទ្យាសាស្ត្រ​ទាំង​ភាសា​អេ​ស្ប៉ា​ញ និង​អង់គ្លេស​។ នៅ​ម៉ោង​សិក្សា​ផ្នែក​កាយវិភាគសាស្ត្រ អ្នកគ្រូ​វ័យ​៤៣​ឆ្នាំ​រូបនេះ គាត់​បាន​ប្តូរ​សម្លៀកបំពាក់​ដែល​បង្ហាញ​ពី​សព៌ាង្គកាយ​ខាងក្នុង ដើម្បី​ឲ្យ​សិស្ស​ងាយ​ចងចាំ​។ ករណីនេះ ទទួល​នូវ​ការចាត់​អារម្មណ៍​យ៉ាងខ្លាំង​ពេញ​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​។​
 

​អ្នកស្រី Veronica ស្រឡាញ់​អាជីព​ជា​គ្រូបង្រៀន​ពេញ​បេះដូង ដោយ​គាត់​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ដើម្បី​ឲ្យ​សិស្ស​ងាយ​យល់ ងាយ​ចងចាំ​។ «​ខ្ញុំ​បានឃើញ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្លៀកបំពាក់​នេះ​នៅលើ AliExpress ហើយ​ខ្ញុំ​មើលឃើញ​ពី​ពិបាក​ក្នុង​ការពន្យល់​ណែនាំ​សិស្ស​ទាក់ទង​នឹង​សព៌ាង្គកាយ ហេតុដូច្នេះ ខ្ញុំ​ក៏​សម្រេចចិត្ត​សាកល្បង​ពាក់​ពេល​បង្រៀន​»​។ គាត់​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន Bored Panda​។
 

​ស្វាមី​របស់​អ្នកស្រី Veronica ផ្ទាល់ គឺជា​អ្នក​ថត​សកម្មភាព​សកម្មភាព ដោយ​គាត់​មាន​អារម្មណ៍​រីករាយ​ដែល​ភរិយា​ខ្លួន​រក​នឹកឃើញ​វិធីសាស្ត្រ​បង្រៀន​កូនសិស្ស​ឲ្យ​ឆាប់​ចងចាំ​បែបនេះ​។ អ្នកគ្រូ Veronica បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចូលចិត្ត​តុបតែង​ទៅតាម​មេរៀន​ដែល​បង្រៀន​ដូចជា ប្រវត្តិវិទ្យា និង​មេរៀន​ផ្សេងទៀត រួមមាន​វេយ្យាករណ៍ នាម គុណនាម និង​កិរិយាស័ព្ទ ជាដើម​»​។​
 
​អ្នកស្រី​មានបទពិសោធន៍​បង្រៀន​១៥​ឆ្នាំ​ហើយ ដោយ​បច្ចុប្បន្ន​គាត់​បង្រៀន​ថ្នាក់​ទី​៣ ដែល​សិស្ស​អាយុ​ក្នុង​រង្វង់​៨​ឆ្នាំ​។ គាត់​មាន​ជំនាញ​លើ​ការបង្រៀន​ផ្នែក​កាយវិភាគសាស្ត្រ វិទ្យាសាស្ត្រ​សង្គម សិល្បៈ ក៏ដូចជា​ភាសា​អង់គ្លេស និង​អេ​ស្ប៉ា​ញ​។​
 
​អ្នកស្រី Veronica មានជំនឿថា ភាពល្បីល្បាញ​របស់ខ្លួន​ក្នុង​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត ជាការ​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​ផ្សេងទៀត​ឲ្យ​ចេះ​រិះរក​វិធីសាស្ត្រ​ថ្មីៗ និង​ប្លែកៗ​ដើម្បី​បង្រៀន​សិស្ស​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com