កីឡាអន្តរជាតិ
អន្តរជាតិ
​រូបសំណាក Ibrahimovic នៅមុខ​កីឡដ្ឋាន Malmo ត្រូវ​រំលំ​ចោល​ដោយ​ប្រជាជន​ស៊ុយ​អែ​ត​
06, Jan 2020 , 10:30 am        
រូបភាព
​បន្ទាប់ពី​ត្រូវបាន​គេ​លួច​កាត់​ច្រមុះ ពេលនេះ​រូបសំណាក​របស់​កីឡាករ Zlatan Ibrahimovic ដែល​សង់​នៅក្រៅ​កីឡដ្ឋាន Malmo ត្រូវ​រំលំ​ចោល​ចេញពី​ជើង​ទម្រ​តែម្តង នៅ​យប់​ថ្ងៃទី​៥ ខែមករា​នេះ​។​


 
​នេះ​មិនមែនជា​សកម្មភាព​បំផ្លាញ​រូបសំណាក​របស់ Ibrahimovic លើក​ទី​១​ឡើយ​។ មូលហេតុ បាន​កើតឡើង​បន្តបន្ទាប់ ក្រោយ​មាន​ដំណឹង​ថា​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ​បានដាក់​ទុនវិនិយោគ​ជា​មួយ​ក្លិប Hammarby​។ Hammarby ជា​ក្រុម​គូប្រជែង​របស់ Malmo ដែលមាន​មូលដ្ឋាន​ក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​របស់​ស៊ុយអែត​ដូចគ្នា​។​
 
Ibrahimovic វ័យ​៣៨​ឆ្នាំ ដែល​សព្វថ្ងៃ​បាន​ផ្លាស់​ទៅ​រួម​ក្រុម​ចាស់ AC Milan នៃ​ក្របខណ្ឌ​កំពូល​អ៊ីតាលី បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ជាមួយ​ក្រុម Malmo កាលពី​២០​ឆ្នាំមុន​។ ការ​បំ​ផ្លា​ច​រូបសំណាក​នេះ ត្រូវបាន​គេ​ជឿជាក់ថា​ជា​ទង្វើ​របស់​ប្រជាជន​ស៊ុយអែត ដែលជា​ក្រុម​អ្នកគាំទ្រ Malmo ដ្បិត​ពួក​គ​មិន​ពេញចិត្ត​ចំពោះ​អ្វីដែល Ibrahimovic ធ្វើជា​មួយក្រុម​គូប្រជែង Hammarby​។​
 
​រូបសំណាក​របស់ Ibrahimovic ត្រូវបាន​គេ​រកឃើញថា​បានរ​លំនៅ​ម៉ោង ៣ និង ៣០ នាទី​ភ្លឺ​ព្រឹក​ថ្ងៃទី​៦ ខែមករា ដោយមាន​ប្រឡាក់​ថ្នាំ​បាញ់​ដែល​សរសេរ​ជា​ភាសា​ស៊ុយអែត​ផង​។ មិនតែប៉ុណ្ណោះ លើ​មុខ​រូបសំណាក់​ក៏ត្រូវ​បាន​គេ​យក​អាវ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​គ្រប​ផងដែរ​។​
 
​អ្នកនាំពាក្យ​របស់​ក្លិប Malmo បាន​ប្រាប់ BBC Sport ថា​រូបចម្លាក់​នេះ​ត្រូវបាន​យកទៅ​ជួសជុល​ឡើងវិញ​ក្រោយ​ការខូចខាត រួចហើយ​នឹង​យកទៅ​តម្លើង​កន្លែង​ដើម​វិញ​។​
​អភិបាលរងក្រុង Malmo លោក Frida Trollmyr បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​លោក​យល់ច្បាស់​ថា​មនុស្ស​ជាច្រើន​មានការ​អាក់អន់ចិត្ត​ចំពោះ​អ្វីដែល Ibrahimovic បានធ្វើ ប៉ុន្តែ​ការបំផ្លាញ​របស់​សារ​ធា​រណ​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។​
 
Ibrahimovic អតីត​សមាជិក​ក្រុម Ajax, Juventus, Inter Milan, Barcelona, និង Paris St-Germain បាន​ចាក​ចេញពី​ក្រុម LA Galaxy នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) ក្រោយ​បង្ហាញខ្លួន​៥៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៥២​គ្រាប់ ដើម្បី​ទៅ​រួម​ក្រុម AC Milan វិញ​នៅ​ខែមករា​នេះ​៕ 
 

Tag:
 Zlatan Ibrahimovic
  Malmo
© រក្សាសិទ្ធិដោយ thmeythmey.com