អន្តរជាតិ
ជប៉ុន​៖ ឈានចូល​វ័យ​១១៧​ឆ្នាំ លោកយាយ តាន់​ណា​កា បន្ត​តំណែង​ជា​បុគ្គល​ចាស់​ជាងគេ​លើ​លោក​
06, Jan 2020 , 2:57 pm        
រូបភាព
លោកស្រី ខេណេ តាន់ណាកា (Kane Tanaka) ពេលទទួលពានរង្វាន់ឯតទគ្គកម្មពិភពលោក នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩, រូបភាព៖ Reuters
លោកស្រី ខេណេ តាន់ណាកា (Kane Tanaka) ពេលទទួលពានរង្វាន់ឯតទគ្គកម្មពិភពលោក នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩, រូបភាព៖ Reuters
​ថ្ងៃទី​២ ខែមករា គឺ​ត្រូវជា​ខួប​អាយុ​១១៧​ឆ្នាំ​របស់​លោកយាយ ខា​ណេ តាន់​ណា​កា (Kane Tanaka)​។ ក្នុងឱកាស​នេះ លោកយាយ ខា​ណេ តាន់​ណា​កា នៅតែ​បន្ត​ជា​បុគ្គល​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។


 
​តាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​TVQ Kyushu Broadcasting Co លោកយាយ ខា​ណេ តាន់​ណា​កា​បាន​ប្រារព្ធ​ខួប​១១៧​ឆ្នាំ នៅ​ថ្ងៃទី​៥ ខែមករា នា​មជ្ឈមណ្ឌល​ថែរក្សា​ជន​ចាស់ជរា​មួយកន្លែង នាទី​ក្រុង Fukuoka ភាគខាងត្បូង​ជប៉ុន​។ ជាមួយ​វ័យ​វ័យ​១១៧​ឆ្នាំនេះ លោកស្រី តាន់​ណា​កា នៅតែ​បន្ត​ឯតទគ្គ​កម្ម​ពិភពលោក​ក្នុងនាម​ជា​បុគ្គល​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​។ 
 
​អម​ជាមួយ​វត្តមាន​បុគ្គលិក និង​មិត្តភក្តិ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ជន​ចាស់ជរា លោកយាយ តាន់​ណា​កា បាន​ប្រារព្ធ​ពិធី​ខួបកំណើត​យ៉ាង​សប្បាយរីករាយ​។ ជាមួយ​ស្នាមញញឹម ស្ត្រី​វ័យ​១១៧​ឆ្នាំ​រូបនេះ បាន​ពិសា​នំ​ខេ​កមួយ​ចំណិត​តូច ហើយ​និយាយ​ពាក្យ​មួយ​ឃ្លា​ថា​៖ «​ខ្ញុំ​ចង់បាន​បន្ថែមទៀត​»​។ 
 
​លោកយាយ​ជនជាតិ​ជប៉ុន​រូបនេះ​តាន់ បានទទួល​ពានរង្វាន់​ឯតទគ្គ​កម្ម​ពិភពលោក​(Guinness World Records) នៃ​បុគ្គល​ដែលមាន​វ័យ​ចំណាស់​ជាងគេ នា​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ មក​ម្លេះ​។ ពេលនោះ​លោកស្រី​មាន​អាយុ ១១៦​ឆ្នាំ និង ៦៦​ថ្ងៃ​។ បើតាម Guinness លោកយាយ​តាន់​ណា​កា បានកើត​នៅក្នុង​ឆ្នាំ ១៩០៣ ពោលគឺ​តាំង​ពីមុខ​សង្គ្រាមលោក​លើកទីមួយ​ម​ក​ម្លេះ​។ តាំងពី​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ឆ្នាំ​១៩២២ រហូតមកទល់​ពេលនេះ លោកស្រី​មានកូន​ចំនួន​៤​នាក់ និង​កូនចិញ្ចឹម​មួយ​នាក់​។ 
 
​សូមបញ្ជាក់ថា ជប៉ុន គឺជា​ប្រទេសមួយ ដែល​បាន​ជាប់​ក្នុង​ប​ញ្ចី ដែលមាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន ខណៈពេល​អត្រាកំណើត​មាន​ចំនួន​តិច​។ បញ្ហា​នេះ នឹង​បង្ក​ឲ្យ​ជប៉ុន​ខ្វះ​កម្លាំង​ពលកម្ម និង​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ដើរ​យឺត​។ ជាក់ស្តែង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សង្គមកិច្ច​ជប៉ុន អត្រា​ធ្លាក់ចុះ​នៃ​កំណើត​ទារក គឺមាន​រហូតដល់​៥,៩​ភាគរយ​ឯណោះ​ក្នុង​ឆ្នាំ​២០១៩​។ ពោលគឺ​មាន​ទារក​តិចជាង ៩០​ម៉ឺន​នាក់​តែប៉ុណ្ណោះ បានចាប់កំណើត​៕

Tag:
 ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com