បាក់អគារនៅកែប៖ នាយករដ្ឋមន្រ្តី ប្រកាសថា អ្នកមានកំហុស បានស្លាប់
ជាតិ
សង្គមជាតិ
បាក់អគារនៅកែប៖ នាយករដ្ឋមន្រ្តី ប្រកាសថា អ្នកមានកំហុស បានស្លាប់
06, Jan 2020 , 12:40 pm        
រូបភាព
ដោយ: ថ្មីៗ
ករណីបាក់អគារកម្ពស់៦ជាន់នៅក្រុងកែប ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា «មេការ ជាអ្នកមានកំហុស» ប៉ុន្តែ មេការនោះ រួមទាំងកូនរបស់គាត់ «ក៏បានស្លាប់ជាមួយអ្នកផ្សេងទៀតដែរ» ដោយសារការបាក់រលំអគារនេះ។ គេ មិនទាន់ឮប្រមុខរដ្ឋាភិបាល ប្រកាសថា មានអ្នកផ្សេង មានកំហុស ឬក៏ត្រូវទទួលខុសត្រូវ ក្នុងរឿងនេះទេ ក្រៅតែពីមេការនោះ។



អត្ថបទទាក់ទង
 
ក្នុងសន្និសីទកាសែត នៅម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្តីពីការបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងគំនរអគារ សម្តេចនាយករដ្ឋមន្ត្រី ដែលប្រចាំការនៅទីនោះពីដើមរហូតដល់ចប់ បានអះអាងថា ការសាងសង់អគារនេះ មានកំហុស២យ៉ាង គឺទី១ កំហុសផ្នែកគូរប្លង់ និងទី២ កំហុសផ្នែកចាក់ប្លង់សេ។

សម្តេច ពន្យល់ថា ការគូរប្លង់ គឺតម្រូវឲ្យដាក់ដែកចំនួនប៉ុននេះឬប៉ុណ្ណោះ ដើម្បីឲ្យត្រឹមត្រូវនិងគ្រប់គ្រាន់ តែពេលសាងសង់ជាក់ស្តែង មេការ បានដាក់ដែកខុស ដោយដែកទាំងនោះតូចជាងកម្រិតបច្ចេកទេស ដែលគេផ្តល់ឲ្យ ហើយបញ្ហាចាក់ប្លង់សេ គឺគេត្រូវការរយៈពេលពី២៧ទៅ២៨ថ្ងៃ ទើបអាចដកក្តារពុម្ពចេញបាន តែការចាក់ប្លង់សេនៃអគារនេះ មិនដល់១០ថ្ងៃផង មេការ ក៏ដកក្តារពុម្ភចេញ ដើម្បីទៅចាក់ជាន់ខាងលើទៀត។

សម្តេចនាយករដ្ឋមន្រ្តី បកស្រាយបែបនេះថា៖«មេការរូបនេះ គាត់បានទទួលមរណភាពទាំងកូនទៅទៀត អ៊ីចឹង មិនអាចចាប់គាត់ឲ្យមកសងគេទេ ក្រៅតែពីផ្តល់ថវិកាបន្ថែមដល់គ្រួសារ ព្រោះនេះជាសោកនាដកម្ម ដែលបានកើតឡើង ជាកំហុសរបស់មេការ...។

សំឡេង




យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ម្ចាស់អគារ ត្រូវបានចាប់ខ្លួន ហើយត្រៀមនឹងបញ្ជូនទៅតុលាការ។ សម្តេច និយាយថា ចំពោះការប្តឹងទារសំណងរដ្ឋប្បវេណី គឺត្រូវធ្វើទៅតាមច្បាប់។

លោក ឯក សារុន និងភរិយា ដែលត្រូវគេអះអាងថាជាម្ចាស់អគារនេះ ត្រូវចាប់ខ្លួន។ ទន្ទឹមនឹងនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យលើសំណង់អគារនេះ។

សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា សូម្បីម្ចាស់អគារ ក៏មិនបានដឹងដែរថា អគារខ្លួន ត្រូវបានសង់ខុសបច្ចេកទេស ដោយបានចូលទៅស្នាក់នៅ ក្នុងអគារជាមួយមេការនិងកម្មករសំណង់។ សម្តេច បន្តថា ម្ចាស់អគារ  បានចេញផុត មុននឹងអគារបាក់រលំ បើពុំដូច្នេះ ម្ចាស់អគារ ក៏នឹងត្រូវបាត់បង់ជីវិតដែរ។

សំឡេង




សម្តេច បរិយាយដូច្នេះថា៖«រាប់ទាំងម្ចាស់ផ្ទះ ដែលគាត់ជាម្ចាស់សំណង់ គាត់បែរជាចាញ់បោកមេការសំណង់ គាត់មកស្នាក់នៅក្នុងសំណង់ហ្នឹងតែម្តង។ ប៉ុន្តែគាត់ មិនអាចដឹងបានថា សំណង់នេះ ត្រូវបានគេផ្លាស់ប្តូរដែកពីប្រភេទដែកនេះ ទៅប្រភេទដែកនោះ ពីប្រភេទទំហំប៉ុននេះ ទៅកាន់ទំហំនោះទេ នេះជារឿងគួរឲ្យសោកស្តាយ»។

ដោយយល់ថា អភិបាល អភិបាលរង និងមន្រ្តីផ្សេងទៀតក្នុងខេត្តកែប មិនពាក់ព័ន្ធនឹងកំហុសក្នុងការសាងសង់អគារនេះ សម្តេចនាយករដ្ឋមន្រ្តី សម្រេចមិនដកដំណែងពួកគាត់ឡើយ។ ផ្ទុយទៅវិញ សម្តេច បែរជាព្រមានថា នឹងពិនិត្យហើយចាត់ការលើលើមន្រ្តីទាំងឡាយណា ដែលផ្ញើសារទៅសម្តេច ជំរុញឲ្យសម្តេចដកអភិបាលខេត្តកែប។ សម្តេច ខឹងមន្រ្តីទាំងនោះ នៅត្រង់ថា ពេលអគារបាក់រលំ គឺការជួយជីវិតមនុស្ស ជារឿងសំខាន់បំផុត តែពួកគេ បែរជាគិតពីរឿងដកអ្នកនេះឬអ្នកនោះ ហើយលើកឡើងពីរឿងអំពើពុករលួយទៅវិញ។

សូមបញ្ជាក់ថា អគារនេះ ដំណើរការសាងសង់បាន៩០ភាគរយទៅហើយ ហើយក៏បាក់រលំ នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ជនរងគ្រោះសរុប មាន៥៩នាក់ ដោយក្នុងនោះ នៅមានជីវិត២៣នាក់ (ស្រី៨នាក់) និងស្លាប់៣៦នាក់ (ស្រី១៤នាក់)។ ក្នុងចំណោមអ្នកស្លាប់ មានក្មេង៦នាក់ (ក្មេងស្រី២នាក់)។ ជនរងគ្រោះទាំងនោះ ភាគច្រើនជាកម្មករសំណង់៕

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com