ឧបទ្ទវហេតុបាក់អគារកម្ពស់៦ជាន់នៅក្រុងកែប បានសម្លាប់មនុស្សសរុបដល់ទៅ៣៦នាក់ និង បណ្តាលឲ្យមានអ្នករបួស២៣នាក់។ តែមិនទាន់ឃើញមន្ត្រីណាម្នាក់ រងការស្តីបន្ទោស ឬក៏ត្រូវដកចេញពីដំណែងឡើយ។
ក្នុងសន្និសីទកាសែត នៅម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្តីពីការបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងគំនរអគារ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រចាំការនៅទីនោះពីដើមរហូតដល់ចប់ បានប្រកាសថា លោក កែន សត្ថា អភិបាលខេត្តកែប និងអភិបាលរង មិនជាប់ព័ន្ធនឹងបញ្ហាបាក់អគារឡើយ បើទោះជាករណីបាក់អគារនេះ កើតឡើងក្នុងដែនដីរបស់ខ្លួនក៏ដោយ។ សម្តេច បញ្ជាក់ដូច្នេះថា៖«អភិបាលខេត្តកែប និងមន្ត្រីខេត្ត នឹងមិនត្រូវបានដកចេញពីដំណែងទេ»។
មិនត្រឹមតែមិនដកអភិបាលខេត្តទេ តែសម្តេចនាយករដ្ឋមន្ត្រី បែរជាព្រមានចាត់ការលើមន្ត្រីខ្លួនទៅវិញ និងអ្នកទាំងឡាយណា ដែលផ្ញើសារទៅសម្តេចតាម WhatsApp និង តាម Telegram រួមទាំងបង្ហោះលើហ្វេសប៊ុក ដើម្បីជំរុញឲ្យសម្តេច ដកអភិបាលខេត្តកែប។ សម្តេច ខឹងនឹងមន្ត្រីនិងអ្នកទាំងនោះ ដែលគិតតែពីចង់ឲ្យដកអ្នកនោះឬអ្នកនេះ ចេញពីដំណែង ទាំងដែលសម្តេច យល់ថា រឿងសំខាន់បំផុត គឺការជួយសង្គ្រោះអ្នកដែលកំពុងស្ថិតក្នុងគំនរអគារ។ សម្តេច ព្រមានថា៖«ខ្ញុំ អាចនឹងពិនិត្យលើមន្ត្រីរបស់ខ្ញុំមួយចំនួន ដែលរុញច្រានឲ្យខ្ញុំដកអភិបាលខេត្តកែប...»។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏និយាយសំដៅទៅកាន់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ផងដែរ ដែលលោក បានបង្ហោះលើទំព័រហ្វេសប៊ុក ពីការចង់ឲ្យដកអភិបាលខេត្តកែប។ សម្តេច រម្លឹកថា ពេលនោះ សម្តេច បានចូលទៅសរសេរក្នុង Comment តបនឹងលោក ពេជ្រ ស្រស់ ថា កុំរុញឲ្យខ្លោច រោចឲ្យឆៅ។
បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី បកស្រាយថា ការបាក់អគារ មិនមែនកើតឡើងតែនៅកម្ពុជាទេ គឺតាមបណ្តាប្រទេសដទៃលើពិភពលោក ក៏មានដែរ។ សម្តេច ប្រាប់ឲ្យអ្នករិះគន់ ទៅមើលព័ត៌មាន ដើម្បីដឹងថា តើក្នុងឆ្នាំ២០១៩ មានព្រឹត្តិការណ៍បាក់អគារប៉ុន្មានលើពិភពលោក។
សម្តេច បានលើកជាឧទាហរណ៍ថា នៅអាមេរិក ធ្លាប់មានករណីបាក់សណ្ឋាគារ។ សម្តេច ចោទសំណួរថា៖«តើអភិបាលរដ្ឋនុ៎ង គេលាលែងឬត្រូវដកចេញពីដំណែងទេ? ហើយបែរជារុញច្រានតែកម្ពុជា»។
លើសពីនេះ សម្តេច បានរម្លឹកពីព្រឹត្តិការណ៍ឆេះសារមន្ទីរ Notre-Dame ក្នុងក្រុងប៉ារីស។ សម្តេច ចោទជាសំណួរទៀតថា៖«គេ ឲ្យអភិបាលក្រុងប៉ារីសលាលែងទេ ហើយត្រូវឲ្យរដ្ឋមន្ត្រីលាលែទេ?» សម្តេច ងាកមកបរិបទកម្ពុជាវិញថា៖«ហេតុអ្វីបានអ្នកទាំងឡាយចូលចិត្តណាស់អារឿងក្តិចត្រួយផ្តួលគ្នា?»។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា ការបកស្រាយបែបនេះ មិនមែនចង់សម្រាលការទទួលខុសត្រូវ ឬក៏ចង់បិទបាំងភាពខ្សោយរបស់រដ្ឋាភិបាលឬមន្ត្រីឡើយ តែសម្តេច ចង់ឲ្យអ្នករិះគន់ទាំងនោះ កុំឲ្យមានភាពជ្រុលនិយម លើបញ្ហាដែលកើតឡើង ហើយចាប់ផ្តើមស្តីបន្ទោសជាមុន ដោយខ្វះការស្រាវជ្រាវ។ សម្តេច សង្កត់ធ្ងន់ថា៖«នេះជាចំណុចដែលខ្ញុំចង់ដាស់តឿនមនុស្សទាំងឡាយ។ ពិតមែនហើយ ខ្ញុំ គ្មានសិទ្ធិបិទមាត់ចំពោះសេរីភាពរបស់អ្នកណាទេ ក៏ប៉ុន្តែយើងមានសិទ្ធិនឹងពន្យល់ត្រឡប់ទៅវិញថា យើងគួរធ្វើអ្វី នៅពេលណា»។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ទទួលបានព័ត៌មានបឋមថា ការសាងសង់អគារនេះ មានកំហុស២យ៉ាង គឺទី១ កំហុសក្នុងការប្រើដែក និងទី២ កំហុសក្នុងការចាក់ប្លង់សេ។ សម្តេច បរិយាយថា ការគូរប្លង់ គឺតម្រូវឲ្យដាក់ដែកចំនួនប៉ុននេះឬប៉ុណ្ណោះ [ដើម្បីឲ្យត្រឹមត្រូវនិងគ្រប់គ្រាន់] តែពេលសាងសង់ជាក់ស្តែង គឺមេការ ដាក់ដែកខុស ដោយដែកទាំងនោះតូចជាងកម្រិតបច្ចេកទេស ដែលគេផ្តល់ឲ្យ ហើយបញ្ហាចាក់ប្លង់សេ គឺគេត្រូវការរយៈពេលពី២៧ទៅ២៨ថ្ងៃ ទើបអាចដកក្តារពុម្ពចេញបាន តែការចាក់ប្លង់សេនៃអគារនេះ មិនដល់១០ថ្ងៃផង មេការ ក៏ដកក្តារពុម្ភចេញ ដើម្បីទៅចាក់ជាន់ខាងលើទៀត។
សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកកំហុសទាំង២នេះ ថាជាកំហុសរបស់មេកា។ ប៉ុន្តែសម្តេច អះអាងថា មេកានិងកូនរបស់គាត់ បានបាត់ជីវិតទៅហើយ ដោយសារការបាក់អគារនេះ។ សម្តេចមានប្រសាន៍ថា៖«យើង មិនអាចចាប់គាត់ឲ្យមកសងគេទេ ក្រៅតែពីផ្តល់ថវិកាបន្ថែមដល់គ្រួសារ ព្រោះនេះជាសោកនាដកម្ម ដែលបានកើតឡើង...»។
បច្ចុប្បន្ន ម្ចាស់អគារនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ។ សម្តេច និយាយថា ចំពោះការប្តឹងទារសំណងរដ្ឋប្បវេណី គឺត្រូវធ្វើទៅតាមច្បាប់។
សម្តេច ថ្លែងថា៖«ម្ចាស់ផ្ទះ មកនៅកន្លែងហ្នឹងតែម្តង ដេកនៅហ្នឹង គាត់ចេញផុតពីអគារ អគារក៏ដួលរលំ ប៉ុន្តែឥឡូវ គាត់ជាប់ឃុំ កុំអីគាត់ស្លាប់ ស្លាប់ទាំងម្ចាស់ផ្ទះ ស្លាប់ទាំងមេកាហ្នឹងតែម្តង ដូច្នេះគ្មានអ្នកណាទទួលខុសត្រូវទេ។ ប៉ុន្តែ ផ្នែកកោលសវិច័យ នឹងបន្ត»។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យលើសំណង់អគារបាក់រលំនេះ ដែលត្រូវបានអះអាងថា ជារបស់លោក ឯក សារុន។ លោក ឯក សារុន និងភរិយា ត្រូវចាប់ខ្លួន ក្រោយអគារខ្លួនបាក់រលំ នៅល្ងាចថ្ងៃទី៣ ខែមករា។
ជនរងគ្រោះសរុបក្នុងឧបទ្ទវហេតុនេះ មាន៥៩នាក់ ដោយក្នុងនោះអ្នកស្លាប់៣៦នាក់ (ស្រី១៤នាក់) និង អ្នកនៅរស់២៣នាក់ (ស្រី៨នាក់)។ ក្នុងចំណោមអ្នកស្លាប់ មានក្មេង៦នាក់ (ស្រី២នាក់)។
ការរុករកជនរងគ្រោះ បានចប់សព្វគ្រប់នៅម៉ោងប្រមាណ១១កន្លះ នាថ្ងៃទី៥ ខែមករា។ បើគិតពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃបិទបញ្ចប់ ការរុករកជនរងគ្រោះ បានចំណាយពេលអស់ជាង៤៣ម៉ោង៕