អ្នកលេងគុនចម្រុះ មកពីខេត្តឧត្តរមានជ័យ ខុន ស៊ីចាន់ ដែលនៅជាប់កិច្ចសន្យាប្រកួត នៅ សង្វៀន ONE Championship នាឆ្នាំ២០២០ បានប្រាប់ពីគោលដៅរបស់ខ្លួន និងការតាំងចិត្តហ្វឹកហាត់ ដើម្បីកែប្រែចំណុចខ្វះខាតទាំងឡាយ នៅឆ្នាំចាស់កន្លងទៅ។ ក្រៅពីនោះ ស៊ីចាន់ ក៏បានរំលឹករឿងរ៉ាវ គួរចងចាំខ្លះៗនៅឆ្នាំ ២០១៩ ផងដែរ។
បទពិសោធន៍ ឆ្នាំ២០១៩៖
នៅឆ្នាំ ២០១៩ ខុន ស៊ីចាន់ ឡើងប្រកួតនៅសង្វៀន ONE Championship ចំនួនពីរដង ពោលនៅខែកុម្ភៈ និងខែវិច្ឆិកា។ ទោះជាបែបណាក៏ដោយលទ្ធផល ដែលកីឡាករវ័យ៣១ឆ្នាំ រូបនេះសម្រេចបានមិនគាប់ប្រសើរនោះឡើយ ដោយចាញ់ទាំងពីរលើកនៅឆ្នាំនេះ។ កូនសិស្សមកពីក្លិបប្រដាល់ Phnom Penh MMA ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ ដោយសារក្បាច់ឃ្លេជាប់ក កាលខែកុម្ភៈ នៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី ONE:CALL TO GREATNESS។ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ខុន ស៊ីចាន់ ចាញ់ ជើងខ្លាំងមកពីឥណ្ឌា ជំនាញចំបាប់ Roshan Mainam ត្រឹមទឹកទី១ដូចគ្នា ក្នុងកម្មវិធី ONE: MASTER OF FATE ដែលរៀបចំនៅប្រទេសហ្វីលីពីនវិញម្ដង។ នេះជាជ័យជម្នះដំបូងរបស់ Roshan Mainam ក្នុងការបង្ហាញខ្លួនលើកដំបូងដូចគ្នាលើសង្វៀនកម្រិតពិភពលោក ONE។
បន្ទាប់ពីធ្វើមិនបានល្អពីរលើកជាប់គ្នា នាឆ្នាំ២០១៩ អតីតកូនសិស្សលោក ឡោ វុទ្ធី ដែលប្រកួតក្នុងប្រភេទទម្ងន់ Flyweight បានថ្លែងថា៖«ខ្ញុំមិនស្ដាយក្រោយឡើយ ព្រោះខ្ញុំនៅខ្សោយឃ្លេ និងចាញ់ដោយសារឃ្លេគេ ទាំងពីរប្រកួត។ បើសិនជាប្រកួតក្នុងជំហរឈរ ឬវ៉ៃគុនខ្មែរ ខ្ញុំអាចធ្វើបានល្អ និងមានប្រៀប។ ខ្ញុំត្រូវតែកែប្រែ រៀនក្បាច់ឃ្លេ ដើម្បីអភិវឌ្ឍពេលប្រកួតលើកៗក្រោយទៀត»។
ស៊ីចាន់ ធ្លាប់លើកឡើងពេលចាញ់ Mainam ថា៖«ខ្ញុំស្រឡាំងកាំង ពេលដែល Roshan Mainam វ៉ៃ ហើយដៃរបស់គេមកចាក់ភ្នែកខ្ញុំ។ ខ្ញុំក៏រាដៃ ក្រែងលោអាជ្ញាកណ្ដាលឃាត់។ ហើយខ្ញុំក៏បានលើកដៃជាសញ្ញាដែរ ប៉ុន្តែអាជ្ញាកណ្ដាលអត់បានឃាត់ទេ ខណៈដែលខ្ញុំកំពុងឈឺភ្នែក Roshan ក៏ឆ្លៀតឃ្លេខ្ញុំ យកឈ្នះតែម្ដង»។
បែបនេះក្ដី ស៊ីចាន់ ថាមិនជាបញ្ហាទេ ព្រោះវាជាការប្រកួតក្នុងកីឡា។ កីឡាករដដែលសង្កត់ធ្ងន់បែបនេះ៖«បើយើងស្ទើរ ហើយក្បាច់មិនដល់គេ គឺចាញ់ហើយ។ សមត្ថភាពយើង មិនដល់គេ។ គេឈ្នះតែមក្បាច់ឃ្លេលើខ្ញុំ។ ខ្ញុំមិនស្ដាយទេ តែត្រូវប្រឹងនិងកែប្រែឲ្យល្អបន្តទៀត»។
បេសកកម្ម ២០២០ នៅ ONE៖
ក្រោយបរាជ័យទល់នឹង Mainam កាលខែវិច្ឆិកា ខុន ស៊ីចាន់ បន្តខំប្រឹងហ្វឹកហាត់ នៅឯខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២០ខាងមុខ ម្ចាស់ខ្សែក្រវាត់វាយដាក់ទ្រុងកម្ពុជារូបនេះ នឹងឡើងមកហ្វឹកហាត់នៅរាជធានីភ្នំពេញ ដើម្បីត្រៀមការប្រកួតនៅឆ្នាំថ្មី។ ស៊ីចាន់ ទំនងចូលហ្វឹកហាត់ ជាមួយគ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅ ជឺជិតស៊ូ ៣ ដាន់ Fernando Salvador ដដែល ឬអាចនឹងផ្លាស់ប្ដូរអាស្រ័យលើគ្រូបង្វឹក Alan Mccune។ ស៊ីចាន់ បញ្ជាក់ ៖«ខ្ញុំអាចនឹងឡើងវ៉ៃនៅ ONE ជាថ្មីទៀតនៅខែកុម្ភៈ ឆ្នាំ២០២០។ តាមការគ្រោងទុក ខ្ញុំអាចនឹងជួបកីឡាករឥណ្ឌូណេស៊ី Eko Roni Saputra នៅខែកុម្ភៈ បើសិនមិនមានការប្រែប្រួលនោះទេ។ ខ្ញុំដឹងថា Eko Roni Saputra គេធ្លាប់វ៉ៃនៅ ONE បាន២លើកដែរ។ ដៃគូខ្ញុំលើកនេះ មើលទៅស្ទើរក្បាច់ឃ្លេ ជាងគូប្រកួតលើកមុន។ ដូច្នេះខ្ញុំមានសង្ឃឹមច្រើន»។
ស៊ីចាន់ រំលឹកថា៖«អារឿងភ្លាត់ចាញ់ឃ្លេ... ខ្ញុំនឹងកែប្រែងចំណុចទាំងនេះឲ្យបានច្រើន នៅឆ្នាំ ២០២០ បន្ទាប់ពីរៀនសូត្រជូរចត់ឆ្នាំចាស់។ ខ្ញុំមានការប្រកួតនៅសង្វៀន ONE ជាហូរហែ នៅឆ្នាំ២០២០នេះ។ ខ្ញុំនឹងប្រឹងឲ្យអស់ពីកម្លាំងកាយចិត្ត»។
គួររំលឹកថា មុនឡើងប្រកួត ខុន ស៊ីចាន់ ត្រូវបានបង្វឹកដោយលោក Alan Mccune ឬ គ្រូបង្វឹក Fernando Salvador រួមទាំងគ្រូបង្វឹកទើបមកស្រុកខ្មែរថ្មីៗ ពីអាមេរិក លោក Chris kennedy។ ស៊ីចាន់ អាចនឹងហ្វឹកហាត់នៅក្លិប Prodal សម្រាប់ក្បាច់គុនជឺជិតសូ និង គុនចម្រុះ។ ចំណែកគុនខ្មែរវិញ រូបគេនឹងទៅហ្វឹកហាត់ នៅក្លិបពុទ្ធសេរីវង្ស។ គួរដឹងថា សមិទ្ធផលក្នុងស្រុក ខុន ស៊ីចាន់ ជាម្ចាស់ខ្សែក្រវាត់ប្រកួតដាក់ទ្រុង ហៅថា Khmer Warrior Challenge វគ្គ១ កាលឆ្នាំ ២០១៣។ ស៊ីចាន់ ឡើងប្រឡូកលើសង្វៀនគុនចម្រុះ បានចំនួន ៨ លើកក្នុងនោះ ឈ្នះ ៣ លើកនិងចាញ់ ៥ លើក។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕