ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ចាត់វិធានការ​ទប់ស្កាត់​ការបំពុល​ខ្យល់ លើ​ប្រើប្រាស់​ប្រេងឥន្ធនៈ យានយន្ត និង​ការដ្ឋាន​សំណង់​
05, Jan 2020 , 6:59 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បាន​ពិនិត្យ​លើ គុណភាព​ខ្យល់​សាធារណៈ​នៅតាម​ទីប្រជុំជន​ធំៗ​ឃើញថា កំហាប់​ភាគល្អិត​និចល​មាន​វិជ្ឈមាត្រ​តូច​ជាង​២,៥​មីក្រូ​ម៉ែត្រ​(PM២,៥) មានការ​កើនឡើង​ក្នុង​កម្រិត​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​និង​គុណភាព​បិ​រ​ស្ថាន​។ កន្លងមក​កម្ពុ​ជាមាន​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការបំពុល​ខ្យល់ ប៉ុន្តែ​នៅមានកម្រិត​និង​មិនទាន់​ឆ្លើយតប​នៅឡើយ​។ ដើម្បី​គ្រប់​គ្រង់​ទីតាំង​ប្រភព​បំពុល​ខ្យល់ រដ្ឋាភិបាល​បានចេញ​សារាចរ​ស្ដីពី​វិធានការ​មួយចំនួន សម្រាប់​ណែនាំ​ដល់​ក្រសួង​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាការ​អនុវត្ត​វិធាន លើ​ប្រភព​ដែល​បង្កហេតុ​មួយចំនួន ដូចជា​ការដ្ឋាន​សំណង់ ប្រេងឥន្ធនៈ និង​យានយន្ត​ជាដើម​។ 

​បើតាម​សារាចរ​ស្ដីពី​វិធានការ​ទប់ស្កាត់​និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សារ​ធា​រណៈ​របស់​រាជរដ្ឋាភិបាល​ចេញ​ថ្ងៃទី​២ មករា ឆ្នាំ​២០២០ គឺ​ត្រូវ​ពង្រឹង​កា​គ្រប់គ្រង​ការ​ហុយធូលី ដោយ​គ្រប​យានយន្ត​លើ​ការដឹកជញ្ជូន​គ្រួស ខ្យា​ច់ ថ្ម ស៊ីម៉ង់ត៍ ឬ​បរិក្ខារ​សំណង់​ផ្សេងៗ លាង​សម្អាត​កង់​រថយន្ត និង​បំពាក់​ឧបករណ៍​បាញ់​ចំហាយ​ទឹកជា​ដើម​។ ជាមួយគ្នា​ដែរ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់​។ 
 
​ចំណែក​ការគ្រប់គ្រង​គុណភាព​ប្រេងឥន្ធនៈ ដែលមាន​ផ្ទុក​ជាតិ​ស្ពាន់ធ័រ​ខ្ពស់ ដោយ​លើកកម្ពស់​ការអនុវត្ត​កម្រិតស្ដង់ដា​ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០២០ អនុវត្ត​ស្តង់ដា​កម្រិត​ស្ពាន់ធ័រ​ក្នុង​ប្រេងឥន្ធនៈ​ប្រភេទ​៣(EURO III)​។ ដើមឆ្នាំ​២០២១ អនុវត្ត​ស្តង់ដា​កម្រិត​ស្ពាន់ធ័រ​ក្នុង​ប្រេងឥន្ធនៈ​ប្រភេទ​៤(EURO IV) និង​ឆ្នាំ​២០២៤ អនុវត្ត​ស្តង់ដា​កម្រិត​ស្ពាន់ធ័រ​ក្នុង​ប្រេងឥន្ធនៈ​ប្រភេទ​៥(EURO V)​។ ទន្ទឹមនឹងនេះ គ្រប់​ស្ថាន​នី​យ​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​ជំរុញ​ឲ្យ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ប្រភេទ​ប្រេងឥន្ធនៈ ដើម្បី​ដឹង​ពី​គុណភាព​។ 
 
​ចំពោះ​ការគ្រប់គ្រង​ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​ពី​យានយន្ត គឺ​ត្រូវ​លើកកម្ពស់​ការអនុវត្ត​ស្តង់ដា​នៃ​ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​ពី​យានយន្ត ដោយ​កំណត់​ប្រភេទ​រថយន្ត​ទេសចរណ៍ នៅ​ឆ្នាំ​២០២២ ទាំងថ្មី​និង​ប្រើ​រួច ដែល​នាំចូល​កម្ពុជា​ត្រូវ​តាម​ស្តង់ដា​EURO IV និង​ឆ្នាំ​២០២៧​តាម​ស្តង់ដា​EURO V​។ រីឯ ប្រភេទ​ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត នៅ​ឆ្នាំ​២០២៣ ទាំងថ្មី​និង​ប្រើ​រួច ដែល​ផលិត​និង​នាំចូល ត្រូវ​អនុលោម​តាម​ស្ដង់ដា​EURO III​។ ក្រៅពីនេះ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ ពង្រឹង​ការគ្រប់គ្រង​ចរាចរណ៍​រាជធានី ខេត្ត ក្រុង តាម​ការបង្កើន​ប្រសិទ្ធភាព​មុខងារ ការរៀបចំ​ប្លង់​ទីក្រុង និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ 
 
​ពាក់ព័ន្ធ​នឹង ការទប់ស្កាត់​និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សារ​ធា​រណៈ​របស់​រាជរដ្ឋាភិបាល គឺ​ចាត់វិធានការ​ពង្រឹង​បន្ថែម​លើ ការគ្រប់គ្រង​ការដុត​សំណល់​នៅ​ទី​ចំហ ការកែលម្អ​ការគ្រប់គ្រង​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​បរិស្ថាន​ទីប្រជុំជន ការបង្កើត​ប្រព័ន្ធ​តាមដាន​និង​ព្យាករណ៍​ការបំពុល​ខ្យល់​៕ 

Tag:
 ការបំពុល​ខ្យល់​
© រក្សាសិទ្ធិដោយ thmeythmey.com