ជាតិ
សង្គមជាតិ
ត្រេកអរ! នៅម៉ោង៨:២០នាទីយប់ យកជនរងគ្រោះស្រីម្នាក់ទៀតនៅមានជីវិត ចេញពីគំនរអគារបាក់រលំ
04, Jan 2020 , 8:20 pm        
រូបភាព
ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះជាស្រ្តីម្នាក់ទៀត ក្នុងអគារបាក់រលំនៅក្រុងកែប​ និងបានយកនាងចេញមកក្រៅ ដោយសុវត្ថិភាព នៅម៉ោង៨ៈ២០នាទីយប់ថ្ងៃទី៤ ខែមករានេះ។



ក្រោយត្រូវបានសង្គ្រោះយកចេញពីគំនរអគារ ស្រ្តីនោះ អាចនិយាយនិងដើរបានធម្មតា ដោយមើលទៅទំនងជាមិនរងបួសធ្ងន់ឡើយ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅសួរនាំនាងភ្លាមៗ ពេលនាងចេញពីនគរអគារ។



២-៣នាទីក្រោយមក ក្រុមអ្នកជួយសង្គ្រោះ ក៏បានយកបុរសម្នាក់ទៀតចេញពីគំនរអគារដែរ ដោយគេអះអាងថា អ្នកទាំង២ ជាបងប្អូនគ្នា។ មើលទៅ បុរសនោះ ហាក់មានសភាពទ្រុឌទ្រោមជាងនារីខាងលើ ដែលទំនងជាជនរងគ្រោះជាបុរសនោះ រងរបួសធ្ងន់ជាង។ យ៉ាងណា បងប្អូនទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយយកចេញពីគំនរអគារ។  



គិតត្រឹមម៉ោង៩យប់ថ្ងៃទី៤ ខែមករា ក្រុមអ្នកសង្គ្រោះ បានរកឃើញជនរងគ្រោះ២៩នាក់ហើយ ដោយមាន៧នាក់បានស្លាប់។ ក្នុងចំណោមអ្នកនៅរស់ មានស្រី៧នាក់ ហើយក្នុងចំណោមអ្នកស្លាប់ មានស្រី៥នាក់។ គេ ដឹងថា ភាគច្រើននៃជនរងគ្រោះ គឺជាកម្មករសំណង់។ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះផ្សេងទៀត នៅក្នុងគំនរអគារ។ 

អគារកម្ពស់៦ជាន់នេះ ត្រូវបានសាងសង់រួចរាល់៩០ភាគរយទៅហើយ ហើយក៏បាក់រលំ នៅល្ងាចម៉ោងជាង៤ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ លោក ឯក សារុន និង ភរិយា ដែលជាម្ចាស់អគារនេះ ត្រូវចាប់ខ្លួន។ ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យលើការសាងសង់អគារនេះ៕ 







Tag:
 បាក់អគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com