កីឡាជាតិ
ជាតិ
យស់ សញ្ច​នា ប្តេជ្ញា​បន្ត​ដើរ​លើ​វិថី​គុន​ល្បុក្កតោ ទោះ​រង​ការរិះគន់​ពី​មនុស្ស​មួយចំនួន​តូច​
05, Jan 2020 , 9:59 pm        
រូបភាព
កីឡាការិនី យស់ សញ្ចនា (កណ្តាល)លើកបង្ហាញមេដាយសំរឹទ្ធ ដែលដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩
កីឡាការិនី យស់ សញ្ចនា (កណ្តាល)លើកបង្ហាញមេដាយសំរឹទ្ធ ដែលដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩
ដោយ:
​កីឡាការិនី យស់ សញ្ច​នា ចូល​ហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ​នៅ​ឆ្នាំ​២០១៤​។ នាង​ត្រូវបាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ឲ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ក្រោយ​ដណ្តើមបាន​មេដាយមាស​៣​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៧​។ កត្តា​ទំនៀមទម្លាប់ ដែល​លើកឡើងថា កូនស្រី​មិនអាច​ហាត់​ក្បាច់គុន​បាន ធ្វើ​ឲ្យ សញ្ច​នា រង​នូវ​ការរិះគន់​ពី​សំណាក់​មនុស្ស​មួយ​ក្តាប់​តូច​។ តែ​យ៉ាងណា​កីឡាការិនី​វ័យ​១៩​ឆ្នាំ​រូបនេះ មិន​ខ្វល់​នឹង​ពាក្យរិះគន់​ទាំង​នោះឡើយ ហើយ នាង ប្តេជ្ញា​បន្ត​ដើរ​លើ​វិថី​មួយ​នេះ ដើម្បី​សម្រេច​គោលដៅ ដែល​ចង់​ដណ្តើម​មេដាយ​ជូន​ជាតិ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។

 
​ទស្សន​កូនស្រី​មិនអាច​ហាត់​ក្បាច់គុន ធ្វើ​ឲ្យ​កីឡាការិនី យស់ សញ្ច​នា រង​ការរិះគន់​ពី​មនុស្ស​មួយចំនួន​តូច ដែល​គិតពី​ប្រពៃណី​ទំនៀមទម្លាប់​ជាធំ ពេល​នាង​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​។ ការរិះគន់​នេះ ធ្វើ​ឲ្យ​កីឡាការិនី​វ័យ​១៩​ឆ្នាំ​រូបនេះ រង​សម្ពាធ​ផ្លូវចិត្ត​យ៉ាងខ្លាំង ស្ទើរតែ​បោះបង់​ការខិតខំ និង​តស៊ូ​ពាក់​កណ្តាលផ្លូវ​ម្តងៗ​។  
 
​ប៉ុន្តែ​ការដាក់​សម្ពាធ​ផ្លូវចិត្ត​នេះ មិនបាន​បន្ទច់បង្អាក់ សញ្ច​នា ឲ្យ​ឈប់​ដើរ​លើ​វិថី​ក្បាច់គុន ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​ឡើយ​។ ផ្ទុយទៅវិញ​រឹតតែ​ធ្វើ​ឲ្យ នាង មានការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កាន់តែខ្លាំង​ថែមទៀត ព្រោះ​ចង់បង្ហាញ​ឲ្យ​អ្នក​រិះគន់​ទាំងនោះ​ឲ្យ​ឃើញថា ស្ត្រី​ក៏​អាច​ហាត់​ក្បាច់គុន​ដូច​បុរស​ដែរ​។ ជាពិសេស​ចង់​ឆ្លើយតប​នឹង​ទស្សន​ដែល​លើកឡើងថា ស្ត្រី​មិនអាច​ហាត់​ក្បាច់គុន​បាន​។ 
 
«​ខ្មែរ​យើង​មាន​ទស្សនវិស័យ​ថា កូនស្រី​អត់​អាច​ហាត់​ក្បាច់គុន​បានទេ ហើយ​តែង​យក​ទំនៀមទម្លាប់​ជ្រុលនិយម​គិត​លើ​កូនស្រី​ថា ការហាត់​ក្បាច់គុន​មានការ​ប៉ះ​ដៃ​ប៉ះ​ជើង ប៉ុន្តែ​ជាក់ស្តែង​មិនមែន​ក្នុងន័យនេះ​ទេ យើង​ហាត់​ក្បាច់គុន គឺ​ដើម្បី​សុខភាព និង​ការប្រកួតប្រជែង​។ សម្រាប់​ការទិតៀន​ពី​បរិស្ថាន​ខាងក្រៅ និង​មនុស្ស​មួយចំនួន​តែងតែមាន គឺ​គេ​និយាយថា អ្ហែង​ទៅ​ហាត់​អ៊ីចឹង​ធ្វើ​អី​បាន​អី​មកវិញ ហើយ​អ្ហែង​ជា​ស្រី​ទៅ​ហាត់​ក្បាច់គុន​ម៉េច​សម​។ ប៉ុន្តែ​ខ្ញុំ​អត់​ខ្វល់ ខ្ញុំ​នៅតែ​ធ្វើ​អ្វី​ដែលជា​ក្តី​ស្រមៃ​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី យស់ សញ្ច​នា​។  
 
​កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាការិនី​មកពី​ស្រុក​ស្អាង​ខេត្តកណ្តាល​រូបនេះ​អាច​ជម្នះ​នូវ​ការរិះគន់​ខាងលើ​បាន គឺ​ដោយសារ​មានការ​លើកទឹកចិត្ត​ពី​សំណាក់​មិត្ត​រួម​អាជីព គ្រូបង្វឹក ជាពិសេស​ឪពុកម្តាយ ដែល​នាង​ចាត់ទុកជា​កម្លាំងចិត្ត និង​ជា​ចលករ​ជួយ​ជំរុញ​ទឹកចិត្ត​នាង​ឲ្យ​បន្ត​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​។ សញ្ច​នា ចូល​ហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ គឺ​ដោយសារ​មានការ​ជំរុញ​និង​លើក​ទឺ​ក​ចិត្ត​ពី​ឪពុក ដែល​ចង់​ឲ្យ​មាន​សុខភាព​ល្អ និង​ក្លាយជា​មនុស្ស​ដ៏​រឹងមាំ​។  
 
​តែ​យ៉ាងណា កូនច្បង​ក្នុង​គ្រួសារ​មាន​បងប្អូន​ពីរ​នាក់​រូបនេះ​បាន​បង្ហើប​ថា នាង​ក៏​ធ្លាប់​បាក់ចិត្ត និង​អន់ចិត្ត​ចំពោះ​ការរិះគន់​នេះ​ផងដែរ​។ នាង​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​មានការ​ថ្នក់​ចិត្ត​តិចតួច​ដែរ គឺ​យើង​ខំប្រឹង​ហ្វឹកហាត់​ហត់​ហើយ មក​ហត់​ជាមួយ​ពាក្យ​គេ​និយាយ​ទៀត​។ ប៉ុន្តែ​អ្វីដែល​ជួយ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ខ្លាំងជាងគេ គឺ​ប៉ា​របស់ខ្ញុំ ដោយសារ​គាត់​ចង់​ឲ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ស្រី​រឹងមាំ មាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង បន្ទាប់មក​គ្រូបង្វឹក ជាពិសេស​បងប្អូន​ល្បុក្កតោ ដែល​តែងតែ​និយាយ​លើកទឹកចិត្ត​ខ្ញុំ​»​។  
 
​ក្នុងនាម​ជា​ស្រី​ការហ្វឹកហាត់​ក្បាច់គុន​អាចមាន​ការលំបាក​ជាង​បុរស ព្រោះ​ស្ត្រី​មាន​រាងកាយ​មិនសូវ​រឹងមាំ​ដូច​បុរស ហើយ​ការហ្វឹកហាត់​ទៀតសោត គឺ​ទាមទារ​ឲ្យ​មានការ​លោត​ផ្លោះ​ក្នុង​វិញ្ញាសា​មួយចំនួន​ជាដើម​។ ប៉ុន្តែ​កត្តា​នេះ​មិនមែនជា​ឧបសគ្គ​សម្រាប់ សញ្ច​នា នោះទេ ដ្បិត​នាង​ចាត់ទុក​ការ​គ្រេច​ថ្លោះ និង​របួស​ក្នុងអំឡុងពេល​ហ្វឹកហាត់​ជា​រឿង​ធម្មតា​។  
 
«​ការហាត់​ក្បាច់គុន​សម្រាប់​យើង​ជាម​នុស្ស​ស្រី​មានការ​លំបាក​ជាង​មនុស្ស​ប្រុស ដោយសារ​យើង​មាន​រាងកាយ​ទន់​។ តែ​ទាមទារ​ឲ្យ​យើង​មានការ​ហ្វឹកហាត់​ឲ្យ​ដូច​មនុស្ស​ប្រុស​។ អ៊ីចឹង​ពេលខ្លះ​វា​តែងតែ​មានការ​គ្រេច​ថ្លោះ របួស​ជា​រឿង​ធម្មតា​។ ពេល​ជួប​បញ្ហាលំបាក​ពេលខ្លះ​គិត​ចង់​បោះបង់​ដែរ ប៉ុន្តែ​អារម្មណ៍​មួយទៀត​គិតពី​ក្តី​ស្រលាញ់ និង​ការតស៊ូ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ជាមួយ​ក្បាច់គុន​មួយ​នឹង ដែលជា​កត្តា​ជួយ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​នៅតែ​បន្ត​ជាមួយ​ក្បាច់គុន​ល្បុក្កតោ​»​។ នេះ​ជាការ​លើកឡើង​របស់ សញ្ច​នា​។ 
 
​និស្សិត​ឆ្នាំ​ទី​ពី​រលើ​ជំនាញ​សវនកម្ម​នៅ​វិទ្យាស្ថាន CamEd Business School រូបនេះ ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​នៅ​ឆ្នាំ​២០១៤​។ នាង បាន​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង​នៅ​ឆ្នាំ​២០១៧ ដោយ​ដណ្តើមបាន​មេដាយមាស​៣​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​នាង​ទទួលបាន​ឱកាស​ប្រមូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៨​។ សញ្ច​នា ត្រូវបាន​សហព័ន្ធ​បញ្ជូនទៅ​ចូលរួម​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់ និង​បាន​សាង​ស្នាដៃ​ជូន​ជាតិ​ផងដែរ​។ ជាក់ស្តែង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​កីឡាការិនី​រូបនេះ ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ចំនួន​ពី​រលើ​វិញ្ញាសា​ដំបង​ខ្លី Arnis ដែលជា​កីឡា​ប្រពៃណី​របស់​ម្ចាស់ផ្ទះ​ហ្វីលីពីន​៕ 

Tag:
 គុន​ល្បុក្កតោ​
  យស់ សញ្ច​នា​
© រក្សាសិទ្ធិដោយ thmeythmey.com