អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឆ្នាំ​ថ្មី វៀតណាម​ចូល​អង្គុយ​កៅអី​ក្រុមប្រឹក្សាសន្តិសុខ UN និង​ចាប់ផ្តើម​កាច់ចង្កូត​នាវា​អាស៊ាន​
05, Jan 2020 , 7:39 pm        
រូបភាព
ដោយ:
 ចាប់ពី​ថ្ងៃទី​១ មករា ២០២០ តទៅ រដ្ឋាភិបាល​ក្រុង​ហាណូយ ត្រូវមាន​ការទទួលខុសត្រូវ​កាន់តែ​ខ្ពស់ និង​ច្រើនជាង​មុន​។ កាន់តែច្រើន​នោះ​គឺ ក្រុង​ហាណូយ ត្រូវបំពេញ​តួនាទី​ជា​ប្រធាន​វិលជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា​អាស៊ាន​សម្រាប់​ឆ្នាំ​២០២០​ផង និង​ត្រូវបំពេញ​តួនាទី​ជា​សមាជិក​មិនអចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការសហប្រជាជាតិ (UNSC) ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ​២០២០-២០២១​ផង​។

 
​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២ មករា​កន្លងទៅ របស់​ប្រធានាធិបតី​វៀតណាមលោក Nguyễn Phú Trọng  ក្នុងនាម​ជា​ប្រធាន​វិលជុំ​អាស៊ាន វៀតណាម បានកំណត់​យក « ភាពជា​ធ្លុង​មួយ និង​ការទទួលខុសត្រូវ​» ជា​មូលបទ និង « ភាពជា​ដៃគូ​ទុកចិត្តបាន​ក្នុង​ចីរភាព​សន្តិភាព​» ជា​មូលបទ​ក្នុងនាម​ជា​សមាជិក​មិនអចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam លោក​ប្រធានាធិបតី បានកំណត់​សម្គាល់​ពី​ការអនុវត្ត​តួនាទី​របស់ខ្លួន​មាន​បី​ចំណុច​សំខាន់ៗ​។ ទីមួយ​វៀតណាម ប្តេជ្ញា​រក្សា​ផលប្រយោជន៍​រួម​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ ដោយ​សំដៅ​ឲ្យ​បាន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ទាំង​តាមរយៈ​ក្របខណ្ឌ​អាស៊ាន​ផង និង​ក្រុមប្រឹក្សាសន្តិសុខ​ផង​។ ការអនុវត្ត​នេះ វៀតណាម ក៏​មិន​ឲ្យ​ប្រាសចាក​ពី​គោលការណ៍​របស់​អតីត​មេដឹកនាំ​កំពូល​របស់ខ្លួន គឺ​លោក ហូ ជី​មិញ​ផងដែរ​។ 
 
​គោលដៅ​ទី​ពីរ​របស់​រដ្ឋ​អាស៊ាន​កំពុង​តែមាន​សក្តានុពល​មួយ​នេះ​គឺ លើកកម្ពស់ ពហុភាគី​និយម​ខណៈដែល​ពិភពលោក កំពុងតែ​ប្រឈម​ការអនុវត្ត​គោលនយោបាយ​គាំពារ​និយម​, ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោលការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ សម្រាប់​សន្តិភាព តុល្យភាព និង​ភាពល្អប្រសើរ​របស់​ពិភពលោក​។ ក្នុង​គោលដៅ​នេះ វៀតណាម នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​។ 
 
​គោលដៅ​ចុងក្រោយ​មួយទៀត​របស់​វៀតណាម ដែល​កំពុងតែ​អង្គុយ​កៅអី​សំខាន់ៗ​ពីរ​របស់​ពិភពលោក​នោះ​គឺ បុ​រេ​សកម្ម​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​រួម​ក្នុង​តំបន់ និង​សកល ជាពិសេស​នោះ​លើ​បញ្ហា​ដែល​ប៉ះពាល់​ដោយផ្ទាល់​លើ​សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព បម្រែបម្រួល​អាស​ធាតុ ការកើនឡើង​កម្ពស់​ទឹកសមុទ្រ និង​ផលប៉ះពាល់​ក្រោយពី​សង្គ្រាម​ជាដើម​។ 
 
​តាម​ការអះអាង​របស់​រដ្ឋាភិបាល​វៀតណាម ការទទួល​តួនាទី​ចម្បង និង​សំខាន់​ក្នុង​ឆាក​អន្តរជាតិ​ពីរ​ក្នុងពេល​តែមួយ​នេះ គឺជា​កិត្តិយស​មួយ​របស់​វៀតណាម ក៏ប៉ុន្តែ ក៏​ជា​បន្ទុក​មួយ​របស់​វៀត​ណា​ម ដ្បិត​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ និង​ទទួលខុសត្រូវ ជាពិសេស​នោះ​ក្នុង​អាស៊ាន​ដែល​រាប់បញ្ចូល​ទាំង​ការសម្របសម្រួល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​បញ្ហា​អធិបតេយ្យ​ជាដើម​។ ហើយ​នេះ ក៏​មិនទាន់​រាប់បញ្ចូល​ការគំរាមកំហែង​សន្តិសុខ​ចុងក្រោយ​របស់​ពិភពលោក ដែលជា​សម្ពាធ​ដ៏​ធ្ងន់​សម្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ត្រូវ​ដោះស្រាយ​ផង​៕ 

Tag:
 វៀតណាម​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com