កីឡាជាតិ
ជាតិ
អ្នកជិះ​កង់​អាជីព​២០​ប្រទេស ចូលរួម​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​
05, Jan 2020 , 7:39 am        
រូបភាព
ដោយ:
 
​កីឡាករ​ប្រណាំង​កង់​អាជីព​មកពី​២០​ប្រទេស ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៤-៦ មករា ឆ្នាំ​២០១៩​។ ការប្រកួត​ឆ្លងកាត់​ខេត្ត​ចំនួន​៣​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​។ ការ​ចម្រាញ់ និង​ពង្រឹងសមត្ថភាព​កីឡាករ​កម្ពុជា សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក៏​ជា​គោលបំណង​មួយ​ផងដែរ​។

 
​នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ឆ្លងកាត់​ខេត្តកោះកុង កំពត កែប នឹង​ឈាន​មកដល់​។ ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​កីឡាករ​កីឡាការិនី​ប្រណាំង​កង់​អាជីព​ជាង​២០០​នាក់​មកពី​២០​ប្រទេស​ឲ្យ​ចូលរួម​។ កីឡាករ​ទាំងនេះ​សុទ្ធសឹង​ជា​កីឡាករ​ប្រណាំង​កង់​អាជីព​លំដាប់​ពិភពលោក ខណៈ​កម្ពុជា​ដាក់​កីឡា​ករពីរ​ក្រុម​ឲ្យ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ដកស្រង់​បទពិសោធ និង​សិក្សា​ពី​បច្ចេកទេស​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​។​
 
​ការប្រកួត​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៤-៦ ខែមករា ឆ្នាំ​២០២០ ដោយ​បែង​ចែកជា​បី​ដំណាក់កាល​។ ក្នុងនោះ​ដំណាក់កាល​ទី​១​រៀបចំ​នៅ​ថ្ងៃទី​៤ មករា ដោយ​ចេញដំណើរ​ពី​រមណីយដ្ឋាន​តារា​សាគរ​ឆ្ពោះទៅ​ទី​រួម​ខេត្តកោះកុង ដែលមាន​ចម្ងាយ​១៥៣,៥​គីឡូម៉ែត្រ​។ ដំណាក់កាល​ទី​២​ធ្វើ​នៅ​ថ្ងៃទី​៥ មករា ដោយ​ចេញដំណើរ​ពី​រង្វង់​មូល សាយ ភូ​ថង ទៅ​ភ្នំ​បូកគោ ដែលមាន​ចម្ងាយ ១៧២,៨​គីឡូម៉ែត្រ​។ ចំណែក​ដំណាក់កាល​ទី​៣​ធ្វើ​នៅ​ថ្ងៃទី​៦ មករា ចេញដំណើរ​ពី​ភ្នំ​បូកគោ​ឆ្ពោះទៅ​ខេត្ត​កែប ដែលមាន​ចម្ងាយ ១៤៧,៧​គីឡូម៉ែត្រ​។  
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្អួត​សម្រស់​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​កម្ពុជា ក្នុងន័យ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​។ ជាពិសេស ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​កម្ពុជា សម្រាប់​ត្រៀម​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។  
 
​ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក្រោម​ជំនួយ​បច្ចេក​ពី​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ​(CUI)​។ សម្រាប់​ព្រឹត្តិការណ៍​នេះ ក៏មាន​ការបិទផ្លូវ​មួយចំនួន​ផងដែរ​៕    
 
 
 

Tag:
 ប្រណាំង​កង់​
© រក្សាសិទ្ធិដោយ thmeythmey.com