ភ្នំពេញ៖ យុវជន ខេមរា គីមហាក់ និងយុវតី សឿន ច័ន្ទរ៉ាត់តិកា បង្កើតកង់អគ្គិសនីយ៉ាងជោគជ័យ ដែលមានសមត្ថភាពធ្វើដំណើរបាន៦០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ។ «Tinky» គឺជាឈ្មោះម៉ាកកង់អគ្គិសនី ដែលនិស្សិតកំពុងសិក្សាលើជំនាញស្ថាបត្យកម្មទាំងពីររូបនេះ បង្កើតឡើងក្នុងគោលបំណងជំនួសឱ្យប្រើប្រាស់ម៉ូតូនៅរាជធានីភ្នំពេញ។ បើប្រៀបធៀបជាមួយម៉ូតូនៅភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត កង់អគ្គិសនីនេះ អាចជួយសន្សំថវិកាផ្ទាល់ខ្លួនបានច្រើន កាត់បន្ថយការបំភាយផ្សែងពុលទៅបរិយាកាស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុងជាដើម។
បន្ទាប់ពីផលិតកង់អគ្គិសនីនេះ ជោគជ័យនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ យុវជន គីមហាក់ និងយុវតី ច័ន្ទរ៉ាត់តិកា នឹងបន្តផលិតកង់នេះ ដាក់លក់នៅលើទីផ្សារ ទៅតាមការបញ្ជាទិញរបស់អតិថិជន នៅខែមករា ឆ្នាំ២០២០ ព្រមទាំងបង្កើតក្រុមហ៊ុនជាសេវាកម្មជួសជុលកង់អគ្គិសនីផងដែរ។ «Tinky» មានល្បឿន៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលមានលក្ខណៈល្អបំផុត សម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ នេះបើតាមយុវជន ខេមរា គីមហាក់។
យុវតី សឿន ច័ន្ទរ៉ាត់តិកា
គោលដៅនៃការផលិតTinkyនេះឡើង គឺដើម្បីជំនួសឱ្យការប្រើប្រាស់ម៉ូតូសព្វថ្ងៃចេញតែម្តង។ យុវជន គីមហាក់ ពន្យល់បន្ថែមដូច្នេះ៖«អ្នកជិះម៉ូតូ ត្រូវចំណាយថ្លៃសាំងរាល់ថ្ងៃ...ហើយសាំងពេលបច្ចុប្បន្នថ្លៃ...។ អ្នកជិះម៉ូតូ យ៉ាងហោចណាស់ មួយថ្ងៃឬពីរថ្ងៃ ត្រូវចាក់សាំងមួយលីត្រ...។ បើយើងគិតថាសាំងមួយលីត្រតម្លៃ៤០០០រៀល ប៉ុន្តែបើយើងកុំយក៤០០០រៀលនោះ ទៅចំណាយលើថ្លៃសាំង ហើយយើងជិះកង់អគ្គិសនីវិញ យើងមិនត្រឹមចំណេញ៤០០០រៀលនោះទេ ថែមទាំងជួយកាត់បន្ថយផ្សែងពុលទៅបរិយាកាសផងដែរ។ ព្រោះ Tinky យើងចំណាយថ្លៃភ្លើងសាកថ្មវា អស់តែ៧០០រៀលប៉ុណ្ណោះ (ភ្លើងអស់ជិត១គីឡូវ៉ាត់) គឺអាចធ្វើដំណើរបាន៦០គីឡូម៉ែត្រ»។
បើតាមយុវជនវ័យ២០ឆ្នាំរូបនេះ Tinky ល្អបំផុតសម្រាប់សិស្ស-និស្សិត អ្នកធ្វើការ ព្រោះពួកគាត់មិនត្រូវការជិះម៉ូតូឆ្ងាយ មិនត្រូវជិះច្រើន ហើយមិនត្រូវការល្បឿនលឿន។ ចំពោះកង់អគ្គិសនីនេះ ពេលសាកថ្មពេញម្តង អាចឱ្យសិស្ស-និស្សិត ជិះទៅសាលារៀន និងមកផ្ទះវិញ បានយ៉ាងណាស់៣ទៅ៥ថ្ងៃ ដែលអាស្រ័យទៅលើចម្ងាយសាលារៀននោះ។ គីមហាក់ បានលើកឡើងថា ភាគច្រើនអ្នករស់នៅក្នុងក្រុងភ្នំពេញ ធ្វើដំណើរ២០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ។ ដូច្នេះកង់នេះពេលសាកថ្មពេញ អាចជិះបាន៣ថ្ងៃ។ រីឯសិស្ស-និស្សិតវិញ អាចជិះកង់អគ្គិសនី បានរហូតដល់៦ថ្ងៃ បើធ្វើដំណើរអស់១០គីឡូម៉ែត្រក្នុងមួយថ្ងៃ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThemy ខេមរា គីមហាក់ បានអះអាងថា អ្នកកង់អគ្គិសនីនេះ អាចចំណេញប្រាក់បានរហូតដល់១០ដង បើធៀបទៅនឹងអ្នកជិះម៉ូតូអស់៦០គីឡូម៉ែត្រដូចគ្នា ដោយប្រើសាំងអស់ជិត២លីត្រ។ គីមហាក់ បាននិយាយរៀបរាប់ដូច្នេះ ៖ «កង់អគ្គិសនីនេះ អាចជិះចម្ងាយអស់៦០គីឡូម៉ែត្រ យើងចំណាយថ្លៃសាកថ្មអស់៧០០ទៅ៨០០រៀល។ ប៉ុន្តែ បើយើងជិះម៉ូតូបានចម្ងាយ៦០គីឡូម៉ែត្រវិញ យើងត្រូវចំណាយលើថ្លៃចាក់សាំង អស់ពី៧០០០ទៅ៨០០០រៀល»។
យុវតី សឿន ច័ន្ទរ៉ាត់តិកា រចនារូបរាង និងតួកង់នេះឡើងបែបខ្មែរ ប៉ុន្តែទាន់សម័យ។ កង់នេះមានល្បឿនត្រឹមតែ៤០គីឡូម៉ែត្រក្នុងមួយម៉ោង សមស្របនឹងការបើកបរក្នុងទីក្រុង ដើម្បីបញ្ចៀសនៃគ្រោះថ្នាក់ចរាចរណ៍។ «ការដំឡើងកង់អគ្គិសនីនេះឡើង គឺមិនពិបាក ហើយក៏មិនចំណាយពេលយូរដែរ។ ដូចជាកង់អគ្គិសនីទីមួយនេះ យើងចំណាយពេល៤ថ្ងៃ គឺដំឡើងឱ្យចេញជារូបរាង និងដំណើរការបាន។ ប៉ុន្តែអ្វីដែលជាបញ្ហាក្នុងការផលិតកង់មិនបានលឿននោះ គឺការបញ្ជាទិញសម្ភារ និងឧបករណ៍ចំបាច់មួយចំនួនពីប្រទេសចិន។ ដូចជា ដុំម៉ូទ័រ, ថ្មសាកភ្លើងជាដើម ដោយសារតែនៅខ្មែរយើងមិនមានឧបករណ៍ទាំងហ្នឹងលក់»។
ឆ្លងកាត់នៃការបង្កើតកង់អគ្គិសនីទីមួយបានជោគជ័យ ព្រមទាំងទទួលបានជ័យលាភីលេខ១ ពីកម្មវិធី Smart Spark ផងនោះ យុវតី ច័ន្ទរ៉ាត់តិកា នឹងរចនាម៉ូតកង់អគ្គិសនីនេះបន្ថែមទៀត ដើម្បីឱ្យតម្រូវមនុស្សគ្រប់វ័យ។ កញ្ញា សឿន ច័ន្ទរ៉ាត់តិកា អះអាងថា កង់អគ្គិសនី នឹងផលិតឡើងមានបីទំហំ គឺទំហំS សាកសមនឹងមនុស្សមានកម្ពស់ពី ១,៥០ ទៅ១,៦០ម៉ែត្រ, ទំហំM ត្រូវនឹងមនុស្សមានកម្ពស់ ១,៧០ម៉ែត្រ និងទំហំL សមនឹងមនុស្សដែលមានរូបរាងខ្ពស់ខ្លាំង ពី១,៨០ម៉ែត្រឡើងទៅ។
កង់អគ្គិសនីនេះ នឹងមានតម្លៃនៅលើទីផ្សារ ពី៦០០ ទៅ៨០០ដុលា្លរ ក្នុងមួយគ្រឿង ដោយក្នុងមួយខែ អ្នកផលិតកង់អគ្គិសនីវ័យក្មេងទាំងពីររូបរបស់កម្ពុជានេះ គ្រោងផលិតឱ្យ២០គ្រឿង៕