សង្គមអន្តរជាតិ​
អន្តរជាតិ
ភ្លើង​ឆេះ​នៅ​អូស្ត្រាលី​៖ បញ្ហា​ខ្យល់​ខ្លាំងពេក រំខាន​ការគ្រប់គ្រង​អណ្តាតភ្លើង​
05, Jan 2020 , 2:28 pm        
រូបភាព
ផ្ទៃមេឃឡើងពណ៌ក្រហមដោយសារភ្លើងឆេះព្រៃនៅរដ្ឋ Victoria អូស្ត្រាលី
ផ្ទៃមេឃឡើងពណ៌ក្រហមដោយសារភ្លើងឆេះព្រៃនៅរដ្ឋ Victoria អូស្ត្រាលី
ដោយ:
​ខ្យល់​ខ្លាំង​ដែល​បាន​ផ្លាស់ប្តូរ​ទិសដៅ កំពុង​បង្អាក់​កិច្ចប្រឹងប្រែង​របស់​កង​ពន្លត់​អគ្គិភ័យ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ភ្លើង​ឆេះ​ព្រៃ ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី​។​

 
​ការផ្លាស់ប្តូរ​ទិសដៅ​ខ្យល់​ងាក​ទៅ​ទិស​ខាងត្បូង​ជាមួយ​ល្បឿន​ខ្យល់​ដ៏​លឿន​ដល់​ទៅ ១២៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​គំរាម​ដល់​ការរីក​រាលដាល​ភ្លើង​កាន់តែ​ធំ​សម្បើម ក្នុង​រដ្ឋ New South Wales ។ ចំណែក​នៅក្នុង​រដ្ឋ Victoria ឧ​ទ្ធ​ម្ភា​ចក្រ​យោធា​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ដែល​ជាប់គាំង​ដោយសារ​អណ្ដាតភ្លើង​។ 
 
​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី 9News លោក Shane Fitzsimmons ស្នងការ​ទទួលបន្ទុក​ផ្នែក​អគ្គិភ័យ​របស់​រដ្ឋ New South Wales បាន​អះអាង នៅ​ព្រឹក​ថ្ងៃអាទិត្យ ៥ មករា ថា ផ្ទះ​រាប់រយ​ខ្នង អាច​ត្រូវបាន​បាត់បង់​ក្នុង​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​សៅរ៍​។​
 
​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៩​មក ភ្លើង​ឆេះ​ក្នុងប្រទេស​អូស្ត្រាលី បានសម្លាប់​មនុស្ស​យ៉ាងតិច ២៣ នាក់​។ ផ្ទះ​ជាង​១២០០​ខ្នង ត្រូវបាន​បំផ្លាញ ហើយ​ដី​រាប់លាន​ហិកតា បាន​ឆេះ​ខ្លោច​ខ្ទេចខ្ទី​។ ទោះបី​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​រដ្ឋ New South Wales ដែល​ប៉ះពាល់​ខ្លាំងជាងគេ ភ្លើង​ឆេះ​នេះ បង្ក​ផលប៉ះពាល់​រាល់​រដ្ឋ និង​ទឹកដី​ទាំងអស់​ក្នុងប្រទេស​អូស្ត្រាលី​។ 
 
 
​ម្យ៉ាងវិញទៀត សត្វ​ជិត ៥០០​លាន​ក្បាល ត្រូវគេ​ជឿជាក់ថា បាត់បង់​ជីវិត​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដែល​បន្ត​រាលដាល​ជុំវិញ​ប្រទេស​អូស្ត្រាលី ក្នុងពេល​៣​ខែ​។ រដ្ឋមន្ត្រី​បរិស្ថាន​អូស្ត្រាលី អះអាងថា សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) បាត់បង់​៣០​ភាគរយ​ក្នុង​ហេតុការណ៍​នេះ​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានដាក់​ពង្រាយ​នាវា និង​យន្តហោះ​យោធា ដើម្បី​ប្រមូលផ្តុំ​មនុស្ស​ឲ្យ​នៅ​ជុំគ្នា​, នាំយក​ទឹក អាហារ និង​ប្រេងឥន្ធនៈ​ទៅកាន់​ក្រុង​ដែល​ខ្វះ​ការផ្គត់ផ្គង់​ហើយ​ផ្លូវ​ត្រូវបាន​កាត់ផ្ដាច់​ព្រោះ​ភ្លើង​ជាដើម​។ 
 
​រដូវ​កាល​ភ្លើង​ឆេះ​ព្រៃ​ក្នុងប្រទេស​អូស្ត្រាលី អាច​បំបែក​កំណត់ត្រា​អាក្រក់​ខ្លាំង​បំផុត​ថ្មី ជាមួយ​កម្រិតរ​លកក​ម្ដៅ និង​ផ្សែង​ពុល​ខ្លាំង ដែល​ក្រុមគ្រូពេទ្យ​ព្រមាន​ថា​ជា​«​ភាពអាសន្ន​សុខភាព​សាធារណៈ​»​។ ប្រជាជន​អូស្ត្រាលី​ជាច្រើន កំពុង​ធ្វើបាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​អភិរក្សនិយម Scott Morrison ដែល​ខ្វះ​ចំណាត់ការ​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ។ កាលពី​ខែ​មុន លោក បាន​បដិសេធ​កាត់បន្ថយ​ចំនួន​ឧស្សាហកម្ម​ធ្យូងថ្ម​របស់​ប្រទេស ព្រោះ​វា​រកចំណូលបាន​ច្រើន​៕
 
 

Tag:
 ​អូស្ត្រាលី​
  ភ្លើង​ឆេះ​ព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com