ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នយោបាយជាតិ
អតីតមន្ត្រីបក្សសង្គ្រោះជាតិមួយក្រុម ទៅបង្កើតបក្សថ្មី ដើម្បីបង្កើតវប្បធម៌នយោបាយថ្មី និងផ្សះផ្សាជាតិ រូបពីហ្វេសប៊ុកលោក កង គឹមហាក់ ស្ថាបនិកគណបក្សខ្មែរស្រលាញ់ជាតិ និងជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិមួយក្រុម ដែលទើបទទួលបានសម្បទានយោបាយឡើងវិញនោះ បានសម្រេចទៅបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា គណបក្សខ្មែរស្រលាញ់ជាតិ។ គណបក្សថ្មីនេះ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីសុំបង្កើតនៅក្រសួងមហាផ្ទៃ។ លោក កង គឹមហាក់ ដែលជាស្ថាបនិកបក្សមួយរូប បានបញ្ជាក់ថា ការបង្កើតបក្សថ្មីនេះ ដោយសារតែខ្លួន និងសមាជិកផ្សេងទៀត ចង់បន្តអាជីពនយោបាយ និងដោះស្រាយបញ្ហាសង្គម ស្របពេលអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
លោក កង គឹមហាក់ បានបញ្ជាក់ថា គោលបំណងដែលបង្កើតបក្សខ្មែរស្រលាញ់ជាតិនេះ ក្នុងគោលដៅស្មារតីសង្គ្រោះជាតិ បង្កើតវប្បធម៌នយោបាយថ្មី បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ផ្សះផ្សារជាតិ និងតស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លោក គឹមហាក់ ក៏មិនច្បាស់ថា គណបក្សថ្មីរបស់ខ្លួននេះ នឹងអាចដើរតួជំនួសអតីតគណបក្សសង្គ្រោះជាតិ បានប៉ុណ្ណានោះទេ។ ប៉ុន្តែសម្រាប់លោក ការចូលរួមដោះស្រាយបញ្ហាជាតិ គឺជារឿងសំខាន់។
ជាបន្តសូមលោក អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក កង គឹមហាក់ ស្ថាបនិកគណបក្សខ្មែរស្រលាញ់ជាតិ ដូចតទៅ៖
ស្ថាបនិកដែលបង្កើតគណបក្សខ្មែរស្រលាញ់ជាតិនេះឡើង មានមន្ត្រីសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយវិញនោះ រួមមានលោក ជីវ កត្តា និងលោក កង គឹមហាក់ ជាដើម។ នៅពេលសួរថា តើលោក មានគិតថា ការសម្រេចចិត្តសុំធ្វើនយោបាយវិញ ហើយបង្កើតបក្សថ្មី ដែលផ្ទុយពីការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជាអំពើក្បត់បក្សដែរទេ? សម្រាប់លោក កង គឹមហាក់ មិនយល់ឃើញបែបនេះឡើយ ។
«ក្បត់មិនក្បត់ វាជាការយល់ឃើញរបស់បុគ្គលម្នាក់ៗទេ។ តែសំខាន់សកម្មភាព និងទង្វើររបស់យើងធ្វើនយោបាយ ដើម្បីឆ្ពោះទៅរកការផ្លាស់ប្ដូរ និងដើម្បីឆ្ពោះទៅរកការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ»។ នេះជាការបញ្ជាក់របស់លោក កង គឹមហាក់ ស្ថាបនិកគណបក្សខ្មែរស្រលាញ់ជាតិ៕
Tag:
កង គឹមហាក់
CNRP
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com