ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រទានថវិកា២ម៉ឺនដុល្លារ ដល់ជនរងគ្រោះ ដោយសារការបាក់អគារនៅកែប រូបពីហ្វេសប៊ុក Royal Du Cambodge ៖ ព្រះកុរណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅក្នុងព្រះរាជពិធីបូជាព្រះសពសម្ដេចព្រះរៀម បុប្ដាទេវី កន្លងមក (រូបតំណាង)
× ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជប្រទានថវិកា២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដោះស្រាយទុក្ខលំបាកជនរងគ្រោះ ដោយសារការបាក់រលំអគារនៅខេត្តកែប។ សម្ដេចចៅហ្វាវាំង គង់ សំអុល បានយកថវិកាពីព្រះមហាក្សត្រ ទៅប្រគល់ឱ្យរដ្ឋាភិបាល។
ថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់ប្រតិបត្តិការជួយជនរងគ្រោះ ដោយសារករណីបាក់អគារនៅខេត្តកែប កាលពីថ្ងៃទី៥ មករា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដូច្នេះថា៖«សូមគោរពថ្លែងនូវអំណរព្រះគុណយ៉ាងខ្ពង់ខ្ពស់បំផុតដល់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្រ ហើយព្រះអង្គក៏បានចូលរួមជាព្រះរាជអំណោយថវិកា ក្នុងការជួយដល់បងប្អូនជនរងគ្រោះនៅក្នុងឧប្បទ្ទវហេតុដ៏រន្ឋត់នេះផងដែរ»។
ចំពោះការជួយទៅលើជនរងគ្រោះនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន ដោយផ្ដល់ឱ្យអ្នករងរបួស នូវទឹកប្រាក់១ម៉ឺនដុល្លារក្នុងម្នាក់ សម្រាប់យកទៅដោះស្រាយបញ្ហាសុខភាព។
ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះជនរងគ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺពួកគេម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ ចំណែកគ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។ នេះជាការប្រកាសរបស់ប្រមុខរដ្ឋាភិបាល។
គួរបញ្ជាក់ថា ហេតុការណ៍បាក់អគារ នៅក្បែរវត្តសុមាធិ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៣ មករានេះ បានបណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ ក្នុងនោះមានស្រី១៤នាក់ (ក្មេងស្រី២នាក់) និងរងរបួស២៣នាក់៕
Tag:
សម្ដេចម៉ែ
ព្រះមហាក្សត្រ
អគាររលំ
© រក្សាសិទ្ធិដោយ thmeythmey.com