ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! អ្នកធ្វើការ​យប់ កុំ​រំលង​អាហារ​ទាំងនេះ​
07, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុងការ​រក្សាសុខ​ភាព​រា​ង​កាយ​រឹងមាំ​ល្អប្រសើរ ពិសេស​សម្រាប់​អ្នកធ្វើការ​ម៉ោង​យប់​។ ថា​តើ​អ្នកធ្វើការ​ម៉ោង​យប់​គួរ​រួមបញ្ចូល​អ្វីខ្លះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នកធ្វើការ​ពេលយប់​មិនគួរ​មើលរំលង ៖
 
១. បន្លែ​ផ្លែឈើ​

​តាមពិតទៅ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​កាន់តែច្រើន​មិនមែន​ល្អ​តែ​សម្រាប់​អ្នកធ្វើការ​យប់​ឡើយ គឺ​ចំពោះ​គ្រប់គ្នា​តែម្ដង​។ នោះ​ក៏​ព្រោះតែ​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​។ លើសពីនេះទៅទៀត​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប​និង​គ្មាន​ផ្ទុក​កាឡូរី​ដែល​មិនល្អ​ចំពោះ​សុខភាព​។​
 
២. ត្រី​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ត្រី ពិសេស​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​។ ការទទួល​ទាន​ត្រី​ក៏​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល​និង​បេះដូង​ផងដែរ​។​
 
៣. មាន់​

​ការរួមបញ្ចូល​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ក្នុង​របប​អាហារ​ជួយផ្ដល់​ថាមពល​បន្ថែម​ដល់​អ្នក​បាន​ពេញ​មួយថ្ងៃ​ដល់​យប់​តែម្ដង​។ ហើយ​សាច់មាន់​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​។​
 
៤. បឺ​រ​សណ្ដែកដី​

​ការធ្វើការ​ពេញ​មួយ​យប់​ប្រាកដជា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​និង​ឃ្លាន​ជាមិនខាន​។ ហើយ​ប្រសិនបើ​មិន​ប្រយ័ត្ន​ចំពោះ​ចំណី​ដែល​អ្នក​ទទួលទាន​ទេនោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ឡើង​ទម្ងន់​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​នៅពេល​ឃ្លាន​ចូល​ទទួលទាន​បឺ​រ​សណ្ដែកដី​មួយ​ស្លាបព្រា​។ វិធី​នេះ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​ដោយសារ​បឺ​រ​សណ្ដែកដី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន និង​ខ្លាញ់​សុខភាព​ល្អ​។​
 
៥. យ៉ា​អួរ​

​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ប្រសើរ​សម្រាប់​អ្នក​គេង​សម្រាក​ថ្ងៃ ប៉ុន្តែ​ធ្វើការ​ពេលយប់ គឺ​យ៉ា​អួរ​។ អាហារសម្រន់​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ក៏ដូចជា​សុខភាព​រាងកាយ​ទាំងមូល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com