ជាតិ
បាក់អគារ៖ នាយករដ្ឋមន្រ្តី នឹងចាត់ការអ្នក ដែលស្នើឲ្យដកអភិបាលខេត្តកែប
05, Jan 2020 , 12:06 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខឹងមន្រ្តីរបស់ខ្លួន និងអ្នកផ្សេងទៀត ដែលផ្ញើសារទៅសម្តេចតាម WhatsApp ដើម្បីស្នើឲ្យសម្តេចដកលោក កែន សត្ថា អភិបាលខេត្តកែប បន្ទាប់ពីអគារកម្ពស់៦ជាន់ បាក់រលំនៅក្រុងកែប។ សម្តេចនាយករដ្ឋមន្រ្តី បកស្រាយថា ក្នុងអំឡុងពេលនេះ រឿងដែលសំខាន់បំផុត គឺជួយសង្រ្គោះអាយុជីវិតអ្នកដែលស្ថិតក្នុងគំនរអគារ មិនមែនត្រូវគិតពីរឿងដកអ្នកនេះ-អ្នកនោះចេញពីដំណែងឡើយ។ 

ក្នុង​សន្និសីទកាសែត នៅ​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការបិទ​បញ្ចប់​ការរុករក​ជនរងគ្រោះ​ក្នុង​គំនរ​អគារ ប្រមុខរដ្ឋាភិបាល ប្រកាសនឹងចាត់ការលើអ្នកដែលផ្ញើសារទាំងនោះ ដើម្បីទុកជាព្រមាន។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ដូច្នេះថា៖«មិនមានការដកអភិបាលខេត្តកែបទេ ព្រោះអភិបាលខេត្ត មិនជាប់ពាក់ព័ន្ធនឹងបញ្ហានឹងទេ ទោះជាបញ្ហានឹងកើតឡើងក្នុងដែនដីរបស់ខ្លួនក៏ដោយ។ តែខ្ញុំ នឹងចាត់ការលើមន្រ្តីរបស់ខ្ញុំទៅវិញទេ ដែលវាយសារចូល WhatsApp របស់ខ្ញុំ និងបង្ហោះលើហ្វេសប៊ុក ឲ្យខ្ញុំ ដកអ្នកនេះ ដកអ្នកនោះ»។ 

© រក្សាសិទ្ធិដោយ thmeythmey.com